រាជធានី​ភ្នំពេញ ៖ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​០១ ខែសីហា បាន​សម្រេច​មុន​អង្គសេចក្តី ឱ្យ​បុរស​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ដែល​ចូល​មក​លួច​កាប់​ឈើ​នៅ​តំបន់ហាមឃាត់ កែវ​សីមា​ក្នុង ខេត្ត​មណ្ឌល​គី​រី​នោះ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។

ជនជាប់ចោទ​ទាំង​៨​នាក់​ដែល​តុលាការ​កំពូល​ឱ្យ​នៅ​ក្រៅ​ឃុំ​ឈ្មោះ វ៉ ថា​ន់​ជុង​, ផាង ទី​តឹង​, វ៉ាង វ៉ាង​ហ៊ឹង​, វ៉ូ វ៉ាង​មិន​, វៀង ជាង​ថាំង​, វ៉ាង វណ្ណ​ឃី​ម​, វឹ​ន ថា​ន់​សាំង និង វឹ​ន វ៉ាង​លី​ន ។ ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នេះ​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពី​បទ ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​នៅ​តំបន់ហាមឃាត់​កែវ​សីមា​ក្នុង ខេត្ត​មណ្ឌល​គី​រី ។

កន្លង​មក​សំណុំរឿង​នេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​លោក ច្រឹង ច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌល​គី​រី​ឱ្យ ចូល​បំភ្លឺ​នៅ​ព្រឹក ថ្ងៃ​ទី​៤ ធ្នូ ២០១៧ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ជនជាតិ​វៀតណាម ឆ្លង​ដែន​ខុសច្បាប់ ប្រមូល​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ​ការ​នាំ​ចេញ​ឈើ​ទៅ បរទេស​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​មិន​ប្តឹង បរិហារ​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ដោយ​អ្នករាជការ​សាធារណៈ ។

យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​គ្រាក់​ៗ នៅ​ខេត្ត​មណ្ឌល​គី​រី ចំនួន​ជិត​៣០​នាក់ ត្រូ​បាន​កោះហៅ​អោយ​ចូល​តុលាការ​ក្នុង​រឿង​ក្ដី​កាប់​ឈើ​នេះ រួ​មាន​អភិបាលរង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត អភិបាលស្រុក មេបញ្ជាការ​ព្រំដែន មេ​នគរបាល​ប៉ុស្តិ​រដ្ឋបាល និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ផង​ដែរ​ដើម្បី​សាកសួរ ។

សូម​បញ្ជា​​ក់ថា ដំណើរការ​រឿង​ក្ដី​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ។

គួរ​រំលឹក​ឡើង​វិញ​ថា កាលពី​ព្រលឹម​ស្រាង​ៗ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជា​កម្លាំង​កង រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន លោក​ឧត្តមសេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​ទីតាំង​កាប់​ផ្តួលរំលំ​ឈើ​ហ៊ុ​ប នៅ​តំបន់​អូរ​ហ៊ុ​ច និង​អូរ​លៃ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​បទល្មើស​ជាក់ស្តែង ពី​សកម្មភាព​ជនជាតិ​វៀតណាម ដឹក​ជញ្ជូន​ឈើ​ឆ្លង ទៅ​វៀតណាម​។ ក្នុង​នោះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ និង​ចាប់​យក​រថយន្ត​៨​គ្រឿង​រួម ជាមួយ ឈើ​ហ៊ុ​ប​ជិត​១០០​កំណាត់​។ រឿង​ក្ដី​កាប់​ឈើ​នេះ ត្រូវ​បាន​ផ្ទេរ​សមត្ថកិច្ច មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ ដោយសារ​អ្នក​ពាក់ព័ន្ធ សុទ្ធតែ​ជា​មន្ត្រី​ធំ​ៗ ក្នុង​ខេត្ត​មណ្ឌល​គី​រី ។

កាលពី​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស ពួក​ជនជាតិ​វៀតណាម​៨​នាក់ ដែល​ចូល​មក​កាប់​ឈើ​ខ្មែរ ក្នុងស្រុក​កែវ​សី​ម៉ា​នោះ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១៨​ខែ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ ៥០​លាន​រៀល​បង់​ចូល​ថវិការ​រដ្ឋ ។​ក្នុង​សវនាការ​នេះ​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​បាន​សារភាព​ថា នៅ​ក្នុងអំឡុងពេល​១​ឆ្នាំ ដែល​ពួក​គេ​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ មាន​ឈើមូល​ប្រមាណ​ជាង​១ ០០០​ឡាន ត្រូវ​ពួក​គេ​កាប់​ដឹក​ចេញ ទៅ​ប្រទេស​វៀតណាម​អស់ហើយ នៅ​សល់​ឈើ​ប្រហែល​១០០​ឡាន​ទៀត​តែ​ប៉ុណ្ណោះ ៕

Comments

comments