រតនគិរី ៖ ដោយសារ​តែ​គ្រឿង​ស្រវឹង បាន​ធ្វើ​អោយ​អ្នក​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន ដូច​គ្នា ផឹកស៊ី​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​រហូត​ស្រវឹង​ជោកជាំ​រៀង​ៗ​ខ្លួន ក្លែមពាក្យ​សម្តី ចេញ​ជាជម្លោះឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​ការ​ប្រើ​អំពើ​ហិង្សា បណ្តាល​ឲ្យ​ម្នាក់​រង​របួស ហើយ​ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​ហិង្សា​វាយ​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​២២ កក្កដា ២០១៨ នៅ​ចំណុច​ម្ដុំ​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

ជន​រង​គ្រោះ​មានឈ្មោះ អោ ឧត្ដម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នក​សា​ព័ត៌មាន «​តា​ដំបងគ្រញូង​» រង​របួសធ្ងន់ ចំណែក​ជន​បង្ក​ឈ្មោះ ណាត ពៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​អ្នក​សារព័ត៌មាន «​ចក្រភព​ព័ត៌មាន​» ។

តាម​ប្រភព​ព័ត៌មាន នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​អ្នក​សារព័ត៌មាន​២​នាក់​ខាងលើ បាន​ផឹកស៊ី​ជាមួយ​គ្នា សើច​ក្អាកក្អាយ​សុខ​ៗ ក្រោយមក​ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្តី​កើតឡើង រហូត​ក្លាយជា​ទំនាស់ វាយ​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​ចូល​ប៉ុស្ដិ៍ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​នៅ​អធិការ​ក្រុង ដើម្បី​សួរនាំ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ៕

Comments

comments