បាងកក ៖ រយៈពេល​៩​ថ្ងៃ ៥​ម៉ោង ៤១​នាទី​និង ១៥​វិនាទី អភិបាលខេត្ត​ឈាង​រ៉ៃ បាន​ប្រកាស​ថា ក្រុម​សង្គ្រោះ (​ក្រុម​មុជទឹក​) បាន​រក​ឃើញ​អ្នក​បាត់​ខ្លួន​ទាំង ១៣​នាក់​ហើយ នៅ​ទីទួល​មួយ​ក្នុង​រូងភ្នំ ស្ថិត​នៅ​ចម្ងាយ​៤០០​ម៉ែត្រ​ចុង​ក្រោយ ។

លោក ណា​រ៉ុ​ង សាក់​អូ​សា​ថា​ន​កាន អភិបាលខេត្ត​ឈៀង​រ៉ៃ ថ្លែងប្រាប់​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ថៃ អោយ​ដឹង​ថា ក្មេង​ៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ម្នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រក​ឃើញ​ហើយ នៅ​ម៉ោង​២២​និង​៣៣​នាទី​យប់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ពួក​គេ​នៅ​មានជីវិត និង​សុវត្ថិភាព​ទាំងអស់ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ហេវ​ហត់​អស់កម្លាំង​ស្ទើរតែ​បើកភ្នែក​មិន​រួច​ទៅ​ហើយ រង​ចាំ​នាំ​ឡើង​មក​ក្រៅ​ល្អាង​វិញ ។

ទោះបីជា​បែប​នេះ​ក្តី ពេល​នេះ​ក្រុម​សង្គ្រោះ​កំពុង​ជួយ​សង្គ្រោះ​រាង​កាយ​បឋម​សិន ដោយសារ​តែ​ការ​ខ្វះ​ស្បៀងអាហារ​ជា​ច្រើន​ថ្ងៃ មុន​ពេល​ចេញពី​ល្អាង ។ គិត​មក​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ពួក​គេ​មិន​ទាន់​ចាក​ចេញពី​រូងភ្នំ​មក​វិញ​នៅឡើយ​ទេ ព្រោះតែ​ស្ថានភាព​ក្នុង​នោះ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ដោយសារ​ចម្ងាយ​ដ៏​ឆ្ងាយ ហើយ​ចំណុច​ខ្លះ គឺ​ក្រុម​ជំនាញ​សង្គ្រោះ​បាន​អះអាង​ថា ពួក​គេ​ត្រូវ​មុជ​កាត់​ភក់​ថែម​ទៀត​ផង ទើប​អាច​ត្បុល​ទៅ​ដល់​កន្លែង​ដែល​មនុស្ស​ទាំង​១៣​នាក់​បាន ។

នៅ​ឯខាង​ក្រៅ​រូងភ្នំ​ថាំល្ហួងវិញ ក្រុម​សង្គ្រោះ​ថៃ ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​មន្ត្រី​រដ្ឋាភិបាល​ព្រមទាំង​ប្រជាជន​ថៃ​ទាំងអស់ ដែល​ស្ថិត​នៅ​តំបន់​រូងភ្នំ​បាន​ចែកចាយ​ព័ត៌មាន​ដ៏​រីករាយ​នេះ និង​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ជា​វី​ដេ​អូ​ទាំង​យប់​ជ្រៅ ទៅ​ដល់​មហាជន​ទូទៅ​ផង​ដែរ ៕

Comments

comments