ភ្នំពេញ ៖ បុរស​ម្នាក់​ព្រោះតែ​កើត​មាន​វិបត្តិ​ផ្លូវចិត្ត ខូចចិត្ត​រឿង​បែកបាក់​ជាមួយ​ប្រពន្ធ ហើយ​​ប្រពន្ធ​ទៅ​រួមរស់​ជាមួយ​ប្រុស​ថ្មី​ផ្សេង​ទៀត ក៏​បែកគំនិត​គិត​ខ្លី ល្បួង​នាំ​កូនស្រី​របស់​ខ្លួនថា ដើរ​​​ហាត់ប្រាណ លើ​ស្ពាន​ជ្រោយចង្វារ លុះដល់​ពាក់កណ្តាល​ស្ពាន ក៏​ចាប់​បីកូន​ស្រី រួច​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ បំណង​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់​ឪ​កូន បណ្តាល​ឱ្យ​បុរស​ជា​ឪពុក​លិច​ចូល​ទឹក​បាត់ ចំណែក​កូនស្រី ត្រូវ​បាន​អ្នកនេសាទ នៅ​ក្បែរ​នោះ​ប្រទះ​ឃើញ​ជួយ សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។

បុរស​ជា​ឪពុក​ដែល​នាំ​កូនស្រី​មក​លោតទឹក​សម្លាប់​ខ្លួន​នោះ មានឈ្មោះ​ទៀង អាយុ​៣០ មុខរបរ​នៅផ្ទះ​ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះអាយុ​៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១ សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​ឪពុក នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ​។ ដោយឡែក ស្ត្រី​ជា​ម្តាយ ដែល​មាន​ប្តី​ថ្មី​ទៀត​នោះ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ម្តុំ​ផ្សារ​សិន​ជូ​រី ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ រួម​នឹង​ក្មេង​ស្រី​រង​គ្រោះ​ដែល​ត្រូវជា​ឪពុក​កូននឹង​គ្នា បាន​បណ្តើរគ្នា​ដើរ​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយ​ច​ង្វ​រ​ថ្មី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​ទៅ​ដល់​ចំណុច​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​គេ​ឃើញ បុរស​ជា​ឪពុក បាន​ចាប់​បីកូន​ស្រី រួច​ក៏​ឡើង​តោង​បង្កាន់ដៃស្ពាន ហើយ​លោត​ទម្លាក់​ខ្លួន​ចូល​ទឹក ទាំង​២​នាក់​ឪពុក​កូន ទាំង​កំរោល​តែ​ម្តង​ ។

មុ​នពេលហក់ចុះពីលើស្ពាននោះ​ ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​ ឆ្លងកាត់​ទីតាំង​កើតហេតុ បានឃើញ​បុរស​ជា​ឪពុក​បីកូន​ស្រី​លោត​ចូល​ទឹក​សម្លាប់​ខ្លួន​បែប​នេះ ក៏​ស្ទុះ​ទៅ​ជួយចាប់​ទាញ​បាន​សក់​ក្មេង​ស្រី​រង​គ្រោះ​ដែរ ប៉ុន្តែ​ដោយ​កម្លាំង​មិន​ដល់ មិន​អាច​យោង​ឡើង​លើ​បាន ក៏​បណ្តាល​ឱ្យ​ក្មេង​ស្រី​តូច រួម​នឹង​ឪពុក​ធ្លាក់​ចូល​ទឹកទាំង​២​នាក់​តែ​ម្តង ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ បុរស​ជា​ឪពុក​បាន​ធ្លាក់​ទៅ​ឆ្ងាយ​ពី​កូនស្រី រួច​ក៏​លិច​ចូល​ទឹក​បាត់​ខ្លួន​ភ្លាម​ៗ ចំណែកក្មេង​ស្រី​រង​គ្រោះ សំណាងល្អ​មិន​ទាន់​លិច​ចូល​ទឹក នៅ​ឃើញ​សក់​ក្បាល​អណ្តែត​ទឹក ហើយ​ស្រព​ពេល​នោះ​មាន​ទូក​នេសាទ​របស់​បងប្អូន​ជនជាតិ​ខ្មែរ​-​អ៊ី​ស្លា​ម នៅ​ចំងាយ​ពី​ក្មេង​ស្រី​រង​គ្រោះ ប្រមាណ​២០​ម៉ែត្រ ក៏​ចូល​ទៅ​សង្គ្រោះ​ស្រង់​ក្មេង​ស្រី​រង​គ្រោះ បាន​ទាន់​ពេល រួច​ក៏​លើកដាក់​លើ​ទូក អុំ​ចេញ​មក​មាត់ច្រាំង​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ស្រី​រង​គ្រោះ​ដែលមានឈ្មោះថា ​លី​ហ្សា បាន​រៀបរាប់​ទាំង​អារម្មណ៍​មិន​ទាន់​បាត់​តក់ស្លុត​នៅឡើយ​ថា មុន​ពេលកើតហេតុ​ឪពុក​របស់​នាង បាន​បបួល​នាង​ថា ទៅ​ដើរ​ហាត់ប្រាណ​ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​២​នាក់ ទើប​នាង​យល់ព្រម​ដើរមក​ជាមួយ​ឪពុក លុះ​ពេលឡើង​ទៅ​ដល់​ពាក់​ក​ណ្ត​ល្តា​ស្ពាន ឪពុក​ក៏​ចាប់​បី​នាង​រួច​លោត​ចូល​ទឹកតែ​ម្តង ធ្វើ​ឱ្យ​នាង​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង តែ​សំណាងល្អ ពេល​ដែល​នាង​កំពុង​ឈ្លក់ទឹក ក៏​មាន​គេ​មក​ជួយ​ស្រង់​នាង​ដាក់​លើ​ទូក ទាន់​ពេលវេលា​ ៕

Comments

comments