ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​៣ ដែល​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង មាន​ប្រវែង​ប្រមាណ​១៥​គីឡូម៉ែត្រ នឹង​ត្រូវ​ជួល​ជុល​ឡើង​វិញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មន្ត្រី​ជំនាញ បាន​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ ចាក់​ថ្ម​គៀរ​ពង្រាប ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ក្នុង​ខេត្តកំពត ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ ពិនិត្យ​មើល​ការ​ជួសជុល​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤១ ក្រោយ​រង​ការ​ខូចខាត ដោយ​ទឹកភ្លៀង​ជោកជាំ ។ តែ​ក្នុង​រយៈពេល​នេះ ជា​ការ​ជួសជុល​បណ្តោះអាសន្ន ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​យើង ។

លោក ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ថា កំណាត់​ផ្លូវជាតិ​លេខ​៣ ធ្វើ​មុនគេ បន្ទាប់​មក​ដល់​ផ្លូវជាតិ​លេខ​៤១ ។​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៣ បាន​យល់ព្រម​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​១៥​គីឡូម៉ែត្រ គិត​ពី​ទីរួមខេត្ត​កំពត ដើម្បី​សម្រួល​ចរាចរណ៍ ក្រោយ​ពី​ភ្លៀង​ខ្លាំង​ប៉ុន្មាន​ថ្ងៃនេះ ។ រហូត​ដល់​ខែតុលា ទើប​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៣ ចាប់ផ្តើម​ពង្រីក​ផ្លូវ និង​ចាក់​កៅស៊ូ​បន្ថែម ។

លោក ស៊ុន ចាន់​ថុ​ល បញ្ជាក់​ថា ក្រសួង​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ផ្លូវ​ពី​ខេត្តកំពត ទៅ​វាល​រេញ ហើយ​គាត់​បាន​យល់​ព្រមយក​គ្រឿង​មក​ថ្ងៃ​ទី​២៣​កក្កដា ដើម្បី​ជួសជុល​ផ្លូវ​នោះ ដើម្បី​សម្រួល​ដល់​ចរាចរណ៍ ។

លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​លើក​ឡើង​ថា ផ្លូវជាតិ​លេខ​៤១ មាន​ប្រវែង​សរុប​៩៦​គីឡូម៉ែត្រ ហើយ​ផ្លូវ​ដែល​ខូច​ប្រហែលជា​២៥​គីឡូម៉ែត្រ ដោយសារ​ទឹកភ្លៀង​ផង និង​ដោយសារ​តែ​ការ​ដឹក​ទំនិញ​ផង ។ ផ្លូវ​នេះ ខាងក្រោយ យើង​ត្រូវ​រៀបចំ​ជា​កៅស៊ូ AC វិញ ព្រោះ​ផ្លូវ​នេះ ធ្វើ​ចរាចរណ៍​ច្រើន​ណាស់ ដឹក​ទំនិញ​ពី​ភ្នំពេញ ទៅ​ខេត្តកំពត និង​បន្ត​ទៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក្រុមហ៊ុន​ចិន បាន​យល់ព្រម​ជួសជុល​ផ្លូវ​លេខ​៤១​នេះ ក្រោយ​ពី​ដំណើរការ​ជួសជុល​រួចរាល់​នៅ​ផ្លូវជាតិ​លេខ​៣ ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត ៕

Comments

comments