ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ បាន​បើក​សវនាការ​ប្រកាស​សាលក្រម ដោយ​បាន​សម្រេច​ដោះ​លែង បុរស​ជា​តៃកុង​រថយន្ត​ធុន​ធំ ដែល​បាន​បុក​មនុស្ស​ស្លាប់ នៅ​ខណ្ឌ​ព្រែក​ព្នៅ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ជនជាប់ចោទ​ឈ្មោះ អៀ សា​វុ​ធ អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត ស្នាក់​នៅ​ភូមិ​ព្រៃ​ដុះ ឃុំ​ស្វាយ​អំពៀ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោម​បទ​ចោទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ យោង​តាម​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

សូម​រម្លឹក​ឡើង​វិញ​ថា កាលពី​យប់​ថ្ងៃ​ទី​៣ ក​ក្ដ​ដា ២០១៨ ជនជាប់ចោទ ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​កុងតឺន័រ សណ្តោង​រឺ​ម៉ក​ដែល​មាន​ក្បាល​ពណ៌ ស ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP-0198 បុក​រថយន្ត​ម៉ាក គា ក្បាល ព័ណ៌​ស ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2A-0545 កំពុង​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥A មុខ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ជិត​ផ្សារ​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ជន​រង​គ្រោះ ឈ្មោះ យិ​ន ចាន់​ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់​ត្រី ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ៕

Comments

comments