ម្ចាស់​រថយន្ត​ដែល​ឆេះរ​លាកខ្លួន​ពេល​ចូល​ចាក់​ហ្គា​ស​នៅ​ស្ថានីយ​ក្នុងភូមិ​ចំបក់​ក្អែក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​នោះ​បាន​ស្លាប់​ហើយ​កាលពី​ម្សិលម្ង៉ៃមួយ​ថ្ងៃ​បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ជា​ករណី​មានការ​រិះគន់​ពី​បណ្តាញ​សង្គម​ថា មក​ពី​យឺតយ៉ាវ​បញ្ជូន​ទៅ​សង្គ្រោះ ប៉ុន្តែ​សមត្ថកិច្ច​ថា​ការ​ជួយ​នេះ​គឺ​ប្រើ​រថយន្ត​ឯកជន​ខណៈ​គ្មាន​រថយន្ត​សង្គ្រោះ​។

លោក តាំង គឹ​ម​ហុង អាយុ ៣១ ឆ្នាំ​ជា​បង​បង្កើត​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ពី​កន្លែង​បុណ្យសព​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត​ថា ប្អូនប្រុស​លោក​ឈ្មោះ តាំង គឹ​ម​ហេង អាយុ ៣០ ឆ្នាំ​មាន​ប្រពន្ធ និង​កូនស្រី ២ នាក់ ដែល​កូនច្បង​អាយុ​ជាង ៦ ឆ្នាំ និង​ប្អូន​អាយុ​ជាង ៤ ឆ្នាំ​។

លោក​ប្រាប់​ថា​តាម​ពិត​ប្អូនប្រុស​លោក​មាន​ជំនាញ​ខាង​ធ្វើ​ស្លាក​យីហោ​ទេ ឯ​លោក​រកស៊ី​ជួល​រថយន្ត​ដឹក​ភ្ញៀវ ហើយ​មុន​ថ្ងៃ​កើតហេតុ​ចៃដន្យ​មាន​ភ្ញៀវ​ចិន​ម្នាក់​ជួល​រថយន្ត​មក​ភ្នំពេញ​ហើយ​លោក​ក៏​ឲ្យ​ប្អូន​បើករថយន្ត​ដឹក​ភ្ញៀវ​នោះ​មក ទើប​ជួប​គ្រោះថ្នាក់​ដូច្នោះ​។

លោក​បាន​បន្ត​ថា​ក្រោយ​ពី​គ្រោះថ្នាក់ សមត្ថកិច្ច​ជា​អ្នក​បញ្ជូន​ទាំង​ប្អូន​លោក និង​បុរស​ចិន​នោះ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែ​ដោយសារ​ប្អូន​លោក​រលាកភ្លើង​ខ្លាំង​ទើប​ស្លាប់ បន្ទាប់​ពី​គ្រូពេទ្យ​សង្គ្រោះ​បាន ១ ថ្ងៃ​។

លោក​ប្រាប់​ថា​៖ «​រឿង​នេះ​តាម​ពិត​ទៅ​ខាង​ភ្ញៀវ​ចិន​ជា​អ្នក​ជក់បារី​ក្នុង​ឡាន​ប្អូន​ខ្ញុំ ពេល​កំពុង​ចាក់​ហ្គា​ស​ហើយ​វត្ថុ​តាង​ដែល​ប៉ូលិស​រក​ឃើញ​គឺ​មាន​ដែកកេះ ១ នៅ​លើ​ឡាន​។ ដូច្នេះ​ហើយ​ទើប​ភ្ញៀវ​ចិន​ម្នាក់​នោះ​សុខចិត្ត​ទិញ​ឡាន​ថ្មី​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ១ គ្រឿង​»​។

គួរ​រំឭក​ដែរ​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៩ កក្កដា​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ខណៈ​ជន​រង​គ្រោះ​បើករថយន្ត​ចូល​ចាក់​ហ្គា​ស​នៅ​ស្ថានីយ​តេ​លា​។

ជុំវិញ​ហេតុការណ៍​នេះ​មានការ​រិះគន់​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​កថា សមត្ថកិច្ច​ទុក​ជន​រង​គ្រោះ​សាកសួរ​យូរ​ពេក​មិន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សិន​ទេ​។

យ៉ាងណា​ក្ដី​លោក សុខ សុផល អធិការរង​ស្រុក​គងពិសី​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ដោយសារ​រក​រថយន្ត​ពេទ្យ​មិន​ទាន់​ទើប​អញ្ជើញ​ជន​រង​គ្រោះ​ឱ្យ​អង្គុយ​ក្នុង​បរិវេណ​ស្ថានីយ​សិន ហើយ​ក៏​ឆ្លៀត​សួរ​មុន​ពេល​រក​រថយន្ត​មក​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ពេល​នោះ​ឡានពេទ្យ​ស្រុក​គងពិសី​ចំនួន ២ គ្រឿង​ដឹក​អ្នកជំងឺ​ទៅ​អស់ ហើយ​ការ​អង្គុយ​សួរ​នោះ​មិនមែន​ខ្ញុំ​សួរ​ចម្លើយ​ជន​រង​គ្រោះ​ទេ គឺ​អង្គុយ​ចាំ​ឡានពេទ្យ​។ ពេល​រក​ឡានពេទ្យ​អត់​មាន ខ្ញុំ​ក៏​ពឹង​ឲ្យ​ពលរដ្ឋ​យក​ឡាន​ឯកជន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី ហើយ​ខាង​មន្ទីរពេទ្យ​ហៅ​ឡានពេទ្យ​ដឹក​បន្ត​ទៀត​។ គេ​រិះគន់​អ៊ីចឹង​ក៏​មិន​ខុស​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​អត់​ឡាន យើង​មិន​ត្រូវ​អង្គុយ​រង់ចាំ​សិន​»៕

ប្រភព ៖ P Post

 

Comments

comments