គណៈកម្មការ​ការពារ​អ្នកកាសែត (Committee to Protect Journalists) នៅ​ថ្ងៃ​ទី ៣០ កក្កដា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បិទ​ខ្ទប់​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន នៅ​មុន​និង​ថ្ងៃ​បោះ​ឆ្នោតជាតិ កាលពី​ថ្ងៃអាទិត្យ​ នេះបើតាមវិទ្យុបារាំង RFI ។

អង្គការ​ការពារ​អ្នកកាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រឹតត្បិត និង​បំពាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត​ ។

តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន តំណាង​គណៈកម្មការ​ការពារ​អ្នកកាសែត (CPJ) ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ លោក Shawn Crispin បាន​លើក​ឡើង​ថា «​នៅ​ក្នុង​អ្វី​ដែល​គេ​ចង់​បិទ​បាំង​មុខមាត់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា អាជ្ញាធរ​កម្ពុជា​បាន​មមាញឹក​ខ្លាំង ក្នុង​ការ​តាម​ចាប់​ពិរុទ្ធភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​កម្ពុជា​»​។

លោក​បន្ត​ថា «​ប្រសិនបើ​កម្ពុជា​ពិតជា​ចង់​ឲ្យ​រូបភាព​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មាន​ពន្លឺ​នៅ​ចំពោះ​មុខ​ពិភពលោក ពួក​គេ​គួរតែ​បញ្ឈប់​ចាប់ពី​ឥឡូវនេះ​ទៅ នូវ​ការ​ធ្វើ​ទុក​បុក​ម្នេញ ឬ​ចាប់​ពិរុទ្ធភាព នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​»​ ។

ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​អ្នកកាសែត (CPJ) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ គឺ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​សម្រេច​បិទ​គេហទំព័រ​ព័ត៌មាន​ធំ​ៗ​ចំនួន​១៧​ស្ថាប័ន ចាប់ពី​ម៉ោង​១២​យប់ ថ្ងៃ​ទី ២៧ កក្កដា រហូត​ដល់​ម៉ោង​១២​យប់ ថ្ងៃ​ទី ២៩ កក្កដា​។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​ថា ការ​បិទ​ខ្ទប់​គេហទំព័រ​ទាំង​១៧ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ ស និង​នៅ​ថ្ងៃ​បោះ​ឆ្នោត តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គជ​ប​ ។

ក្នុង​ចំណោម​គេហទំព័រ​ទាំង​១៧​នោះ មាន​ជា​អាទិ៍​៖ គេហទំព័រ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA គេហទំព័រ​វិទ្យុ​អាស៊ី​សេរី និង​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជាដើម​ ។ ប៉ុន្តែ គេហទំព័រ​មួយ​ចំនួន បាន​អះអាង​ថា គេហទំព័រ​របស់​ខ្លួន ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ហើយ តាំងពី​មុន​ម៉ោង​១២​យប់ ថ្ងៃអាទិត្យ ទី​២៩ កក្កដា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួចរាល់​។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​បិទ​បញ្ចប់​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម ប៉ុន្តែ​មិន​មាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​ឡើយ​។

ផ្អែក​តាម​លទ្ធផល​បណ្តោះអាសន្ន​ដែល​ចេញផ្សាយ​ដោយ គជ​ប គិត​ត្រឹម​ថ្ងៃ​ទី ៣០ កក្កដា បង្ហាញ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​គត់ ដែល​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ ជាង​៤​លាន​៨​សែន​សម្លេង ស្មើនឹង ៧៧.៧៧% នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជាង​៦​លាន​៩​សែន​នាក់ ឬ​ស្មើនឹង ៨២.៨៩%​នៃ​ចំនួន​អ្នកមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាង​៨​លាន​នាក់​ ៕

 

Comments

comments