ខេត្ត​ព្រះ​សីហ​នុ ៖ មក​ដល់​ត្រឹម ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កម្ពស់​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​កើនឡើង​វិញ បន្ទាប់​ពី​បាន​ស្រក​ចុះ​បន្តិច​នៅ​វេលា​យប់មិញ ។

ខណៈ​ពេល​នេះ ទឹក​នៅ​តែ​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន ប្រវែង​ប្រមាណ​៨០០ទៅ៩០០ ម៉ែត្រ ក្នុង​កម្ពស់​ប្រមាណ១,៤០ទៅ១,៥០ម៉ែត្រ ។ ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​បន្ត​បិទ​ចរាចរ​ជា​បណ្តោះអាសន្ន​នៅឡើយ ដោយសារ​តែ​ទឹក​នៅ​បន្ត​ជន់​លិច​ ។

អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះ​សីហ​នុ សូម​វាង​តាម​ផ្លូវជាតិ​លេខ​៤១ និង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​២៤ កក្កដា ២០១៨ ខ្យល់មូសុង​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប កំពុង​មាន​ឥទ្ធិពល​នៅ​កម្ពុជា ដែល​លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ខេត្ត​នៅ​ជាប់​ឆ្នេរសមុទ្រ ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំពោះ​បណ្តា​រាជធានី ខេត្ត​ដទៃ​ទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ​នេះ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​កើតឡើង​ជាយថាហេតុ ៕

Comments

comments