ក្រុម​អង្គការ​សង្គម​ស៊ី​វិល​អន្តរជាតិ​ចំនួន​បួន រក​ឃើញ​ថា មិន​ចំពោះ​ថា របប​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ មើលទៅ​ដូច​ជា​មាន​ប្រជាធិបតេយ្យ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ ការ​ពិត​គឺ​អ្វី​ៗ ដែល​កំពុង​រៀបចំ​នេះ គឺជា​ឆាកល្ខោន​តែ​ប៉ុណ្ណោះ ព្រោះ​ការ​បោះ​ឆ្នោត ខាង​មុខ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​ឡើយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​រៀបចំ​ដោយ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) អង្គការ​អន្តរជាតិ​ទាំង​បួន បាន​ពន្យល់​អ្នក​សារព័ត៌មាន និង​មតិ​ជាតិ និង​អន្តរជាតិ ឲ្យ​ជ្រាប​អំពី​តថភាព​ពិត នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។

នាយករង​របស់​អង្គការ​ឃាំ្ល​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូ​ប៊ើ​ត​សិន (Phil Robertson) ហៅ​ដំណើរការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ ថា​មិនមែន​ជា​ដំណើរ​ប្រជាធិបតេយ្យ ដូច​ការ​ចង់បាន​របស់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ វា​ជា​បុណ្យ​បញ្ចុះ​សព្វ​នៃ​មរណភាព​ប្រជាធិបតេយ្យ ដែល​បាន​ស្លាប់​ក្នុង​វ័យ​ជាង ២៥​ឆ្នាំ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​។

លោក ហ្វីល រ៉ូ​ប៊ើ​ត​សិន បន្ត​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្សកាន់អំណាច កំពុង​ខំប្រឹង​សម្ដែង​ឆាកល្ខោន ដើម្បី​បំភាន់​ភ្នែក​សាធារណ​មតិ ជាតិ​និង​អន្តរជាតិ ឲ្យ​ជឿ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ មាន​លក្ខណៈ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជាដើម​៖ «​ល្បែង​ដែល​លោក ហ៊ុន សែន និង​បក្ស​កាន់​អំណាច​កំពុង​លេង​នៅ​ពេល​នេះ គឺ​ពួក​គាត់​ចង់​ទាមទារ​ភាព​ស្របច្បាប់ នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ ដែល​នរណា​ក៏​មើលឃើញ​រួច​ទៅ​ហើយ​ដែរ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នោះ​។ លោក ហ៊ុន សែន ប្រឹង​បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម មាន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​រាប់​ម៉ឺន​នាក់ និង​អួត​ថា មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ ចូលរួម​ផង​។ ប៉ុន្តែ តាម​ការ​ពិត​គណបក្ស​ច្រើន​មែន តែ​បក្ស​ខ្លះ​មាន​អាយុ​ត្រឹម​ពីរ​បី​ខែ​ប៉ុណ្ណោះ​។ ឯ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ភាគច្រើន គឺជា​មនុស្ស​របស់​ក្រុម​សម្ព័ន្ធ​យុវជន ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី​។ ចំណែកឯ​អ្នក​សង្កេតការណ៍​អន្តរជាតិ បើ​និយាយ​តាម​ពិត គឺ​គ្មាន​អ្នក​សង្កេតការណ៍​ឯណា ពី​ខាង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​សេរី​ឯទៀត គេ​ចូលរួម​នោះ​ទេ ព្រោះ​ប្រទេស​ទាំងនេះ បាន​ថ្កោលទោស​ការ​បោះ​ឆ្នោត​នេះ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​កម្ពុជា​នោះ​»​។

នាយក​កម្មវិធី​ប្រទេស​កម្ពុជា នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ (NDI) លោក ច​ន ខា​វ៉ា​ណា​ហ្វ (John S. Cavanaugh) បាន​លើក​ឡើង​ថា មិន​ចំពោះតែ​លោក​ទេ នរណា​ផ្សេង​ក៏​អាច​ទាយ​ទុក​មុន​បាន​ដែរ ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នឹង​ឈ្នះ​ឆ្នោត ១០០% ព្រោះ​គ្មាន​គូប្រកួត​ប្រជែង​ទេ​។ លោក ច​ន ខា​វ៉ា​ណា​ហ្វ ក៏​បាន​លើក​ឡើង​អំពី​មតិ​ពលរដ្ឋ​ខ្មែរ ដែល​មិន​ចង់ទៅ​ចូលរួម​បោះ​ឆ្នោត ដោយសារ​ពួក​គាត់​អះអាង​ថា ទោះ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត ក៏​គង់តែ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ឈ្នះ​ឆ្នោត​តែ​ដដែល​ហ្នឹង​។ មិនតែប៉ុណ្ណោះ លោក​ក៏​បាន​រម្លឹក​អំពី​ការ​ស្ទង់​មតិ ដែល​វិទ្យាស្ថាន​ប្រជាធិបតេយ្យ បាន​ធ្វើ​កាល​នៅ​មុន​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ ដែល​រក​ឃើញ​ថា លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា មាន​ប្រជាប្រិយភាព​កើនឡើង​ខ្លាំង ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​លោក ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​លទ្ធផល ក្រោយ​ការ​កើនឡើង​នៃ​ប្រជាប្រិយភាព នៃ​បក្ស​ប្រឆាំង ទើប​របប​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​តែ​ម្ដង​។

អគ្គលេខាធិការ របស់​ក្រុមប្រឹក្សា​អ្នក​ច្បាប់ (ICJ) លោក សែ​ម ហ្សា​រី​ហ្វ៊ី (Sam Zarifi) ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ក៏​បាន​លើក​ឡើង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឈាន​ដល់ទី​បញ្ចប់​ហើយ​។ លោក​បញ្ជាក់​ថា ការ​ប្រែប្រួល​ចុង​ក្រោយ​នៅ​កម្ពុជា ក្រោម​របប​លោក ហ៊ុន សែន បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​រដ្ឋ​ឯក​បក្ស ដែល​គ្រប់គ្រង​អំណាច​ផ្ដាច់​ការ ដោយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សែ​ម ហ្សា​រី​ហ្វ៊ី បញ្ជាក់​ថា អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា​សព្វថ្ងៃ នេះ​គឺ​ផ្ទុយ​ពី​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ចង់បាន​។ កម្ពុជា​សព្វថ្ងៃ ក្លាយជា​ប្រទេស​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ី​វិល និង សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដែល​ផ្ទុយ​ទៅ​នឹង​កាតព្វកិច្ច​កម្ពុជា ដែល​បាន​សន្យា​ថា នឹង​បំពេញ​តាម​អនុសញ្ញា​អន្តរជាតិ​។

ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព នៃ​អង្គការ​សង្គម​ស៊ី​វិល បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​សេរី ហៅ​កាត់ អាន​ហ្វ្រែ​ល (ANFREL) ក៏​បាន​លើក​ឡើង​អំពី​ភាព​ខ្វះ​អ្នក​សង្កេតការណ៍​ឯករាជ្យ ក្នុង​ការ​បោះ​ឆ្នោត ដោយសារ​តែ​អង្គការ​សង្គម​ស៊ី​វិល​ឃ្លាំមើល​បោះ​ឆ្នោត​ធំ​ៗ ដូច​ជា​អង្គការ ខុមហ្វ្រែល (Comfrel) និង​និក​ហ្វិ​ច (Necfic) ជាដើម សុទ្ធតែ​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍ ឲ្យ​ចូលរួម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ ដោយសារ​តែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន និង ការ​បិទ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ី​វិល​ជាង ៤០ ឃ្លាំមើល​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។

មន្ត្រី​នាំពាក្យ​របប​លោក ហ៊ុន សែន និង មន្ត្រី​នាំពាក្យ​បក្ស​កាន់​អំណាច សុទ្ធតែ​ធ្លាប់​បាន​អះអាង​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គឺជា​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយសារ​មាន​គណបក្ស​ចូលរួម​ចំនួន​២០ រួម​ទាំង​បក្ស​កាន់​អំណាច​ផង​។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​មិន​ខ្វល់​ថា​អន្តរជាតិ​ណា​ទទួលស្គាល់ ឬ មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​អះអាង​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ក៏​នឹង​មិន​ទទួលស្គាល់​ដោយ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​ប្រទេស​ដែរ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​អ្នកគាំទ្រ​ជាង​បី​លាន​នាក់ ដែល​មិន​ពេញចិត្ត​នឹង​ការ​រម្លាយ​បក្ស​ប្រឆាំង និង​ការ​ផាត់​បក្ស​នេះ​ចេញពី​ការ​បោះ​ឆ្នោត​ខាង​មុខ​៕

ប្រភព ៖ RFA

 

Comments

comments