លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអង្គារ​ម្សិលមិញ បាន​ប្រកាស​ទាត់ចោល​ទាំង​ស្រុង​នូវ​ការ​វិនិយោគ​ឯកជន​ទៅលើ​បឹង​យក្សឡោម ដែល​ជា​បឹង​វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់​កម្ពុជា បើ​ទោះ​ជា​ក្រុមហ៊ុន​នោះ​មកពី​ប្រទេស​ណាក៏ដោយ​។

ការប្រកាស​ទាត់ចោល​នូវ​ការវិនិយោគ​ឯកជន​ទៅ​លើ​បឹង​ធម្មជាតិ​ដ៏សំខាន់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​បាន​អាន​នូវ​អត្ថបទ​ព័ត៌មាន​មួយ​របស់​កាសែត​រស្មី​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ៣ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ដែល​មាន​ចំណងជើង​ថា​ «​រដ្ឋាភិបាល​នឹង​ដាក់​បឹង​យក្ស​ឡោម​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​ ៧៥ ​ឆ្នាំ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​តាមរយៈ Facebook ផ្លូវការ​របស់​លោក​ថា​៖ «​ព្រឹក​នេះ​ខ្ញុំ​បាន​មើល​សារព័ត៌មាន​រស្មី​កម្ពុជា​ដែល​បាន​សរសេរ​ថា​ (​រដ្ឋាភិបាល​នឹង​ដាក់​បឹង​យក្ស​ឡោម​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​ ៧៥ ​ឆ្នាំ​)​។ តើ​អ្នក​ណា​បង្កើត​រឿង​បែប​នេះ​ឡើង​ដើម្បី​អ្វី​? ក្នុង​ឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សុំ​ទាត់ចោល​ទាំង​ស្រុង​នូវ​ការ​វិនិយោគឯកជន​ណា​មួយ​មក​លើ​បឹង​ធម្មជាតិ​ដ៏សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មកពី​ប្រទេស​ណាក៏ដោយ​»​។

បឹង​យក្សឡោម ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង ​ដែល​មាន​ផ្ទៃដី​សរុប ២២៥ ហិកតា​ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​យក្សឡោម​ក្រុង​បានលុង ខេត្ត​រតនគិរី និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​រួមបញ្ចូល​ទាំង​កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ១៣ ខែ​មិថុនា ឆ្នាំ​ ២០១៨ ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ «​បឹង​យក្ស​ឡោម​»​។

ជុំវិញ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​លើ​របាយការណ៍​ព័ត៌មាន​ខាងលើ​នេះ​លោក ទាវ សារៈមុនី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា កាលពី​ម្សិលមិញ​​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ដោយ​ទទួល​ស្គាល់​ថា​របាយការណ៍​ព័ត៌មាន​នោះ​ពិតជា​មាន​ភាព​ខ្វះ​ចន្លោះ ឬ ភាពភ្លាំងភ្លាត់​ដោយ​អចេតនា ពោល​គឺ​ចំណងជើង និង​សេចក្ដី​ផ្ដើម​មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​ខ្លឹមសារ​នៃ​សាច់​រឿង​ទាំងមូល​។

បើ​តាម​ខ្លឹមសារ​នៃ​សាច់រឿង​នៅក្នុង​របាយការណ៍​ព័ត៌មាន​នោះ​ក្រុមហ៊ុន​ចិន​ដ៏ធំ​មួយ​កំពុង​សិក្សា​រៀបចំ​គម្រោង​បង្កើត​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​កន្លែង​នៅក្នុង​ទីក្រុង​បានលុង​ជាប់​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​ «​បឹង​យក្ស​ឡោម​» ​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​សប្បាយ​នៅក្នុង​ខេត្ត​ភាគឦសាន​ប្រទេស​មួយ​នេះ​។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​នោះ​នៅ​មិន​ទាន់​បាន​ដាក់​គម្រោង​របស់​ខ្លួន​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ស្នើសុំ​ការអនុម័ត​គាំទ្រ​នៅ​ឡើយ​ទេ​។

កាលពី​ម្សិលមិញ​លោក ញ៉ែម សំអឿន អភិបាលរង​ខេត្ត​រតនគិរី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពិតជា​មាន​ក្រុមហ៊ុន​ចិន​ចុះ​ទៅ​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​បង្កើត​រមណីយដ្ឋាន​អេកូទេចរណ៍​នៅក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី​ជាប់​នឹង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​យក្សឡោម​ប្រាកដ​មែន​។

លោក​ ញ៉ែម សំអឿន ដែល​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី​ផង​ដែរ​នោះ បាន​បន្ត​ថា​ក្រុមហ៊ុន​ចិន​នោះ​បាន​ចុះ​ទៅ​សិក្សា​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៧ ​មក​ម្ល៉េះ និង​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​រៀបចំ​បង្កើត​គម្រោង​របស់​ខ្លួន​លើ​ផ្ទៃដី​សរុប​ជាង​ ៣០០ ​ហិកតា​ស្ថិត​នៅ​ក្រៅ​​រង្វង់​តំបន់​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​និង​ជីវៈចម្រុះ​បឹង​យក្សឡោម​ហើយ​សំណើ​នោះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បង្វែរ​មក​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ពិនិត្យ ពិភាក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​ផលប៉ះពាល់​នានា​នៃ​គម្រោង​នោះ​។

លោក​ សំអឿន បាន​បញ្ជាក់​ថា​៖ «​មក​ទល់​ពេល​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​កិច្ចពិភាក្សា​ជាមួយ​ខាង​ភាគី​ក្រុមហ៊ុន និង ចុះ​សិក្សា​ស្រាវជ្រាវ​ជាថ្មី​ពី​ផលប៉ះពាល់​នានា​នៅ​ក្នុង​តំបន់​ដែល​មាន​ការស្នើសុំ​បង្កើត​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អេកូទេសចរណ៍​នោះ បើ​ទោះ​ជា​ក្រុមហ៊ុន​អះអាង​ថា​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ពី​ផលប៉ះពាល់​នៃ​គម្រោង​នោះ​រួចរាល់​តាំងពី​ដើម​ឆ្នាំ​ ២០១៨ ​នេះ​ក្ដី​»​។

លោក​ថា​៖ «​រហូត​មក​ទល់​ពេល​នេះ​គម្រោង​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​នៃ​​កិច្ចពិភាក្សា​នៅ​ឡើយ​ទេ​»៕

អត្ថបទ ៖ P Post

 

Comments

comments