រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ រិ​ទ្ធី អគ្គនាយក TVFB និង​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ហៅ​អោយ​ចូលខ្លួន​ទៅ​ធ្វើការ​សាកសួរ​ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ជម្លោះ​ជាមួយ គ្នា​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​នោះ ។

ហេតុ​ការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ កក្កដា ២០១៨ នៅ​ចំណុច​ការិយាល័យ TVFB ទីតាំង​ផ្ទះ​លេខ ១០Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ ឡាវ ច័ន្ទ​ណា​រ៉ា ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara​អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​ចូល​ទៅ​ខ​មិន​(Comment)​ ចូល​ជេរ​ប្រមាថ​ក្នុង​អា​ខោ​ន​ផ្ទាល់ខ្លួន​របស់​លោក សុវណ្ណ រិ​ទ្ធី ។ រួច​ហើយ លោក​សុវណ្ណ រិ​ទ្ធី ក៏​បាន​យក​លេខ​ទូរស័ព្ទ ឈ្មោះ​និង​រូប​របស់​បុរស​ម្នាក់​នេះ​ទៅ​បង្ហោះ​លើ​ផេ​ក​ហ្វេ​ក​ប៊ុ​ករប​ស់លោក​វិញ បង្ក​ជា​ជម្លោះ​គ្នា​តាម​រយៈ​ទូរស័ព្ទ​ផង​ដែរ ។

ជម្លោះ​ខាងលើ​នេះ ​លោក សុវណ្ណ រិ​ទ្ធ ក៏បាន​​រៀបចំ​ដាក់​ពាក្យបណ្តឹង ជា​ហេតុ​ធ្វើ​អោយ​បុរស​ម្នាក់​នោះ​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara បាន​ចូល​ទៅ​ដល់​ខាងក្នុង​ក​រិ​យា​ល័យ​របស់​អង្គភាព TVFB ដោយ​មាន​បំណង​ចង់​ជួប​ជាមួយ សុវណ្ណ រិ​ទ្ធ ដើម្បី​ធ្វើការ​ដោះស្រាយ​អំពី​បញ្ហា​របស់​ពួក​គេ​ទាំង​ពីរ​នាក់ ប៉ុន្តែ​ជម្លោះ​កាន់តែ​ខ្លាំង ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ហៅ​ពួក​គេ​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ដើម្បី​ធ្វើការ​សួរនាំ​អោយ​ដឹង​រឿង​តែ​ម្តង ។

នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ពួក​គេ​ទាំង​ពីរ​នាក់ នៅ​តែ​ជជែក​គ្នា​តឹង​សរសៃ​.​ក​យក​ត្រូវ​រាង​ៗ​ខ្លួន អស់​រយៈពេល​ជា​ច្រើន​ម៉ោង នៅ​តែ​មិន​ត្រូវ​គ្នា ពួក​គេ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​គ្នា​ទៅ​វិញ​ ទៅ​មក ដើម្បី​អោយ​ច្បាប់​ជួយ​រក​យុត្តិធម៌​ ដល់​ពួក​គេ​រាង​ៗ​ខ្លួន ផង​ដែរ ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​តែ​មិន​ត្រូវ​គ្នា​នោះ ពេល​ចេញ​មក​វិញ លោក សុវណ្ណ រិ​ទ្ធី ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ ដល់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រួចរាល់​ហើយ​រង់ចាំ​សមត្ថកិច្ច​មាន​ចំណាត់ការ​តាម​នីតិវិធី ។

លោក សុវណ្ណ រិ​ទ្ធី​បញ្ជាក់​ថា លោក​ពុំ​បាន​ប្ដឹង​ទាមទារ​សំណង​អ្វី​នោះ​ទេ គ្រាន់តែ​ចង់អោយ​បុគ្គល​ម្ចាស់​គណនី​ហ្វេ​ស​បុក Chan Nara ធ្វើការ​សុំ​ទោស​ជា​សាធារណៈ បង្ហាញ​ភាព​ស្អាតស្អំ​ដល់​រូប​លោក​ដែល​ជា​អ្នក​សារព័ត៌មាន​មួយ​រូប ត្រូវ​បាន​គេ​ប្រមាថ​ថា ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​បែក​ថ្នាំ នោះ​លោក​និង​ដក​ពាក្យបណ្ដឹង​វិញ​ភ្លាម ។

ទោះជា​យ៉ាងណា អង្រុត​ព័ត៌មាន​នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ភាគី​ម្ខាង​ទៀត​គឺ​លោក​ឡាវ ច័ន្ទ​ណា​រ៉ា នៅឡើយ​ទេ ព្រោះ​ក្រោយ​ចប់​ការ​សាកសួរ​របស់​សមត្ថកិច្ច លោក​ឡាវ ច័ន្ទ​ណា​រ៉ា ដែល​មាន​គណនី​ហ្វេ​ស​បុក Chan Nara មិន​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មានណា​ម្នាក់​ឡើយ គឺ​បាន​ឡើង​រថយន្ត​ហាយឡេនឌ័រ បើក​ចេញ​ទៅ​បាត់​ទៅ ៕

Comments

comments