សិល្បការ​នី​ឌី​ជេ អា​លី​យ៉ា បាន​ទទួលមរណភាព នេះ​ពិតជា​ដំណឹង​ដ៏​សោកស្តាយ​មួយ ដែល​អា​លី​យ៉ា មាន​កម្រិត​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ និង​ល្បីល្បាញ បាន​លាចាក​លោក​ទៅ​ដោយ​គ្មាន​សាច់ញាតិ មាន​តែ​តុក្កតា​មួយ នៅ​ក្បែរ​ខ្លួន​នាង ។

នាង​គ្មាន​សាច់ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា ។ សព អា​លី​យ៉ា តម្កល់​នៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ប្រវត្តិ​សង្ខេប ដ៏​គួរ​អោយ​អាណិតអាសូរ​របស់​អា​លី​យ៉ា ដែល​លោក​អ្នក​ពុំ​បានដឹង ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​គ្មាន​សាច់ញាតិ​មក​ថែរក្សា មើលថែ រហូត​ដល់​គ្មាន​មក​បុណ្យសព ក៏​ព្រោះ​នាង​ជា​ក្មេង​កំព្រា តាំងពី​កំណើត ត្រូវ​ឳ​ពុកម្តាយ​បោះបង់​ចោល នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​ត្រូវ​ម្តាយធម៌​ចាស់ជរា​យក​ទៅ​ច​ញ្ចឹ​ម​ឈ្មោះ គង់ ឡាំង​សាធ អ្វី​ដែល​អនិច្ចារ​បំផុត​ជាង​នេះ គឺ​នាង​ត្រូវ​មក​ស្លាប់ នៅ​កន្លែង​ដែល​នាង​ធ្លាប់​កើត ដែល​ត្រូវ​ឱ​ពុក​ម្តាយ​បោះបង់ ហើយ​ជាទី​កន្លែង​ដែល​ស្លាប់​គ្មាន​សាច់ញាតិ​ដូច​គ្នា មាន​តែ​តុក្កតា​មួយ នៅ​កំដរ​នាង​រហូត​ដល់​ថ្ងៃ​ស្លាប់ ។

មុន​ពេល​ធ្លាក់ខ្លួន​ឈឺ របស់​តារា​សម្តែង និង​ពិធី​ការិនី អា​រី​យ៉ា នេះ នាង​ធ្លាប់​បាន​សាង​ស្នាដៃ​ជា​ច្រើន​ក្នុង​សង្គម​សិល្បៈ បូក​រួម​ទាំង​ការងារ​សប្បុរសធម៌​ជា​ហូរហែរ ។

អំឡុង​ខែមិថុនា ឆ្នាំ​២០១២ អា​លី​យ៉ា បាន​ធ្វើ​ផ្តើមគំនិត​ក្នុង​ការ​ប្រមូល​ថវិកា​មួយ​ចំនួន​ពី​មិត្ត​រួម​អាជីព និង​ក្រៅ​រង្វង់​សិល្បៈ ដើម្បី​ជូន​ដល់​វី​រៈ​សិល្បករ​ចាប៉ី ដ៏​ល្បីល្បាញ​លោកតា​ភិ​រម្យ ប្រាជ្ញ ឈួ​ន ។ នាង​ក៏​បាន​ដឹកនាំ​អ្នកសិល្បៈ និង​ក្រុមការងារ​មួយ​ចំនួន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ វី​រៈ​សិល្បករ​ខាងលើ​ដោយ​ផ្ទាល់​ដល់​ស្រុក​កំណើត នៅ​ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង​ខេត្តតាកែវ ។

អ្វី​ដែល​គេ​កាន់តែ​ដោត​សរសើ​អំពី​ទឹកចិត្ត​នាង គឺ​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០១២ នាង​ក៏​បាន​ផ្តួចផ្តើម​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ដ៏​ធំ​មួយ នៅ​សាល​មហោស្រព​ចតុមុខ មានឈ្មោះ​ថា​«​តន្ត្រី​មនុស្សធម៌​រៃ​អង្គាសប្រាក់​ជួយ​កុមារ​កំព្រា​» ។

គេ​ក៏​ចាប់អារម្មណ៍​ទៅ​លើ​សកម្មភាព​នៃ​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​តារា​ស្រី​រូប​នេះ ជាមួយ​សិល្បករ​ដទៃ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា​ផង​ដែរ ។

មុន​ពេល​បាត់​មុខ​ពី​ការងារ​សិល្បៈ​ផង​ដែរ កាលពី​អំឡុង​ចុងខែ​កញ្ញា ឆ្នាំ​២០១៦ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ដើម្បី​រក​ថវិការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ។ នៅ​មាន​សកម្មភាព​សង្គម​ជា​ច្រើន​ទៀត ដែល​តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ចូលរួម​ចំណែក​ជាមួយ​សិល្បករ​ដទៃ​ជួយ​ដល់​សង្គម ។

ជីវិត​នាង​ចាប់ផ្តើម​ប្រែប្រួល​ក្រោយ​ពី​នាងរង​អំពើ​ហិង្សា ដោយ​ការ​វាយ​ធ្វើបាប​ពី​បុរស​ម្នាក់ អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ហើយ​រហូត​មក​ដល់​ពេល​នេះ នាង​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ។

ក្រៅពី​រង​សម្ពាធ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ នាង​ក៏​ត្រូវ​បាន​គេ​រំលោភ​យក​ហាង​លក់ដូរ​សម្លៀក​បំពាក់​មួយ បូក​រួម​ទាំង​សម្ភារៈ​ក្នុង​ហាង​ជា​ច្រើន រហូត​ធ្វើ​ឲ្យ​នាង​កាន់តែ​បាត់បង់​អស់​ទីពឹង​មួយ​ផ្នែក​ធំ ។

នាង​ក៏​នៅ​តែ​បន្ត​ប្រឹងប្រែង​បន្តសកម្មភាព​សិល្បៈ និង​ធ្វើខ្លួន​ជា​មនុស្ស​រឹង​មាំ​ម្នាក់ ដោយ​មិន​ចុះចាញ់​នឹង​វិបត្តិ​ផ្លូវចិត្ត និង​ការ​មាក់ងាយ​ជា​ច្រើន ។ ប៉ុន្តែ​ការ​ប្រឹងប្រែង​របស់​នាង​កន្លង​មក​ហាក់​មិន​អាច​ទប់ទល់​នឹង​រឿងរ៉ាវ​ជា​ច្រើន​បន្តបន្ទាប់ ។ ការ​ខ្វះខាត់​មុខក្រោយ និង​ជំងឺផ្លូវចិត្ត បាន​រុញច្រាន​ឲ្យ​ជីវិត​នាង​កាន់តែ​ដុនដាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ធ្លាក់ខ្លួន​ឈឺ​ស្វិតដៃជើង និង​ជំងឺ​រលាក​ទងសួត​កាន់តែ​ខ្លាំង រហូត​នាង​សុខចិត្ត​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ យ៉ាង​ស្ងប់ស្ងាត់ មិន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ រហូត​ដល់ នៅ​វេលា​ម៉ោង​៥​និង​២២​នាទី ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នាង​បាន​លាចាក​លោក ទៅ​ដោយ​គ្មាន​សាច់ញាតិ មាន​តែ​តុក្កតា​មួយ នៅ​ក្បែរ​ខ្លួន​នាង​តែ​ប៉ុណ្ណោះ ៕

Comments

comments