ថៃ ៖ លោក អា​ណុ​ផុង ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ កក្កដា នេះ​ថា​ក្មេង​ប្រុស​បួន​នាក់​ដំបូង​ដែល​បាន​ជម្លៀស​ចេញពី​រូងភ្នំ​ថា​ម​លួង កាលពី​យប់​ថ្ងៃអាទិត្យ ស្ថិត​ក្នុង​ស្ថាន​ភាពល្អ នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ។

ឥឡូវនេះ អ្នក​ទាំង​៤​នាក់​ កំពុង​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ឈាង​រ៉ៃ រី​ប្រា​សាន់​ខូ​រ៉ូ​វ ក្នុងស្រុក​មាំ​ង ខេត្ត ឈាង​រ៉ៃ ដែល​មាន​ចម្ងាយ​ប្រហែល​៧០​គីឡូម៉ែត្រ​ពី​រូងភ្នំ​ថា​ម​លួង ។

លោក​ឧត្តមសេនីយ៍​អា​ណុ​ផុង បាន​និយាយ​ថា ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​វេជ្ជសាស្ត្រ ជា​ទូទៅ​ពួក​គេ​ទាំង​៤​នាក់​«​រឹង​មាំ​និង​មាន​សុវត្ថិភាព​» ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវការ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត ។

ក្មេង​ប្រុស​ទាំង​បួន​នាក់ ដែល​បាន​ចេញ​ផុត​ពី​រូងភ្នំ កាលពី​យប់​ថ្ងៃអាទិត្យ មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​ពួក​គេ​នៅឡើយ​ទេ ។

សូម​ជម្រាប​ផង​ដែរ​ថា ក្មេង​ប្រុស​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​ម្នាក់ ត្រូវ​ជាប់​គាំង​ចាប់តាំងពី​ថ្ងៃ​ទី ២៣​ខែមិថុនា នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ជន់​លិច​រូងភ្នំ​នេះ ។ ការ​ខ្សោះ​ជីវជាតិ និង​កង្វះ​អាហារូបត្ថម្ភ គឺជា​កង្វល់​ចម្បង ហើយ​ពួក​គេ ត្រូវ​បាន​គេ​ផ្តល់​អាហារ​រាវ​ៗ​បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ២០១៨​។

លោក ណា​រុង​សាក់ តា​ណា​កន ប្រធាន​ប្រតិបត្តិការ​រុករក និង​ជួយ​សង្គ្រោះ បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា មុន​ពេល​ដែល​បេសកកម្ម​ជួយ​សង្គ្រោះ​នឹង​បន្ត អ្នក​មុជទឹក​ត្រូវ​តែ​បំពេញ​គ្រឿង​ផ្គត់ផ្គង់ តាម​បណ្តោយ​ផ្លូវ​ចូល​ទៅ​របស់​ពួក​គេ ។ ក្រុម​អ្នក​មុជទឹក នឹង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​កម្លាំង​បន្ថែម ដើម្បី​នាំ​យក​មនុស្ស​០៩​នាក់ ប៉ុន្តែ​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​ថា ពួក​គេ​ប្រាកដជា​អាច​នាំ​អ្នក​ទាំងនោះ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព ៕

Comments

comments