របប​លោក ហ៊ុន សែន ត្រៀម​នឹង​ដំឡើង​ឋានន្តរសក្ដិ​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​៣ ឲ្យ​ក្លាយទៅជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ខណៈ​នៅ​មិន​ដល់​១​ខែ​មុន​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​។ អ្នកវិភាគ​នយោបាយ ព្រមាន​ថា ការប៉ុនប៉ង​ដំឡើង​ផ្កាយ​កូនប្រុស​ច្បង​បង្កើត​លោក ហ៊ុន សែន ក្នុង​ជួរ​កំពូល​យោ​ធានា​យ៉ាង​ឆាប់រហ័ស​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច និង​ជួរ​កងទ័ព​រង្គោះរង្គើ ព្រមទាំង​អាច​ឈាន​ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ ឬ​បក្ស​ប្រហារ ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើ​ដូច្នេះ​ដោយ​មិន​អើពើ​ដល់​គុណសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​យោធា​ចាស់​វស្សា​ដទៃ​ទៀត ដែល​ជា​សម​មិត្ត​រួម​អាវុធ​ជាមួយ​លោក។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​១ កក្កដា ថា លោក​មើល​ឃើញ​មាន​ហេតុផល​៣​យ៉ាង​ជុំវិញ​ការប៉ុនប៉ង​ដំឡើង​ផ្កាយ​ដល់​កម្រិត​កំពូល​ឲ្យ​លោក ហ៊ុន ម៉ាណែត នា​មុន​ពេល​បោះឆ្នោត​នេះ។ ហេតុផល​ទាំង​បី​នោះ​គឺ ទី​១) គឺ​ដើម្បី​ឲ្យ​មេបញ្ជាការ​កំពូល​ចាស់ៗ ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន។ ហេតុផល​ទី​២ លោក​ថា គឺដើម្បី បញ្ចូល​ឈាម​ថ្មី​ទៅ​ជំនួស​ឈាម​ចាស់ ដើម្បី​ឲ្យ​កងទ័ព​មាន​ថាមពល​ថ្មី។ ដោយឡែក​សម្រាប់​ហេតុផល​ទី​៣​វិញ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា គឺ​ដើម្បី​ពង្រឹង​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​មេបញ្ជាការ​កំពូល​ថ្មីៗ ជា​មនុស្ស​ជំនិត និង​ស្មោះត្រង់ នៅ​ក្រោម​បង្គាប់​នាយករដ្ឋមន្ត្រី ជាង​មេបញ្ជាការ​កំពូលៗ​ចាស់ៗ ដែល​ជា​សម​មិត្ត​រួម​អាវុធ​របស់​លោក។

ការ​លើកឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នា​ពេល​នេះ គឺ​ក្រោយ​ពី​មាន​ការ​ព័ត៌មាន បង្ហើប​ពី​តម្រុយ​នៃ​ការ​ដំឡើង​ឋានន្តរសក្ដិ​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដ៏​ឆាប់រហ័ស គឺ​ភ្លាមៗ​ខណៈ​ដែល​លោក​ទើបបាន​ឡើង​កាន់​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែល​ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជំនួស​ឲ្យ​នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ។

ការ​ឡើង​កាន់​តំណែង​នា​ពេល​នេះ គឺជា​ការ​បើកផ្លូវ​ឲ្យ​លោក​អាច​ទៅកាន់​មុខតំណែង​កំពូល​ក្នុង​ជួរ​កងទ័ព ទំនងជា​ដើម្បី​ការពារ​អំណាច​ឪពុក​របស់​លោក។ ពិធី​ផ្ទេរតំណែង​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រោម​អធិបតីភាព​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។

កាសែត​កម្ពុ​ជាថ្មី ដែល​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ចុះផ្សាយ​កាលពី​ថ្ងៃ​៣០ មិថុនា បាន​ស្រង់​ប្រសាសន៍ លោក ទៀ បាញ់ និង​អ្នកនាំពាក្យ ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្ដិ ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ នា​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​លោក ហ៊ុន ម៉ាណែត នា​ពេល​នេះ បាន​ក្លាយ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​ស្ដីទី​កងទ័ពជើងគោក។

សម្រាប់​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​អាណត្តិ​ទី​៦​នេះ លោក ហ៊ុន សែន ហាក់​កំពុង​រៀបចំ​យុទ្ធសាស្ត្រ និង​សេនារីយ៉ូ ឲ្យ​កូនប្រុស​របស់​លោក ឡើង​ទៅ​កាន់​តំណែង​កំពូល​ជិត​ផុត​លេខ​ក្នុង​ជួរ​យោធា គឺ​នៅសល់​តែមួយ​កាំ​ប៉ុណ្ណោះ នៅ​ពីក្រោម​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៥ ផុត​លេខ។ យុទ្ធសាស្ត្រ​នេះ ធ្វើឡើង​តាមរយៈ​ការ​តម្រូវ​ឲ្យ​មេទ័ព​កំពូលៗ ដែល​ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ក្នុង​នោះ​រួមមាន​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ លោក ប៉ុល សារឿន ដែល​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រកាស​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ព្រះសីហនុ ខណៈ​តំណែង​របស់​លោក ត្រូវ​បាន​ជំនួស​ដោយ​លោក សៅ សុខា ឲ្យ​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ។

ក្រៅពីនោះ លោក គន់ គីម ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧត្តរមានជ័យ ខណៈ​នាយ​ឧត្ដមសេនីយ៍ មាស សុភា ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក ក៏​ត្រូវ​ព្យួរ​តំណែង​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​តែមួយគត់​នៅ​មណ្ឌល​ព្រះវិហារ ចំណែក​ឯ​លោក ទៀ បាញ់ ក៏​នឹង​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​សៀមរាប។

ការ​ព្យួរ​មុខតំណែង​សំខាន់ៗ​របស់​មេទ័ព​ធំៗ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន នេះ ត្រូវ​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា ធ្វើឡើង​ស្របតាម​មាត្រា ២៥ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​តម្រូវ​ឲ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា ដែល​មានបំណង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ត្រូវ​ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ស្ថាពរ។

អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​លោក ហង្ស វិទូ ព្រមាន​ចំៗ​ថា គណបក្ស​កាន់អំណាច និង​ជួរ​កងទ័ព អាច​នឹង​មានការ​រង្គោះរង្គើ ប្រសិនបើ​លោក ហ៊ុន សែន មិន​មានការ​ឆ្លាត​វៃ ហើយ​នៅតែ​បន្ត​ចង់​លើក​បន្តុប​កូន​ឲ្យ​ក្លាយ​ជា​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា បន្តវេន​ពី​រូបលោក ដោយ​មិន​ឆ្លងកាត់​ការបោះឆ្នោត​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ៖ «អ៊ីចឹង បើសិនជា​លោក ហ៊ុន ម៉ាណែត គាត់​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ជំនួស​ឪពុក នោះ​គឺ​ខុស​រដ្ឋធម្មនុញ្ញ​ហើយ។ អ៊ីចឹង​វា​អត់​អាច​ទៅ​រួច​ទេ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ វា​អាច​ទៅ​រួច​ល្គឹកណា​តែ​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ជាប់ឆ្នោត ហើយ​ថ្ងៃ​ណាមួយ លោក ហ៊ុន ម៉ាណែត គាត់​អាច​ឈ្នះ​ចិត្ត​នៅ​ក្នុង​បក្ស​ហ្នឹង ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នោះ​គឺ​គាត់​អាច​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់ឆ្នោត។ ប៉ុន្តែ ខ្ញុំ​មើល​ឃើញ​ថា ជាទូទៅ​ប្រហែលជា​មិន​អាច​ទេ ទោះបីជា​ព្យាយាម​ក្នុង​ការ​ដំឡើង​តំណែង​កូនចៅ​រហូតដល់​ផ្កាយ​បី​ផ្កាយ​បួន​ក៏ដោយ ព្រោះថា​បញ្ហា​ផ្ទៃក្នុង​បក្ស​នឹង​អាច​កើតមានឡើង​ប្រសិន បើ​គាត់​លេង​របៀប​ហ្នឹង។ វា​អត់​មាន​អ្នកណា​អាច​បំបែក​អំណាច​គាត់​បានទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា បើសិនជា​គាត់​ចង់​បន្ត​តំណែង​ដល់​កូន​ដល់​ចៅ​ទៀត វា​អាច​ធ្វើ​ឲ្យ​អ្នក​ខាងក្នុង​គេ​ទាស់ចិត្ត ដែល​នាំ​ឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​ធ្ងន់ធ្ងរ»។

លោក ហង្ស វិទូ បន្ត​ថា ការប៉ុនប៉ង​ដំឡើង​ឋានន្តរសក្ដិ​ឆាប់រហ័ស​ពេក​ឲ្យ​លោក ហ៊ុន ម៉ាណែត ដោយសារតែ​លោក​ជា​កូនប្រុស​នាយករដ្ឋមន្ត្រី​នេះ នឹង​ធ្វើ​ឲ្យ​មន្ត្រី​យោធា​ថ្នាក់ក្រោម​ឱវាទ​ដែល​ធ្លាប់​តស៊ូ​ជាមួយ​លោក ហ៊ុន សែន អាក់អន់ស្រពន់ចិត្ត ដែល​ជា​ហេតុ​អាច​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ជាដើម៖ «ជាទូទៅ​ដូច​យើង​ឃើញ​ហើយ ដូចជា​ប្រទេស​នៅ​អាព្រិក ដែល​មាន​ការ​កើតឡើង​ការ​ធ្វើ​រដ្ឋប្រហារ​អី​ផ្សេងៗ​ហ្នឹង​គឺ​កើតឡើង​ដោយសារតែ​នាយករដ្ឋមន្ត្រី ឬក៏​ប្រធានាធិបតី បន្តុប​បណ្ដាក់​កូន​ឯង​ក្រុម​គ្រួសារ​ឯង ឲ្យ​ក្លាយ​ជា​អ្នកធំ​ខ្ពស់​បំផុត។ អាណ្ណឹង វា​ធ្វើ​ឲ្យ​កើតមាន​នូវ​ជម្លោះផ្ទៃក្នុង​បក្ស​ដោយ​ជៀស​មិន​រួច​ទេ។ ប៉ុន្តែ​បើ​សិន ជា​គាត់​មាន​ភាព​វ័យ​ឆ្លាត គាត់​ជៀស​អាហ្នឹង​បាន ខ្ញុំ​យល់ឃើញ​ថា នឹង​មិន​អាច​គ្មាន​រឿង​ហ្នឹង​កើតឡើង​បានទេ។ ប៉ុន្តែ​ប្រសិនជា​មិន​បង្អង់​ដៃ ហើយ​នៅតែ​លើក​បន្តុប​កូនចៅ​ឯង​ឲ្យ​ធ្វើជា​អ្នកធំ ក្នុង​លក្ខណៈ​មួយ​រក្សា​តំណែង​ដោយ​ពុំ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ នោះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង»។

កាលពី​ថ្ងៃ​ទី​២៨ មិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ ស្ដីពី «​បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​១២​រូប​របស់​កម្ពុជា​៖ ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរអង្វែង​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន» ដែល​លាតត្រដាង​ឲ្យ​ឃើញ​ថា កម្ពុជា​កាន់តែ​ប្រែក្លាយ​ទៅ​រក​របប​ផ្ដាច់ការ និង​ការ​ដឹកនាំ​បែប​ឯក​បក្ស ដោយសារតែ​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​ទាំង​១២​រូប ក្នុង​ជួរ​កងកម្លាំង​សន្តិសុខ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើជា​ខ្នងបង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅ​ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់ការនិយម។

អង្គការ​នេះ ជំរុញ​ឲ្យ​មានការ​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុម​បុគ្គល​ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍​នេះ ដើម្បី​កាត់ទោស​ពួកគេ​តាមច្បាប់​អន្តរជាតិ និង​ជំរុញ​ឲ្យ​មានការ​ធ្វើ​កំណែ​ទម្រង់​ទាំងស្រុង​លើ​វិស័យ​សន្តិសុខ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​កងកម្លាំង​សន្តិសុខ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ឯករាជ្យ​ដាច់​ស្រឡះ​ពី​ការត្រួតត្រា​របស់​គណបក្ស​កាន់អំណាច ដែល​ពិត​ជា​មាន​សារៈសំខាន់​បំផុត ដើម្បី​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​បង្កើត​បាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​។ អង្គការ​នេះ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា អង្គការសហប្រជាជាតិ និង​តួអង្គ​ដែល​មាន​ឥទ្ធិពល​ផ្សេងទៀត ពិចារណា​ដាក់ទណ្ឌកម្ម​តាម​គោលដៅ​លើ​ក្រុម​បុគ្គល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​មន្ត្រី​ទាំងនោះ ដូចជា​ការ​ហាម​ប្រាម​លើ​ការ​ធ្វើ​ដំណើរ ការ​បង្កក​ទ្រព្យសម្បត្តិ ជាដើម ដូចដែល​សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​មក​លើ​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន​កាល​ពី​ពេល​ថ្មីៗ​នេះ ជាដើម៕

អត្ថបទ ៖ RFA

Comments

comments