ភ្នំពេញ​ ៖ ស្ថានភាព​ទឹក​នៅ​ស្ទឹង​សង្កែ ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​ នេះបាន​ចាប់ផ្តើម​ហក់​ឡើង​វិញ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ពិសេស​ផ្នែក​ខាងក្រោម​ស្ទឹង បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ព្រឹក​នេះ​អោយ​ដឹង​ថា «​ការ​ធ្លាក់​ភ្លៀង​បន្ថែម​ក្នុង​បរិមាណ​ជាង​៦៦​មី​លី​ម៉ែត្រ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត បាន​ធ្វើ​ឱ្យ​ទឹកស្ទឹង​សង្កែ ក្នុង​ខេត្តបាត់ដំបង ហក់​ឡើងជា​ថ្មី​ម្តងទៀត ។ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកស្ទឹង​សង្កែ មាន​កម្ពស់​១២.៥២​ម៉ែត្រ គឺ​ខ្ពស់​ជាង​កម្ពស់​ទឹក​ដែល​បាន​ហក់​ឡើង អតិបរមា​នា​ពេល​ថ្មី​ៗ​នេះ​០.១០​ម ។ ការ​ហក់​ឡើងជា​ថ្មី​នេះ ពុំ​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ ហើយ​ទឹកនឹង​ស្រក​ចុះ​វិញ ក្នុង​រយៈពេល​២​ដល់​៣ ថ្ងៃ​ខាង​មុខ​» ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបង​បាន លើក​ឡើង​ថា ឥទ្ធិពល​អាកាសធាតុ​រង​សម្ពាធ​ទាប​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​បង្ក​ឲ្យ​ទឹកភ្លៀង​បន្ត​ធ្លាក់ ជា​បន្តបន្ទាប់ នៅ​ក្នុង​ខេត្តបាត់ដំបង និង​នៅ​តំបន់​ប៉ែក​ខាងលើ​ជាប់​ខេត្តបាត់ដំបង​ដូច​ជា​នៅ​ប្រទេស​ថៃ តំបន់​ខាង​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត​ជាដើម​ជា ជា​ហេតុ​រុញច្រាន​ទឹក​យ៉ាង​គំហុក ចូល​មក​ក្នុង​ស្ទឹង​សង្កែ​រហូត​កម្ពស់​ឡើង​ដល់​១២.៥២​ម៉ែត្រ ៕

Comments

comments