ភ្នំពេញ ៖ បុរស​ជា​គ្រូបង្រៀន​ម្នាក់ បាន​នាំ​ប្រពន្ធ​ទៅ​ចូលរួម​ពិធីជប់លៀង​នៅផ្ទះ​មិត្តភក្តិ លុះ​ចប់​កម្មវិធី ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ពាក់​កណ្តាលផ្លូវ ក៏​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​ជនជាតិ​ចិន​ម្នាក់​បើក​បោះពួយ​យ៉ាង​លឿន ជ្រុល​មក​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឱ្យ​បុរស​ជា ប្តី​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដួល​បោក​នឹង​ថ្នល់ រួច​អូស​តាម​ម៉ូតូ​ជាង​៣០​ម៉ែត្រ រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង រីឯ​ម៉ូតូ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ក្តី​តា​កុយ ស្ថិត​ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្តី​ប្រពន្ធ​ជន​រង​គ្រោះ ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់ និង​របួសធ្ងន់ រួម​មាន បុរស​ជា​ប្តី​មានឈ្មោះ​អ៊ឹម សុធី អាយុ​៥៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន​មុខ​វិជ្ជា​គណិត​វិទ្យា (​ស្លាប់​នៅ​នឹង​កន្លែង​) ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​ហែម សុ​គ​ន្ធា​រី មុខរបរ​ជា​បុគ្គលិក​អនាម័យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​រង​របួស​យ៉ាង​ធ្ងន់​) ។ ប្តី​ប្រពន្ធ​ជន​រង​គ្រោះ មាន​លំនៅ​ក្នុងភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក គឺជា​ជនជាតិ​ចិន នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-9171 ដឹក​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង (​បើក​កណ្តាលផ្លូវ​) លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បើក​អែប​មក​ខាងស្តាំ​ដៃ​របស់​ខ្លួន​វិញ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-6855 បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់ ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោកជាំ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បើក​វ៉ា​ជែង​គេឯង​ពេញ​ផ្លូវ រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ជា​ប្តី រង​របួស​បាក់ជើង​ខាងស្តាំ និង​ប៉ើង​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត រួច​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ៕

Comments

comments