ភ្នំពេញ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ប្តី​ប្រពន្ធ​២​នាក់ឡើង​តុលាការ​នោះ នៅ​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បាន​លោក​ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ម្នាក់​ជា​ប្រពន្ធ ចំណែក​បុរស​ជា​ប្តី​ត្រូវ​សម្រេច​ឃុំខ្លួន ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​។

ការ​សម្រេច​ដោះ​លែង​របស់​លោក​ចៅក្រម ពេជ្រ វិជ្ជាធរ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​រង សេង ហៀ​ង បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​វាយ​កាប់​ចាក់ ទៅ​លើ​បុរស​ជា​អ្នក​ជិតខាង​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ ។

បុរសជាប្តីមាន​ឈ្មោះ​ស្លេះ យូ​សុះ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម និង​ឈ្មោះ​ទ្បោះ សំ​រ៉ស់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ឥ​ស្លា​ម (​ជា​ប្រពន្ធ​) មាន​ទីលំនៅ​ក្រុម​៨ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ពី​បទ ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​​ ។

ពាក់​ព​ន្ធ័​ដល់​បទ​ចោទ​នេះ លោក​ព្រះរាជអាជ្ញា​រង សេង ហៀ​ង បាន​បញ្ជាក់​ប្រាប់​ថា ជន​ត្រូវ​ចោទ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ដោយ​មិន​ទាន់​រាប់​បញ្ចូល​សំណង​ជំងឺ​ចិត្ត​សម្រាប់​ជន​រង​គ្រោះ​នៅឡើយ​ ៕

Comments

comments