ខេត្តកណ្តាល ៖ ព្រោះតែ​ជីវភាព​គ្រួសារ​គាត់​ទីទ័ល​ក្រ​ខ្លាំង​ពេក ទើប​ស្ត្រី​ពិការ​អង្គុយ​លើ​រទេះរុញ​ម្នាក់ បាន​ដើរ​ទិញ​ប្រភេទ​ឈើ​ជជុះ ដើម្បី​យក​មក​បោះ​ឱ្យ​ម៉ូយ​តាម​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល គ្រាន់​បាន​ប្រាក់​ចំណូល​ខ្លះ ចិញ្ចឹមជីវិត និង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ស្រាប់តែ​រថយន្ត​ដែល​គាត់​ជួល​ដឹកឈើ​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្តកណ្តាល ស្ទាក់​ឃាត់​ចាប់​ផាកពិន័យ​រហូត​ដល់​៤៧​លាន​រៀល (​ប្រមាណ​ជិត​១​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ពិការ គ្មាន​លទ្ធភាព​បង់ប្រាក់​ពិន័យ មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មេត្តា​ត្រា​ប្រណី​ដល់​រូប​គាត់​ផង ។

ស្ត្រី​ពិការ​ខាងលើ មានឈ្មោះ​វង់ ធា​រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ស្ត្រី​ខាងលើ បាន​រៀបរាប់​ថា ជីវភាព​គាត់​ទ័លក្រ​ណាស់ ចំណែក​គាត់​ពិការ​ជើង​ដើរ​មិន​រួច អង្គុយតែ​លើ​រទេះរុញ និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង គ្មាន​ប្រាក់​ព្យាបាល​ខ្លួន និង​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​៤​នាក់ ព្រមទាំង​ចៅជិត​១០​នាក់​ផង​។

ស្ត្រី​ពិការ បន្ត​ថា ក្រោយមក គាត់​ក៏​បែកគំនិត​រកស៊ី ដោយ​ដើរ​ទិញ​ប្រភេទ​ឈើ​ជជុះ​មក​បោះ​ឱ្យ​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល គ្រាន់​បាន​ចំណេញ​តិចតួច សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ស្ត្រី​ពិការ បន្ត​ទៀត​ថា ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ ស្រាប់តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ខេត្តកណ្តាល ចាប់​រថយន្ត​ជួល​ដឹកឈើ​របស់​គាត់ និង​តម្រូវ​ឱ្យ​បង់​ផាកពិន័យ រហូត​ដល់​៤៧​លាន​រៀល ទើប​ប្រគល់​រថយន្ត​ជូន​វិញ ។ យ៉ាងណា​គាត់​ទទូច​ស្នើ​សុំ​ដល់​មន្ត្រី​រដ្ឋបាល​ឈើ មេត្តា​មានការ​យោគយល់​ដល់​គាត់​ផង ព្រោះ​គាត់​គ្មាន​ប្រាក់​ឯណា​ច្រើន​ម្លឹ​ង​ៗ​នោះ​ទេ ហើយ​បើ​មាន​លុយ​ច្រើន​យ៉ាងនេះ មិន​ទៅ​បង្ខំ​ទៅ​ទិញ​ឈើ​ជជុះ​គ្រាន់​បាន​ចិញ្ចឹម​កូន និង​ចៅជិត ១០​នាក់​ឡើយ ។

ស្ត្រី​ពិការ​រូប​នេះ បាន​រៀបរាប់​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់​ធ្លាក់ខ្លួន​ពិការ​បែប​នេះ គឺ​ដោយសារ​តែ​ប្តី​វាយ​ធ្វើបាប រហូត​បាត់បង់​កូន នៅ​ក្នុង​ផ្ទៃ​ទៀត​ផង នៅ​ពេលធ្វើការ​វះកាត់​របួស​របស់​ខ្លួន រហូត​ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃ​តែ​ម្តង ។ ដោយសារ​តែ​ជីវភាព​ខ្វះខាត​ខ្លាំង គាត់​ក៏ សម្រេចចិត្ត​ទៅ​សុំ​លោក​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជំនាញ​ពាក់ព័ន្ធ​នានា សុំ​ទិញ​ឈើ​ជជុះ និង​ល្អ​ខ្លះ មក​លក់​ឱ្យ​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ក្រែង​បាន​កម្រៃ​ចំណេញ​ច្រើន​បន្តិច យក​ទៅ​ទៅ​វះកាត់​ជើង និង​ក្រែង​សល់​ប្រាក់​ខ្លះ សម្រាប់​ថែកូន​និង​ចៅ ។

ដោយសារ​តែ​លោក​អភិបាលខេត្ត ពិនិត្យ​ឃើញ​សភាព​របស់​គាត់ ទើបបាន​អនុគ្រោះ​ឱ្យ​ទិញ​ដឹក​ចេញពី​ខេត្តពោធិ៍សាត់ ដោយ​មានការ​ឯកភាព​ពី​ជំនាញ់​ពាក់ព័ន្ធ​នានា​ផង​ដែរ ។ ប៉ុន្តែ​ការ​ដឹក នេះ​គាត់​សុំ​ដឹក​តែ​៣​ជើង​នោះ​ទេ ដោយ​១​ជើង​ឈើ​ដាក់​ត្រឹម​១០​ម៉ែត្រគូប​តែ​ប៉ុណ្ណោះ ។ ឈើ​ទាំងនេះ​ជា​ប្រភេទ​ឈើ​ជជុះ ផ្តៀក និង​ឈើ​ល្អ ប្រភេទ​១២​គុណ​នឹង​១៥ ដោយ​គាត់​បាន​ជំពាក់​ម្ចាស់​ដេប៉ូ​គេ ស្ទើរ​ទាំងស្រុង បានឱ្យ​ប្រាក់​ម្ចាស់​ដេប៉ូ​គេ​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ ព្រោះ​គាត់​ធ្លាប់​ស្គាល់ ម្ចាស់​ដេប៉ូ​នោះ ម្យ៉ាងវិញទៀត ដោយសារ​តែ​គេ​អាណិត ឃើញ​ជើង​គាត់​ទន់​រលេ​ករ​ឡាក់ គ្មាន​លុយ​ព្យាបាល​ជំងឺ ទើប​គេ​យល់ព្រម​ឱ្យ​ជំពាក់​សិន ៕

Comments

comments