ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា នេះ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​សួរសុខទុក្ខ​ដល់​លោក​អនុសេនីយ៍ឯក ឃិ​ន ទិ​ត្យ មន្ត្រី​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គរ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​បាន​រង​របួសធ្ងន់ នៅ​ពេល​កំពុង​ប្រតិបត្តិការ នៅ​ក្នុង​មូលដ្ឋាន ។

លោក ជួន សុវណ្ណ ក៏​បាន​ជួយ​សម្រួល​តាម​សំណើ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ធ្វើ​លិខិតឆ្លងដែន​ជូន​រង​គ្រោះ​ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​សម្រួល​ជួន​លោក ឃិ​ន ទិ​ត្យ ដែល​កំពុង​រង​របួសធ្ងន់ អាច​ចេញ​ទៅ​សង្គ្រោះ​ជីវិត នៅ​ប្រទេស​ថៃ ។

សូម​ជម្រាប​ថា លោក​ឃិ​ន ទិ​ត្យ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ត្រូវ​ជនល្មើស​កាប់​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ពេល​បំពេញការងារ ចុះ​ទៅ​សាកសួរ​ជន​ប្រព្រឹត្ត​បទល្មើស តាម​ពាក្យបណ្តឹង របស់​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល កើត​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ កក្កដា សិ្ថ​ត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោល រាជធានី​ភ្នំពេញ​។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​អ្នក​រត់​កង់​បី​ថា មាន​បញ្ហា​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែ​ឈើ​នៅ​មុខ​ផ្សារ​នាគ​មាស លោក ឃិ​ន ទិ​ត្យ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​សរុប​ចំនួន​៣​នាក់ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ គ្រាន់តែ​ទៅ​ដល់​មុខ​ផ្សារ​នាគ​មាស មិន​ទាំង​បាន​សួរនាំ​ផង ក៏​ត្រូវ​ជនល្មើស​ស្ទុះ​មក​កាប់​យក​ៗ​តែ​ម្តង ។ ជនល្មើស ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

ចំណែក​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​មាន​សភាព​ធ្ងន់ធ្ងរ ។ សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​ស្កេ​ន​ក្បាល​ជន​រង​គ្រោះ​រួច​មក​ឃើញ​ថា ជន​រង​គ្រោះ​ប៉ះ​ត្រូវ​ខួរក្បាល​ពីរ​កន្លែង ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្លាំង​បំផុត ៕

Comments

comments