ភ្នំពេញ ៖ ពិតជា​រឿង​មួយ​គួរ​ឱ្យ​សង្វេគ​បំផុត សម្រាប់​ទារក​តូច​ម្នាក់​នេះ ដែល​ទើបនឹង​មាន​អាយុ​២​ខែ ខណៈ​ដែល​ឪពុក​ម្តាយ​បាន​កើត​មាន​ជម្លោះ​តឹងសរសៃក​ដាក់​គ្នា តែ​បែរជា​ចាប់​ក្របួច​កូនប្រុស​គំរាម​ទម្លាក់​ចុះ​ពី​ជាន់​ទី​១​សម្លាប់​ចោល ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់​ពេល ស្រាប់តែ​ឪពុក​ម្តាយបង្កើត​នោះ នាំ​គ្នា​រត់​ចោល​កូន​បាត់​ទៀត ទុក​ឱ្យ​កូនប្រុស​ស្រែកយំ ដោយ​ការ​ស្រេកឃ្លាន ។

ហេតុការណ៍​នេះ​បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​១៦ កក្កដា ២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ មានឈ្មោះ​ថា «​រ​នាថ កូន​ខ្មែរ​» បាន​បង្ហោះ​សារ​ថា ជម្លោះ​ក្នុង​គ្រួសារ គម្រាម​ទម្លាក់​កូន​តូច​អាយុ​ជិត​២​ខែ ពីលើ​ផ្ទះ​ជាន់​ទី​១ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​កូន​តូច​ចេញ ហើយ​កំពុង​បំបៅ​ទឹកដោះគោ ។ ចំណែក​២​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​បាត់​ទុក​ក្មេង​ចោល ។ សង្ឃឹមថា ពូ​ហើយ​និង​មីង មាន​ទំនួល​ខុស​ត្រូវ លើ​កូន​ចុះ ។ ត្រលប់​មក​យក​គ្នា​ផង អាណិត​ក្មេង​ណាស់ ។

ក្រោយ​កើតហេតុ បន្ទាប់​ពី​ជួយ​ផ្ងូត​ទឹក បំបៅ​ទឹកដោះគោ​ឱ្យ​ក្មេង​តូច​រួច​ហើយ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ក្មេង​តូច​អភ័ព្វ​ខាងលើ​យក​ទៅ​ប្តឹង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​ជួយ​ដឹង​ឮ និង​តាម​ស្វែង​រកមុខ​ឪពុក​ម្តាយ នាំ​មក​សាកសួរ ៕

Comments

comments