ទីក្រុង​គួ​ឡា​ឡាំ​ពួរ ៖ ប្រភព​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ ជុំវិញ​ការ​គ្រប់គ្រង​មូលនិធិ​របស់​រដ្ឋ ប្រាក់​ចំនួន ៧០០លាន​ដុល្លារ​នៃ​មូលនិធិ(1MDB) ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​រសៀល​ថ្ងៃ​អង្គារ ហើយ​បាន​នាំ​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៤ កក្កដា ២០១៨​នេះ ។

មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់ AFP ថា មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ា​ឡេ​ស៊ី បាន​នាំ​ខ្លួន​លោក​ណា​ជីប រ៉ា​ហ្សា​ក់ ទៅ​កាន់​ទីស្នាក់ការកណ្តាល​​គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ា​ឡេ​ស៊ី នៅ​ម៉ោង​៣​និង​១០​នាទី​រសៀល ។ ពួក​គេ​បាន​ជិះ​រថយន្ត​៣​ទៅ​៤​គ្រឿង ចូលចាប់​ខ្លួន​ដល់​ក្នុង​វិមាន​ដ៏​ស្កឹមស្កៃ​របស់​លោក ណា​ជីប ដោយ​រថយន្ត​គ្មាន​សញ្ញា​អ្វី​សំគាល់​ឡើយ ។

ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ដល់​២​ខែ​ផង ក្រោយ​លោក ណា​ជីប បាន​ចាញ់ឆ្នោត ។ កាលពី​ថ្ងៃ​ចន្ទ ក្រុម​ស៊ើបអង្កេត​បាន​ប្រកាស​ថា អតីត​នាយក​រដ្ឋមន្ត្រី រូប​នេះ មាន​គណនី​ធនាគារ​ផ្ទាល់ខ្លួន ច្រើន​ជាង៤០០ ដែល​គេ​សង្ស័យ​ថា លោក​បាន​ផ្ទេរ​លុយ​មូលនិធិ​កសាង​ប្រទេស ចូល​ទៅ​ក្នុង​គណនី​ទាំងនោះ ។

មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​នេះ គេ​ឃើញ​មានការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ប្រឆាំង​ពុក​រលួយ អគ្គសវនករ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​កន្លង​មក​បាន​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​លោក ណា​ជីប លាក់បាំង និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បាន​ផល​ចំណេញ​សម្រាប់​ខ្លួន និង​រួច​ផុត​ពី​សំណាញ់​ច្បាប់ ។

កាលពី​ស​ប្តា​ហ៍​មុន ប៉ូលិស​បាន​រឹបអូស​កាបូប​ថ្លៃ​ៗ​គ្រឿងអលង្ការ លុយ ពី​គេហដ្ឋាន​ទាំង​៦ ដែល​គិត​ជា​ទឹកប្រាក់​ដែល​មាន​ទឹកប្រាក់​ប្រហែលជា​២២៥​លាន​ដុល្លារ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ម៉ា​ឡេ​ស៊ី​កំពុង​តែ​រៀបចំ​សំណុំ​បែបបទ​ដើម្បី​ប្រមូល​យក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​និង​អំពើ​ពុក​រលួយ ដែល​មាន​តម្លៃ​ប្រហែល​ជាង​បួន​ពាន់​លាន​ដុល្លារ នៅ​ឯ​បរទេស ត្រឡប់​ចូល​មក​ជា​ទ្រព្យសម្បត្តិ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​វិញ ៕

 

Comments

comments