សារព័ត៌មាន The News Straits Times អោយដឹងថា លោកស្រី Rosmah Mansor ជា​ភរិយា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ណា​ជីព​រ៉ា​ហ្សា​ក់ ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បាត់​ខ្លួន​ពី​លំនៅ​ដ្ឋា​ន ។ លោកស្រី Rosmah Mansor ត្រូវ​បាន​នាំ​ខ្លួន​ចូល​រថយន្ត​ពណ៌​ខ្មៅ ហើយ​អម​ដោយ​រថយន្ត​ពីរ​គ្រឿង​ផ្សេង​ទៀត ហើយ​ក្រោយមក​ទៀត ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត​ពណ៌​ស បាន​បើក​ចេញពីផ្ទះ​របស់​លោក​ណា​ជីព​នៅ​ក្រុង​កូ​ឡា​ឡំ​ពួរ ។

ប្រភព​ព័ត៌មាន​របស់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ចុះ​ផ្សាយ​ថា កាលពី​ថ្ងៃ​អង្គា​រ៍ ទី​៣ កក្កដា ២០១៨ ​លោក ណា​ជីព ត្រូវ​បាន​ចាប់ខ្លួន ហើយ​នៅ​ថ្ងៃ​ទី​៤ កក្កដា ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ ។ មិន​មាន​តែ​លោក​ណា​ជីព​ម្នាក់​ទេ រង​ការ​ចោទប្រកាន់ គឺ​យ៉ាងតិច មន្ត្រីជាន់ខ្ពស់​របស់​លោក ណា​ជីព ៣​រូប​ទៀត ក៏​ជាប់​ពាក់ព័ន្ធ​ដែរ ។ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី អាជ្ញាធរ​សឹ​ង្ហ​បុរី ស្វី​ស និង​អា​មេ​រិ​ក កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​ដាច់​ដោយឡែក​ពី​គ្នា ទាក់​ទឹង​នឹង​បក្សពួក របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់ ។

បើ​តាម​វិទ្យុ​សំឡេង RFI ខេមរភាសា បាន​ចុះ​ផ្សាយ​ថា លោក​ណា​ជីព រ៉ា​ហ្សា​ក់ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​បាន​កាន់​តំណែង​អស់​រយៈពេល​១៣​ឆ្នាំ ពេល​នេះ​កំពុង​ជាប់​សង្ស័យ ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ដ៏​ធំ​មហាសាល ។ លោក​ណា​ជីព រ៉ា​ហ្សា​ក់ កំពុង​ស្ថិត​នៅ​ចំ​ចំណុច​ស្នូល​នៃ​រឿងអាស្រូវ​ពុក​រលួយ​នេះ ដែល​បើ​តាម​ការ​សន្និដ្ឋាន​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជា​៤,៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ រឿង​អ​ស្រូវ​ពុក​រលួយ បង្វិល​លុយ​រដ្ឋ​នេះ គឺជា​មូលហេតុ​សំខាន់ ដែល​ទាញ​លោក​ណា​ជីព រ៉ា​ហ្សា​ក់ ឲ្យ​ចាញ់ឆ្នោត​កាលពី​ពេល​ថ្មី​ៗ​នេះ ។ កាន់​អំណាច​៩​ឆ្នាំ សល់​ប្រាក់​ក្នុង​ធនាគារ ៦៨១​លាន​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ នាឡិកា វែ​នតា កាបូប សរុប​ចំនួន​២៧០​លាន​ដុល្លារ​ទៀត​ ។

មូលហេតុ​ចំបង​ផ្តើម​ចេញពី​មូល​និ​ធី​វិនិយោគ​ក្លែងក្លាយ ដែល​មានឈ្មោះ​ថា 1MDB (1Malaysia Development Berhad) ដែល​លោក​ណា​ជីព រ៉ា​ហ្សា​ក់ បាន​បង្កើត​ឡើង នៅ​ឆ្នាំ​២០០៩ ។ 1MDB គឺជា​មូលនិធិ​វិនិយោគសាធារណៈ ដែល​រដ្ឋាភិបាល​លោក​ណា​ជីព រ៉ា​ហ្សា​ក់ កាល​ជំនាន់​នោះ បាន​ចាត់ទុកជា​អ​ទិ​ភាព ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី ។ ក្នុង​ឆ្នាំ​ដំបូង​នោះ មូល​និ​ធី​នេះ បាន​ប្រមូលប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​មក​ពី​ក្រុមហ៊ុន​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ប្រេងកាត ។ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​២០១៣ ដោយ​មាន​អន្តរាគមន៍​ពី​ធនាគារ Goldman Sachs មូលនិធិ​1MDB នេះ​បាន​ប្រមូលប្រាក់​បាន លើក​ទី​មួយ ១,៤០០​លាន​ដុល្លារ និង​លើក​ទី​ពីរ ១,២០០​លាន​ដុល្លារ ។

ក៏​ប៉ុន្តែ ប្រាក់​របស់​មូលនិធិ​នេះ ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ទៅ​កាន់​គណនី​ធនាគារ​មនុស្ស​សំខាន់​ជា​ច្រើន​នាក់ នៅ​ម៉ា​ឡេ​ស៊ី ដែល​ក្នុង​នោះ​គឺ​មាន​រូប​លោក ណា​ជីប រ៉ា​ហ្សា​ក់​ផង​ដែរ ។ ប្រាក់​ប្រមាណ​ជា​៦៨១​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់ ។ ណា​ជីព រ៉ា​ហ្សា​ក់ តែងតែ​ប្រកែក​ជា​និច្ច ថា​ប្រាក់​នេះ គឺជា​អំណោយ​រាប់អាន​គ្នា របស់​គ្រួសារ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត ។

អ្នក​ដែល​នៅ​ពីក្រោយ ការ​រៀបចំ​បង្វិល​សាច់ប្រាក់​ទាំងនេះ គឺ​អ្នកជំនួញ​ម៉ា​ឡេ​ស៊ី​ម្នាក់​ឈ្មោះ Low Toek Jho ឬ​ដែល​គេ​និយម​ហៅ​ថា Jho Low ។ ជន​ឈ្មោះ Jho Low នេះ ជា​មនុស្ស​ស្និ​ទ​នឹង​លោក​ណា​ជីព​រ៉ា​ហ្សា​ក់ ហើយ​ដែល​បាន​ផ្តួចផ្តើម​គំនិត ឲ្យ​បង្កើត​មូល​និ​ធី 1MDB នេះ​ឡើង ប៉ុន្តែ​ពុំ​មានមុខ​តំណែង​អ្វី​ជា​ផ្លូវការ​ទេ នៅ​ក្នុង​មូល​និ​ធី​នេះ ។

មហាសេដ្ឋី​ឈ្មោះ Jho Low ត្រូវ​គេ​សង្ស័យ​ថា បាន​បង្វិលប្រាក់​ទៅ​ទិញ​ផ្ទះ​នៅ​តំបន់​ម៉ា​ន់​ហា​តាន់ ក្រុង​ញូយ៉ក ក្នុង​ទឹកប្រាក់​៤០​លាន​ដុល្លារ ផ្ទះ​នៅ​ហូ​លី​វូ​ដ ក្នុង​តំលៃ​១០០​លាន​ដុល្លារ និង​កប៉ាល់​ទំនើប ដែល​មាន​តំលៃ​២៥០​លាន​ដុល្លារ ។ មហាសេដ្ឋី​ម៉ា​ឡេ​រូប​នេះ ត្រូវ​បាន​គេ​ឃើញ រៀបចំ​ពិធីជប់លៀង​ដ៏​សំបើម​អស្ចារ្យ​ជា​ញឹកញាប់ ជាមួយ​តារា​ស្រី​ហូ​លី​វូ​ដ ជា​ច្រើន​នាក់ ។ ក​ប៉ាក់​ទំនើប​តម្លៃ​២៥០​លាន​ដុល្លារ របស់​មហាសេដ្ឋី​នេះ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី ចាប់​ឃាត់​ទុក​នៅ​កោះ​បាលី ដោយ​មានការ​ស្នើ​សុំ​ពី​អាជ្ញាធរ​អា​មេ​រិ​ក ។

ចំណែក​កូនប្រសារ​ប្រុស របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់ បាន​យក​ប្រាក់​ទៅ​បង្កើត​ក្រុម​ផលិតភាព​យន្ត​មួយ នៅ​ហូ​លី​វូ​ដ ឈ្មោះ Red Granite ។ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​នេះ មូល​និ​ធី​របស់​តា​រាហូ​លី​វូ​ដ Leonardo DiCaprio ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ ក្នុង​ការ​ផលិតភាព​យន្ត បាន​សុខចិត្ត​ប្រគល់​វត្ថុ​សិល្បៈ ផ្ទាំងគំនូរ រូបចំលាក់ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ ទៅ​ឲ្យ​អាជ្ញាធរ​អា​មេ​រិ​ក ។ កូនប្រសា​រលោក​ណា​ជីព រ៉ា​ហ្សា​ក់ ក៏​ត្រូវ​គេ​សង្ស័យ ថា​យក​ប្រាក់​បង្វិល​រាប់រយ​លាន ចេញពី​មូល​និ​ធី 1MDB ទៅ​ទិញ​អចលនទ្រព្យ​នៅ​ញូយ៉ក នៅ​Baverly Hills និង​នៅ​ទីក្រុង​ឡុ​ង​ដ៍​ជាដើម ។

រឿងអាស្រូវ​បាន​ផ្ទុះ​ឡើង នៅ​ឆ្នាំ​២០១៤ ក្រោយ​ពេល​ដែល​ប្រាក់​ក្នុង​មូល​និ​ធី​នេះ បាន​បាត់​ដល់​ទៅ​ជាង​១​ម៉ឺន​លាន​ដុល្លារ ។ មតិ​សាធារណៈ​ម៉ា​ឡេ​ស៊ី ចាប់ផ្តើម​ងឿងឆ្ងល់ ចោទសួរ​ថា ថា​ប្រាក់​ទាំងនោះ ដុះស្លាប​ហោះ​ទៅ​ណាខ្លះ ។ ខែកក្កដា ឆ្នាំ​២០១៥ កាសែត The Wall Street Journal បាន​ចុះ​ផ្សាយ​ឯកសារ​សំងាត់​មួយ ដែល​បង្ហាញ​ថា ប្រាក់​ប្រមាណ​ជា​៦៨០​លាន​ដុល្លារ បាន​ហោះ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់ ។

ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ទាំងនេះ នៅ​ឆ្នាំ​២០១៥ លោក​ណា​ជីព រ៉ា​ហ្សា​ក់ បាន​ព្យាយាម​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​បិទ​ខ្ទប់​រឿង​នេះ ។ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ហើយ ដែល​លោក ព្រះរាជអាជ្ញា​រង​ម៉ា​ឡេ​ស៊ី ទទួល​បន្ទុក​អំពើ​ពុក​រលួយ ឈ្មោះ Kevin Morais ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ ដោយ​គេ​យក​សព​ទៅ​ទុក​ក្នុង​ធុងសាំង ហើយ​ចាក់​ស៊ីម៉ង់ត៍​បំពេញ នៅ​ជាយក្រុង​កូ​ឡា​ឡំ​ពួរ ។

លោក Charles Morais ប្អូនប្រុស​របស់​លោក​ព្រះរាជអាជ្ញា​រង​នេះ បាន​អះអាង​ថា វា​ពិត​ណាស់ ដែល​ការ​ស្លាប់​របស់​លោក Kevin Morais មាន​ជាប់​ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់​។ ប្អូនប្រុស​របស់​លោក Kevin Morais បាន​អះអាង​ថា គឺ​បងប្រុស​លោក ដែល​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​រឿង​នេះ ហើយ​បាន​ប្រទះ​ឃើញ​ឯកសារ​សំងាត់​ធនាគារ​ជា​ច្រើន​។ ក្រោយមក​ទៀត ដោយ​មិន​អាច​ធ្វើ​អ្វី​បាន លោក Kevin Morais បាន​សម្រេចចិត្ត​ទម្លាយ​ឯកសារ​ទាំងនោះ ឲ្យ​បែកធ្លាយ ហើយ​ចុះ​ផ្សាយ​ដោយ​កាសែត The Wall Street Journal ។

សមត្ថកិច្ច​ទទួល​បន្ទុក​បទល្មើស​ហិរញ្ញវត្ថុ របស់​អា​មេ​រិ​ក និង​សឹ​ង្ហ​បុរី បាន​ចាប់ផ្តើម​ចាប់អារម្មណ៍ តាមដាន​ទៅ​លើ​មនុស្ស​មួយ​ចំនួន​ដែល​ស្និ​ទ​នឹង​មូលនិធិ របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់ ។ ក្នុង​នោះ​គឺ​មាន មហាសេដ្ឋី​ឈ្មោះ Jho Low នេះ រួម​ទាំង​លោក Riza Azi កូនប្រសារ​សំណព្វ​របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់​ផ្ទាល់​តែ​ម្តង ។ ការ​ស៊ើបអង្កេត បាន​ឈាន​ទៅ​តាមដាន​ដឹង​អំពី បណ្តុំ​ទឹកប្រាក់ ប្រមាណ​១៧០០​លាន​ដុល្លារ ដែល​ផ្ទេរ​ចេញពី​មូល​និ​ធី​1MDB ដើម្បី​យក​ទៅ​ទិញ អចលនទ្រព្យ​ថ្លៃ​ៗ នៅ​ទីក្រុង​ញូយ៉ក និង​នៅ​ហូ​លី​វូ​ដ​ជាដើម ។

គឺ​ជាមួយនឹង​ការ​ត្រលប់​មក​ចូល​ឆាកនយោបាយ របស់​លោក ម៉ា​ហា​ធា ម៉ូ​ហា​ម៉េ​ដ ដែល​ការ​ស៊ើបអង្កេត​រឿង​រ៉ាង​ពុក​រលួយ របស់​បក្សពួក​លោក​ណា​ជីព រ៉ា​ហ្សា​ក់​នេះ បាន​បើកចំហរ និង​មាន​សន្ទុះ​ខ្លាំង ។ លោក​ម៉ា​ហា​ធា ម៉ូ​ហា​ម៉េ​ដ បាន​ប្រកាស​ថា អ្វី​ដែល​ជំរុញ​ឲ្យ​គាត់​មក​ធ្វើ​នយោបាយ​វិញ គឺ​គាត់​ចង់​ចាប់​ជន​ទុច្ចរិត​ដែល​លួច​លុយ​ជាតិ បញ្ចូល​គុក ហើយ​យក​ប្រាក់​ទាំងនោះ​មក​ប្រគល់​ជូន​រដ្ឋ​វិញ​ឲ្យ​បាន ។

ដូច​ការ​សន្យា មួ​យស​ប្តា​ហ៍​ក្រោយ​លោក​ម៉ា​ហា​ធា ម៉ូ​ហា​ម៉េ​ដ ជាប់​ឆ្នោត គឺ​នៅ​ថ្ងៃ​ទី​១៧​ឧសភា សមត្ថកិច្ច​នគរបាល​ម៉ា​ឡេ​ស៊ី បាន​ចុះ​ទៅ​ឆែកឆេរ ដល់​គេហដ្ឋាន​របស់​លោក​ណា​ជីព រ៉ា​ហ្សា​ក់​។ សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី បាន​រិ​ប​អូស​បាន ទ្រព្យសម្បតិ្ត និង​សម្ភារៈ​មាន​តម្លៃ បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​២៧០​លាន​ដុល្លារ ។ ក្នុង​នោះ លុយ​សុទ្ធ​មាន​ក្រដាស​ប្រាក់សុទ្ធ​ចំនួន ១១៦​លាន​រីង​គីត ដែល​ស្មើនឹង​២៨​លាន​ដុល្លារ ។

ក្រៅពី​ក្រដាសប្រាក់ នគរបាល​បាន​រក​ឃើញ អល្លង្ការ​មាន​តំលៃ​មហាសាល ចំនួន​១២០០០​គ្រឿង ។ ក្នុង​នោះ​មាន​ដូច​ជា​ខ្សែ​ក ១,៤០០​ខ្សែ ចិញ្ចៀន​២,២០០​វង់ ។ ក្នុង​ចំណោម​អល្លង្ការ ដែល​ថ្លៃ​បំផុត មាន​ដូច​ជា​ខ្សែ​ក មួយ​ខ្សែ​ដែល​តាម​ការ​ស្មាន អាច​មាន​តំលៃ​ប្រហែល ជា​១​លាន​៥​សែន​ដុល្លារ ។ បន្ថែម​ពី​នេះ នៅ​មាន​នាឡិកា​ម៉ាក​ល្បី​ចំនួន​៤២៣​គ្រឿង មាន​តំលៃ​សរុប​ប្រហែល​២០​លាន​ដុល្លារ វែ​នតា​ថ្លៃ​ៗ​ចំនួន​២៣៤ ព្រមទាំង​កាបូប​ម៉ាក​ល្បី​ៗ​គ្រប់​ធន រាប់រយ​សម្រាប់​ទៀត ។

តុលាការ​ម៉ា​ឡេ​ស៊ី បាន​ចេញ​ដីកា ហាមឃាត់​មិន​ឲ្យ​លោក​ណា​ជីព រ៉ា​ហ្សា​ក់ ព្រមទាំង​ភរិយា ចាក​ចេញពី​ប្រទេស​ទេ ដើម្បី​រង​ចាំ​នីតិវិធី​បន្ទាប់ ។ តាម​ការ​សន្និដ្ឋាន ប្តី​ប្រពន្ធ​ទាំង​២​រូប​នេះ អាច​ប្រឈម​មុខ នឹង​ទោស​ជាប់​ពន្ធនាគារ ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ កិបកេង​បង្វិលប្រាក់​រដ្ឋ និង​បំពាន​អំណាច ៕

Comments

comments