រាជធានី​ភ្នំពេញ ៖ ករណី​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៤​កន្លះ បម្រើ​ការ​នៅ​អគ្គនាយកដ្ឋាន​ភ័ស្ដុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួនឯង ក្នុង​បន្ទប់​លេខ​២០៩ នៃ​សណ្ឋាគារ និង​ខារ៉ាអូខេ «​កូ​ឡូ​សូ​» ក្នុង​ខណ្ឌចំការមន​នោះ មូលហេតុ​គឺ​បណ្ដាល​មក​ពី​មាន​វិបត្តិ​ផ្ទាល់ខ្លួន ។

បើ​តាម​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​០២ សីហា​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ន រតនៈ​ឧត្តម អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល ពាក់​ស័ក្តិ​៤​កន្លះ ជា​កូនប្រុស​បង្កើត លោក​ទេស ស៊ី​ម៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទីកន្លែង​កំណើត​នៅ ភូមិ​គោក​ស្វាយ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​អង្គរបុរី ខេត្តបន្ទាយមានជ័យ បាន​ចាក​ចេញពីផ្ទះ​ប្រហែល​២-៣​ថ្ងៃ​មក​ហើយ រហូត​ដល់​កើត​ករណី​បាញ់​សម្លាប់​ខ្លួនឯង​នេះ​តែ​ម្ដង ។

ជាមួយ​គ្នា​នេះ មន្ដ្រី​នគរបាល​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​បាញ់​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ និង​បាញ់​ចំ​សៀតផ្កា​ខាងស្តាំ ធ្លាយ​ចេញ​មក​ក្រៅ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​លើ​គ្រែ ។

ប្រភព​ពី​មន្ដ្រី​នគរបាល​បង្ហើប​អោយ​ដឹង​ថា ករណី​នេះ​ជា​ករណី​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​។ ជន​រង​គ្រោះ​បាន​បើក​បន្ទប់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​តាំងពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៨​កន្លង​ទៅ ហើយ​រូបគេ​បាន​ហៅ​សង្សា​មក​ជួប​ជា​លើក​ចុង​ក្រោយ លុះ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០១ សីហា ម្សិលមិញ ក៏​កើត​មាន​ករណី​បាញ់​សម្លាប់​ខ្លួនឯង​តែ​ម្ដង ដោយ​ជំ​ហ៊ាន​ដំបូង និង​មានការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​នោះ សមត្ថកិច្ច​ជំនាញ​អាច​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្ទាល់ខ្លួន ទើប​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​បែប​នេះ ។

បើ​តាម​ការ​បំភ្លឺ​ពី​បុគ្គលិក​សណ្ឋាគារ​ស៊ី​ដ​នី ដែល​ជាទី​តាំង​កើតហេតុ​ខាងលើ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ចូល​មក​ជួល​បន្ទប់​សណ្ឋាគារ​សម្រាក​១​យប់ ។ លុះ​មក​ដល់​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ទៅ​ហើយ មិន​ទាន់​ឃើញ​ជន​រង​គ្រោះ​ចុះ​មក​វិញ និង​មិនដឹង​ថា ជន​រង​គ្រោះ​ចង់​ស្នាក់​នៅ​បន្ត​ទៀត ឬ​យ៉ាងណា ទើប​បុគ្គលិក​សណ្ឋាគារ បាន​ទូរស័ព្ទ​ទៅ​កាន់​បន្ទប់​ជន​រង​គ្រោះ បំណង​សួរនាំ តែ​គ្មាន​អ្នក​លើក ទើប​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​យ៉ាង​យូរ ក៏​នៅ​តែ​មិនឃើញ​ជន​រង​គ្រោះ​បើកទ្វារ​ទៀត ទើប​នឹក​សង្ស័យ ក៏​ដាច់​ចិត្ត​គាស់​គន្លឹះទ្វារ​ចូល​ទៅ​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ព្រមទាំង​មាន​កាំភ្លើងខ្លី​១​ដើម នៅ​ក្បែរ​ខ្លួន​ផង ទើប​ធ្វើ​ឱ្យ​កើត​មានការ​ផ្អើល​ឆោឡោ និង​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុតែ​ម្តង​។

គួរ​បញ្ជាក់​ថា ករណី​មន្ត្រី​ប៉ូលិស​បាញ់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​សណ្ឋាគារ​នេះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​សណ្ឋាគារ យីហោ ស៊ី​ដ​នី ដែល​ជា​អគារ​តែ​មួយ​ជាមួយនឹង​ខារ៉ាអូខេ “​កូ​ឡូ​សូ​” មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

បច្ចុប្បន្ន​សាកសព​លោក​ម៉ុ​ន រតនៈ​ឧត្តម តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​បូជា នៅ​ថ្ងៃ​សុក្រ ទី​០៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​រសៀល ។

សូម​រម្លឹក​ឡើងវិញ​ថា ហាង​ខាង​រ៉ា​អូ​ខេ «​កូ​ឡូ​សូ​»​នេះ​ដែរ នា​ពេល​កន្លង​មក ក៏​ធ្លាប់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ដោយ​កាលនោះ មាន​ស្ត្រី​ខារ៉ាអូខេ​ម្នាក់​រាំ​ស្រាត នៅ​ខាងក្នុង​បន្ទប់​ខារ៉ាអូខេ​ខាងលើ​នេះ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​បិទ​អស់​មួយ​រយៈពេល​ខ្លី ទើប​ឱ្យ​បើក​ដំណើរការ​ជា​ធម្មតា​វិញ ។ រហូត​មក​ទល់​នឹង​ពេល​នេះ ទើប​មានការ​ភ្ញាក់ផ្អើល​ថ្មី​មួយទៀត ដោយ​មន្ត្រី​នគរបាល​ម្នាក់​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ ៕

Comments

comments