គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថានភាព​ទូទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​សព្វមួយដង ដោយសារ​ប្រជាពលរដ្ឋ បុគ្គលិក​តាម​ភោជនីយដ្ឋាន ហាង និង​កម្មករ​កម្មការិនី​មួយ​ចំនួន​បាន​ចេញ​ទៅ​ស្រុក​កំណើត​ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក ទី​២៩ ខែកក្កដា ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​អង្រុត​» បាន​បញ្ជាក់​ទៀត​ថា ភាព​ស្ងប់ស្ងាត់​ផ្សេង​ទៀត កើតឡើង​ដោយសារ​ភោជនីយដ្ឋាន​និង​ហាង​ផឹកស៊ី​ភាគច្រើន​បាន​បិទ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ដែល​ចាត់​ទុក​ថ្ងៃនេះ​ជា​ថ្ងៃ «​ស​» ។

ស្រប​ពេល​នេះ​ដែរ នៅ​តាម​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បិទទ្វារ និង​តាម​ដងផ្លូវ​ភាគច្រើន​មាន​សភាព​ស្ងប់ស្ងាត់​ផង​ដែរ ។

ដោយឡែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​គឺ​លោក សម រ​ង្ស៊ី​នោះ​វិញ បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត ដោយ​លោក​(​សម រ​ង្ស៊ី​) ចាត់​ទុក​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា​ស្អែក​នេះ ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​និង​មិន​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ។

ផ្ទុយ​ទៅ​វិញ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល ក៍​មាន​អ្នកគាំទ្រ​និង​សមាជិក​សមាជិកា ក៍​ដូច​ជា​សកម្មជន​គណបក្សកាន់អំណាច​(​គណបក្ស​ប្រជាជន​កម្ពុជា​)​មួយ​ចំនួន បាន​បង្ហោះ​សារ​ឲ្យ​មានការ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដោយ​ខ្លះ​សរសេរ​ថា​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃស្អែក​នេះ គឺ​មាន​សារៈសំខាន់ ជា​អាយុជីវិត​ជាតិ​និង​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ជាដើម ។

ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនៅថ្ងៃស្អែក មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន២០ អវត្តមានគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆំាងដ៍ធំ ដោយសារតុលាការកំពូលសម្រេចរំលាយ ព្រោះ​តែ​មេដឹកនំាបក្ស គឺលោក កឹម សុខា រងការចោទថាជាជនក្បត់ជាតិ និងកំពុងជាប់ក្នុងពន្ឋនាគារត្រពំាងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ៕

Comments

comments