ព្រៃវែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង បាន​ស្នើ​ដល់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​អោយ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ និង​គូកន ទាក់ទង​បទល្មើស​ឃុបឃិត​ជាមួយ​ឈ្មួញរ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​ចំនួន​ទៀត ដឹក​ចេញពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង ក៏​ដូច​អាជីវករ​ឬ​អ្នក​រកស៊ី​ដឹក​ទំនិញ បាន​អះអាង​ដូច​គ្នា​ថា លោក ផែន ភឿន កំពុង​ត្រូវប៉ាន់ ជាមួយ​ការ​ប្រមូល​លុយ​ដាក់​ខែ ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ ដោយ​ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់លុយ​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ៗ ជា​ថ្នូរ​បើកភ្លើង​ខៀវ មិន​ឲ្យ​មន្ត្រី​គយ​ខ្លួន​ត្រូវ​ពិនិត្យ និង​មិន​ផាកពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ជាដើម ។

ប្រភព​ឲ្យ​ដឹង​ថា សូ​ម្បី​អាជីវករ​លក់​ម៉ូតូ​អត់​ពន្ធ នៅ​តាម​ទីតាំង​មួយ​ចំនួន​នៅ​ទីប្រជុំជន​ផ្សារ​អ្នក​លឿង ស្រុក​ពាម​រ៍ ក៏​តម្រូវ​ឲ្យ​ពួក​គេ​បង់លុយ​ដាក់​ខែ ជូន​មន្ត្រី​គយ​ចល័ត ដឹកនាំ​ដោយ​លោក ផែន ភឿន នេះ​ដែរ​ដោយ​ក្នុង​១​ខែ​ៗ ត្រូវ​បង់លុយ​ចាប់ពី​៤០០​ដុល្លារ ទៅ​៦០០​ដុល្លារ សម្រាប់​ហាង ឬ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​១​កន្លែង ។

ចំណែកឯ អាជីវករ​នៅ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា សម្រាប់​រ៉ឺ​ម៉ក​ដឹក​ទំនិញ​សំពីងសំពោង ចេញពី​ប្រទេស​វៀតណាម ឆ្លងកាត់​ទីស្នាក់ការ​គយ​ច​ល័យ​ផ្លូវជាតិ​លេខ​១ ក៏​ត្រូវ​ក្រុម​លោក ផែន ភឿន តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​មន្ត្រី​ខ្លួន​ចំនួន​១៥០,០០០​រៀល ក្នុង​រ៉ឺ​ម៉ក​១​គ្រឿង​ជា​ដាច់ខាត ។ រីឯ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ​វិញ គឺ​ត្រូវ​លោក​គយ តម្រូវ​ឲ្យ​បង់លុយ​ជូន​ចាប់ពី​៣​ទៅ​៥​ម៉ឺន​រៀល ក្នុង​ការ​ដឹក​១​ជើង​ៗ និង​សម្រាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​បន្លែ​ផ្លែ​ឈើ​វិញ គឺ​ត្រូវ​បង់​ចាប់ពី​៨​ទៅ​១៥​ម៉ឺន​រៀល ក្នុង​រថយន្ត​១​គ្រឿង ។

ប្រភព​ដដែល ឲ្យ​ដឹង​ទៀត​ថា សម្រាប់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ជា​ប្រភេទ​រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​ធំ​ៗ ចេញពី​ប្រទេស​វៀតណាម ឆ្លងកាត់​ទីស្នាក់ការ​គយ​ចល័ត​តាម​ផ្លូវជាតិ​លេខ​១​វិញ គឺ​ត្រូវ​បង់លុយ​ចាប់ពី ១៥០០​ដុល្លារ​អា​មេ​រិ​ក ទៅ​៣០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ខែ សម្រាប់​រថយន្ត​ធំ​១​គ្រឿង ។ ក្នុង​នោះ​ក៏​មាន​ឈ្មួញ​ខ្លះ​បាន​បង់លុយ​គិត​ជា​ជើង ទៅ​តាម​ការ​ដឹក​ទំនិញ​ច្រើន​ឬ​តិច វា​អាស្រ័យ​លើ​ការ​ស្រុះស្រួល​គ្នា ។

ចំពោះ​ការ​ផាកពិន័យ​វិញ ទីស្នាក់ការ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច ភូមិ​ទួល​ល្ពា​ក់ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ដោយ​មន្ត្រី​គយ​ចល័ត​ទាំងនោះ មិន​បាន​ចេញ​វិក្កយបត្រ​ជូន​ពួក​គាត់​ទេ ។

ទាក់ទិន​បញ្ហា​នេះ ករណី​ក្រុម​ឈ្មួញ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង ដែល​ចោទ​លោក ផែន ភឿន បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ខ្លួន ចុះ​គាប​លុយ​ពី​របរ​រកស៊ី​ដឹក​ទំនិញ​បន្លែ​ផ្លែ​ឈើ រត់ពន្ធ​ម៉ូតូ និង​ទំនិញ​ផ្សេង​ៗ នាំ​ចូល​តាម​ច្រក​ទ្វារ​មួយ​ចំនួន នៅ​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង នោះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ទាក់ទង លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ នេះ​បាន​នៅឡើយ​ទេ ៕

Comments

comments