រាជធានី​ភ្នំពេញ​៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចេញ​មក​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង តាម​រយៈ​ការ​ចេញផ្សាយ​ពី​បណ្ដាញសារព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ថា អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់ ទៅ​វាយ​កម្ទេច​របង​ផ្ទះ​របស់​លោក មាស សា​វឿ​ន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​នោះ វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ ។

នៅ​ព្រលប់​ថ្ងៃ​ទី​៣១ កក្កដា ២០១៨​នេះ អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ក្នុង​សន្និសីទកាសែត​មួយ បាន​ច្រានចោល​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ចោទ​ដល់​អាជ្ញាធរ​ថា បាន​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ភ្លាម បន្ទាប់​ពី​ចប់​បោះ​ឆ្នោត​ភ្លាម រហូត​មានការ​ចោទប្រកាន់​មក​លើ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចាប់​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ទៀត​ផង ។

ត្រង់​ចំណុច​នេះ លោក ជា ពិសី បាន​បញ្ជាក់​ថា ករណី​នេះ​ផ្តើម​ចេញពី​លោក មាស សា​វឿ​ន បាន​យក​គ្រឿងចក្រ ប្រុង​ទៅ​វាយ​របង​អ្នក​ជិតខាង​ដែល​ស្របច្បាប់ ហើយ​ចង់​សង់​សំណង់​រឹង ពេល​នោះ​ក៏​មាន​បណ្តឹង​ពី​ម្ចាស់​ដី រួច​លោក​ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ខាំ សុ​ផា​រី ផង​នោះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់ ។ ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់​ស្រាប់តែ​ក្រុម​កម្មករ​របស់​លោក មាស សា​វឿ​ន ក៏​មក​ប្រមូលផ្តុំ​តវ៉ា​ប្រដាប់​ដោយ​ដំបង កាំបិត ដាវ និង​ដុំ​ថ្ម រហូត​គប់​លាមក​មក​លើ​អាជ្ញាធរ​ទៀត​ផង ។

ជាមួយ​គ្នា​នេះ ក្រុម​កម្មករ​ទាំងនោះ ថែម​ទាំង​បាន​ប្រើ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ទៅ​ទិញ​សាំង ដើម្បី​ចង់​ដុត​បង្ក​ភាព​តវ៉ា​កាន់តែ​ខ្លាំង ដូច្នោះ​ហើយ​ទើប​អាជ្ញាធរ​ធ្វើការ​រារាំង ក្មេង​នោះ​មិន​ឲ្យ​យក​សាំង​ទៅ​នោះ​ទេ ស្រាប់តែ​មានការ​ចោទប្រកាន់​ថា អាជ្ញាធរ​បាន​ប្រើ​អំពើ​ហិង្សា និង​ចាប់​ក្មេង​ទៅ​វិញ ។ បើ​តាម​លោក​អភិបាល​ខណ្ឌ ចំពោះ​បញ្ហា​នេះ គឺ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង និង​នាំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​។

លោក ជា ពិសី បាន​បន្ត​ថា អ្វី​ដែល​ជា​ការ​ពិត​នោះ គឺ​ក្នុង​នាម​អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ទទួល​ពាក្យបណ្ដឹង​មួយ ដើម្បី​ធ្វើការ​ដោះស្រាយ​រវាង​លោក មាស សា​វឿ​ន មាន​ជម្លោះដីធ្លី​ជាមួយ​អ្នក​ជិតខាង ជាប់​ព្រំ​ដី​គ្នា​តាំងពី​យូរ​ឆ្នាំ​មក​ហើយ ដោយ​ទាមទារ​រក្សា​ស្ថានភាព​ដី​ឲ្យ​នៅ​ជា​ទ្រង់ទ្រាយ​ដើម ពោល​គឺ​មិន​អនុញាត​ឲ្យ​មានការ​សាងសង់​ផ្ទះ ឬ​ធ្វើ​ជា​របង​ឡើយ រង់ចាំ​ការ​ដោះស្រាយ​ជម្លោះ​ត្រូវ​បាន​បញ្ចប់ ដោយ​គណៈកម្មការ​ចម្រុះ ទើប​ភាគី​ម្ខាង ក្នុង​ចំណោម​ភាគី​ទាំង​ពីរ អាច​អាស្រ័យ​ផល​លើ​ដី​កំពុង​មាន​ជម្លោះ​នេះ​តទៅ​ទៀត​បាន ៕

Comments

comments