ក្រោយពី​បើក​សវនាការ​ជំនុំជម្រះ​ជិត​មួយ​ម៉ោង​កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ជា​ជនជាតិ​វៀតណាម​ ៨ ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ជា​ថ្នូរ​នឹង​ការតម្កល់​លុយ​ ៣០ ​លាន​រៀល​។

លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​សាលដីកា​ថា​៖ «​យោង​មាត្រា​ ២០៩ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អំពី​ការឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទមជ្ឈិមជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បើ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​គឺ​មាន​រយៈពេល​ជាង​ ៦ ​ខែ​ហើយ​។ ​ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បដិសេធ​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ​ចោល​។ តុលាការ​កំពូល​យល់ព្រម​ឲ្យ​ជន​ត្រូវ​ចោទ​ត្រូវ​តម្កល់​ប្រាក់​ធានា​ ៣០ ​លាន​រៀល​នៅ​តុលាការ និង​លិខិត​ឆ្លងដែន​ហើយ​ត្រូវ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​ក្នុង​ ១ ​ខែ​ម្តង​»​។

យោង​តាម​កំណត់​សមត្ថកិច្ច​បង្ហាញ​ថា បុរស​ជនជាតិ​វៀតណាម​ទាំង​ ៨ ​នាក់​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ១០ មករា ២០១៨ នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​ក្នុង​ភូមិ​ឡៅ​ល្មៀត ឃុំក្រង់​តេះ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។ ជនជាតិ​វៀតណាម​ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ផ្តួលរំលំ​ដើមឈើ​រាប់ពាន់​ដើម​នោះ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ដែល​មាន​បិទ​ស្លាក​របស់​ក្រុមហ៊ុន ដួង ស្រួច​គ្រុប​។ ​

នៅពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​នោះ គេ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​ ៧ ​កន្លែង​ដែល​មាន​ឈើ​ប្រមាណ​ជិត​ ១០០០ ​ដើម​ដែល​ត្រូវ​បាន​គេ​កាត់​គល់​កាត់​ចុង​រាយប៉ាយ​ពេញ​ព្រៃ​។

សំណុំ​រឿង​នេះ​ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ចោទប្រកាន់​ពី​បទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ឃុំខ្លួន​ពួកគេ​។ ជនជាប់ចោទ​សុទ្ធតែ​ជា​ជនបរទេស​ហើយ​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​ ១៣ ខែ​មករា ឆ្នាំ​ ២០១៨​មក​។

ដោយ​មិន​សុខចិត្ត​ជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​បើក​សវនាការ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១៦ ឧសភា ឆ្នាំ​​ ២០១៨ ​សម្រេច​មិន​ព្រម​ដោះលែង​ជន​ទាំង​ ៨ ​នាក់​នោះ​ទៀត​។

ក្នុង​អំឡុងពេល​កំពុង​ជំនុំជម្រះ​ក្នុង​សវនាការ​នេះ​ដែរ​លោក កៅ សុភ័ក្ត្រា ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ទាំង​ ៨ ​នាក់​បាន​ថ្លែង​ថា​កូនក្តី​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​ឈ្មោះ​ដួង​ស្រួច​គ្រុប​ជួល​ពួកគេ​ឲ្យ​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ដោយ​ឲ្យ​ប្រាក់​ឈ្នួល​ពី​ ៥ ​លាន​ដុង​ទៅ​ ១០ ​លាន​ដុង​ក្នុង​ម្នាក់​ហើយ​ពួកគេ​ចូល​មក​ប្រទេស​កម្ពុជា ​សុទ្ធ​តែ​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​ទៀត​ផង​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដីសម្បទាន​ពី​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ដែល​មាន​លិខិត​ទទួលស្គាល់​ពី​ក្រសួង​កសិកម្ម​នៅ​ថ្ងៃទី​ ១៣ ខែ​ធ្នូ ឆ្នាំ​ ២០១៧ និង​លិខិត​ចុះ​ថ្ងៃទី​ ១៨ ខែ​ធ្នូ ឆ្នាំ​ ២០១៧​រួម​លិខិត​ចុះ​ថ្ងៃទី​ ១៣ វិច្ឆិកា ២០១៧​។

លោក​ថ្លែង​ទៅកាន់​ចៅក្រម​ថា​៖ «​ដូច្នេះ​កូនក្តី​របស់​ខ្ញុំ​ពុំ​មាន​បទល្មើស​អ្វី​ទេ​ខ្ញុំ​សូម​ឲ្យ​តុលាការ​កំពូល​ដោះលែង​ពួកគេ​វិញ ដោយ​ពួកគេ​សន្យា​ដាក់​ប្រាក់​តម្កល់​នៅ​តុលាការ​ចំនួន​ ៣០ ​លាន​រៀល និង​លិខិត​ឆ្លងដែន​ដើម្បី​ធានា​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​»​។

លោក​ព្រះរាជអាជ្ញា វ៉េង ប៊ុនធឿន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ដែរ​ថា ជន​ជាប់ចោទ​សុទ្ធ​តែ​ជា​ជនបរទេស​ហើយ​ពួកគេ​បាន​ឃុំ​ខ្លួន​តាំងពី​ថ្ងៃទី​ ១៣ ខែ​មករា ឆ្នាំ​ ២០១៨ ​មក​។ បើ​តាម​អង្គហេតុ​គឺ​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​នោះ​បាន​ឆ្លើយ​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេ​មក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប​មែន​។ ​ដូច្នេះ​ក្រុមប្រឹក្សា​ពិចារណា​តាម​ច្បាប់​។

លោក ក្រើង តុលា ជា​ទីប្រឹក្សា​នៃ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ដែល​មិន​នៅ​ក្នុង​តុលាការ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសម្រេច​របស់​តុលាការ​វា​បង្ហាញ​នូវ​ភាព​អយុត្តិធម៌​។

លោក​ថា​៖ «​ចំពោះ​អ្នក​ខំ​ការពារ​ព្រៃឈើ​អស់​ទាំង​ថវិកា​មាន​តាំងពី​គេ​ប៉ុនប៉ង​សម្លាប់​សព្វ​បែបយ៉ាង ហើយ​បើ​គាត់​មាន​ទោស​ត្រូវ​ឲ្យ​គាត់​អនុវត្ត​ទោស​ទៅ​តាម​នោះ​ទៅ​អ៊ីចឹង​ទើប​អ្នក​ការពារ​ព្រៃឈើ​មាន​ចិត្ត​ការពារ​បន្ត​ទៀត​»៕

ប្រភព ៖ P Post

Comments

comments