ជំនួយការ​របស់​លោក កឹ​ម សុខា អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ថា មិន​ត្រូវ​ធ្វើការ​ចរចា​ណាមួយ ជាមួយ​របប​ក្រុងភ្នំពេញ ដោយ​គ្រាន់តែ​ដើម្បី​ចង់​ឲ្យ​មានការ​ដោះ​លែង​រូប​លោក ឬ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឡើយ​។ អ្នកវិភាគ​ថា ប្រសិនបើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ចរចា​មិន​រក្សា​ជំហរ​រឹង​មាំ​ទេ គណបក្ស​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។

ប្រធាន​ចលនា​យុវជន និង​ជា​ជំនួយការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ដ ឲ្យ​ដឹង​ថា លោក កឹ​ម សុខា ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា បង្ហើប​ថា ចង់​មានការ​ចរចា​ជាមួយ​ក្រុម​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស ដើម្បី​លើកលែង​ការ​ចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​១១៨​នាក់ បាន​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ផ្សេង ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​កុំ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​ក្រុងភ្នំពេញ​។

លោក ហ៊ីង សុខសាន្ដ បន្ដ​ថា លោក កឹ​ម សុខា ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចរចា​បាន​លុះត្រាតែ ត្រូវ​រក​ដំណោះស្រាយ​ចំនួន​៤ គឺ​ដោះ​លែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំងអស់ មិនមែន​តែ​រូប​លោក​ទេ ត្រូវ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វត្ត​មាននៅ​កម្ពុជា​ឡើង​វិញ​៖ «​មិន​មាន​ជា​លក្ខណៈ​ផ្លូវការ​ក្នុង​ការ​ចរចា​នោះ​ទេ មិនមែន​ជា​ការ​ផ្លូវការ​ទេ ខ្ញុំ​ចង់​និយាយ​ថា អ៊ីចឹង​ណា គ្រាន់តែ​វា​ជា​តម្រុយ​មួយ​ជា​លក្ខណៈ​ផ្ញើ​សារ រឺ​ក៏​បំប្លោង​ពាក្យ​សម្ដី​អីចឹង​ៗ​នឹង​ទៅ​ណា ថា​គេ​ចង់​ឲ្យ​មានការ​ដោះស្រាយ​មនុស្ស​ចំនួន​១១៨​រូប អោយ​ចេញ​ធ្វើ​នយោបាយ​វិញ ការ​បោះ​ឆ្នោត​នៅ​តែ​ទៅ​មុខ លោក កឹ​ម សុខា នៅ​តែ​ត្រូវជា​ឃុំ​នៅ​ក្នុង​គុក​ដដែល ចំណែកឯ​អង្គការក្រៅរដ្ឋាភិបាល​អី នៅ​តែ​ធ្វើការ​ដូច​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អីចឹង​»​។

កាលពី​ថ្ងៃ​ទី​៧ កក្កដា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញា​ឫទ្ធិ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា លោក កឹ​ម សុខា ឲ្យ​អត់ធ្មត់​ដើម្បី​ជាតិ​។ លោក​បន្ដ​ថា នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​លោក កឹ​ម សុខា ប្រធាន​គណបក្សប្រឆាំង ដែល​មាន​អាសន​:​នៅ​សភា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង “​ម​៣” ព្រំដែន​ខ្មែរ​-​យួន​ត្រូវ អត់ធ្មត់ ខាំមាត់សង្កត់ចិត្ត មិន​វៀចវេរ​ក្បត់​ឆន្ទ​:​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ក្ដី​សង្ឃឹម ជំនឿ​ទំនុក​ទុកចិត្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក យ៉ែ​ម បុញ្ញឫទ្ធិ បន្ដ​ទៀត​ថា លោក កឹ​ម សុខា ថា អត់ធ្មត់​ដើម្បី​ជាតិ​យើង មិនមែន​ដើម្បី​បុគ្គល បក្ខពួក​គ្រួសារ មិន​ត្រូវ​បោះបង់​ចោល​ប្រជាជាតិ​យើង ក្បត់​ឆន្ទ​:​ប្រជារាស្ត្រ នោះ​ទេ​។ លោក កឹ​ម សុខា ថា គិតពិចារណា មានអី​ហូប​ហ្នឹង គ្រាន់តែ​ហូប​ដើម្បី​រស់​មិន​សំខាន់​ទេ កុំ​ក្បត់​ឆន្ទ​:​រាស្ត្រ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ថ្ងៃ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយសារ​គណបក្សប្រឆាំង​បាន​ដើរ​ផុត​គំនូស​ក្រហម​របស់ លោក​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ សាន្ដ អះអាង​ថា មិន​មានការ​ចង់​ចរចា​ណាមួយ​ទេ​។ លោក​បន្ត​ថា ដំណើរការ​នយោបាយ​នៅ​កម្ពុជា មាន​តែ​ឈាន​ទៅ​មុខ មិន​មានការ​ត្រលប់​ថយក្រោយ​ទេ​៖ «​អានេះ​គ្រាន់តែ​ជា​ការ​ឃោសនា​នយោបាយ​ដែល ជា​អ្វី​បោក​ជាតិ និង​អន្តរជាតិ ការ​បញ្ឆោត​អន្តរជាតិ​នឹង ពួក​នេះ​ពូកែ​បង្កើត​ព័ត៌មាន​បំភ័ន្ត​ណាស់ មក​ដល់​ពេល​នេះ​នាវា​បាន​ចេញ​ទៅ​មុខ​រួច​ហើយ​មិន​អាច​ថយក្រោយ​បាន​ទេ​បាទ មិនមែន​ជា ការ​លេងសើច​ទេ អ៊ីចឹង​ទេ​បានជា​មាន​ក្រសួង​បង្កើត​ក្រុម​អន្តរក្រសួង​ទប់ស្កាត់​នឹង​ការពារ​ព័ត៌មាន​ក្លែងក្លាយ ដល់​តែ​ពេល​គេ​បង្កើត​ទៅ​អាង​ថា​គេ​រឹតត្បិត តឹងរ៉ឹង ឲ្យ​គេ​ធ្វើ​យ៉ាងម៉េច​ចុះបើ​យើង​នឹង​វា​ឡប់ឡែ​អ៊ីចឹង តុលាការ​កំពូល​មិនមែន​ជា​តុលាការ​លេងសើច​ទេ​ណា តា​គេ​រំលាយ​បក្ស​ប្រឆាំង​គឺ គេ​រំលាយ​ហើយ មិនមែន​ចេះ​តែ​ចង់បាន​ចេះ​ចង់បាន​ចុះ​នោះ​ទេ​បាទ​! គេ​រំលាយ​មែនទែន​គេ​មិន​រំលាយ​លេង​ៗ​ទេ​បាទ​»​។

ជុំវិញ​ការ​ប្រកាស​បិទផ្លូវ​ចរចារ​រក​ដំណោះស្រាយ​ជាតិ របស់​គណបក្សកាន់អំណាច អ្នកវិភាគ​ព្រមាន​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ព្រម​ធ្វើ​ព្រងើយកន្តើយ​លើ​រឿង​នេះ​ទេ​។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ យល់​ថា ប្រសិនបើ​មានការ​សម្របសម្រួល​ក្រៅផ្លូវការ​ដើម្បី​ចរចា​មែន គឺ​គណបក្សកាន់អំណាច​នឹង​មិន​ព្រម​ចរចា​ផ្ដល់​ម្ដង​ទាំងអស់​តាម​សំណើ​របស់​លោក កឹ​ម សុខា ទេ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​បាក់​មុខមាត់​។ អ្នកវិភាគ​បន្ដ​ថា បើ​មានការ​ចរចា គណបក្សប្រឆាំង​ត្រូវ​ចរចា​ដោយ​រក្សា​ជំហរ​រឹង​មាំ ឯ​បក្ស​កាន់​អំណាច​ត្រូវ​ដាក់ចិត្ត​ស្មោះ​ចរចា មិនមែន​ត្រឹម​ចង់​ចរចា ដើម្បី​រួច​ពី​ទណ្ឌកម្ម​អន្តរជាតិ​ទេ​៖ «​ប្រសិនបើជា​មានការ​ដោះ​លែង​របស់​សំណើ​រលោក កឹ​ម សុខា ណា​គឺជា​ការ​ល្អ​បំផុត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា រដ្ឋាភិបាល​គាត់​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​គាត់​ស្រលាញ់ មុខមាត់ កេរ្តិ៍ឈ្មោះ​និង​តម្លៃ​ណាស់ គណបក្សកាន់អំណាច​មួយ​នេះ គេ​មិន​ព្រម​ចាញ់​យើង​នោះ​ទេ​»​។

គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែកក្កដា លោក កឹ​ម សុខា ត្រូវ​បាន​កងកម្លាំង​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំ​អស់​រយៈពេល ៣០៩ ថ្ងៃ​ហើយ​។ ជំនួយការ លោក កឹ​ម សុខា គឺ លោក ហ៊ីង សុខសាន្ដ ថា លោក កឹ​ម សុខា ផ្ដាំ​ពី​ពន្ធនាគារ​ថា សុខទុក្ខ​លោក​ជា​រឿង​ធម្មតា តែ​សុខទុក្ខ​ប្រទេស​ជាតិ ទើប​ជា​រឿង​ធំ​៕

ប្រភព ៖ RFA

 

Comments

comments