នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​២​ម៉ឺន​នាក់​មក​ពី​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នា​ព្រឹក​មិ​ញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា «​បើ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ឈ្នះ​ឆ្នោត លោក​នៅ​តែ​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត​លោក​នឹង​មិន​មានឱកាស​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ទៀត​នោះ​ឡើយ​។​»​។

បើ​តាម​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ក្រៅពី​ចុះ​ជួប​កម្មករ កម្មការិនី​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ហើយ​នោះ លោក​ក៍​នៅ​មាន​គម្រោង​ជួប​កម្មករ កម្មការិនី​ក្នុង​វិស័យ​ដទៃ​ទៀត ដូច​ជា​វិស័យ​សំណង់ និង​សណ្ឋាគារ​ជាដើម​។

នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា លោក​នឹង​បញ្ចប់​ការងារ នៅ​ពេល​មាន​គណបក្ស​ដទៃ​ឈ្នះ​ឆ្នោត តែ​លោក​ជឿ​ថា គ្មាន​គណបក្ស​នយោបាយ​ណា​អាច​ប្រជែង​យកឈ្នះ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ​។

សូម​បញ្ជាក់​ដែរ​ថា គិត​ចាប់តាំងពី​ថ្ងៃ​២០ ខែសីហា ឆ្នាំ​២០១៧​មក មក​ទល់​នឹង​ពេល​នេះ លោក ហ៊ុន សែន បាន​ជួប​កម្មករ​កម្មការិនី​ចំនួន​៤៨​លើក​ហើយ និង​មាន​វត្តមាន​កម្មករ​ចូលរួម​ជាង​៦៥​ម៉ឺន​នាក់ ព្រមទាំង​ចំណាយ​ថវិកា​អស់​រាប់រយ​លាន​រៀល ៕

Comments

comments