រាជធានី​ភ្នំពេញ ៖ ករណី​បាក់​ច្រាំង​ទន្លេសាប​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​៤-៥ ខែសីហា ឆ្នាំ​២០១៨​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី បាន​ចុះ​វាស់​ស្ទង់ និង​កំពុង​ចាក់​ក្រាល​ដុំ​ថ្ម​ធំ​ៗ ទប់​ជើង​ច្រាំង​បាក់​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​ច្រាំង​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា ការ​បាក់​ច្រាំង​ទន្លេ នៅ​ក្រុម​ទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ខូច​ខាង​យ៉ាងធ្ងន់ធ្ងរ បង្ក​ប៉ះពាល់​ដល់​ផ្លូវ​មួយ​ខ្សែ មិន​អាច​ធ្វើ​ដំណើរ​បាន ។

ពាក់ព័ន្ធ​ករណី​នេះ លោក ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ និង​ណែនាំ​ជា​បន្ទាន់ ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែន ត្រូវ​ធ្វើការ​ស្ថាបនា​ឡើង​វិញ ជា​បន្ទាន់​នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ ដែល​ទទួល​រង​ការ​ខូចខាត ដោយ​បាក់​ផ្តាច់​ដោយសារ​ទឹកជំនន់​ទន្លេសាប ។

អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ការ​ស្ថាបនា​លប់​ច្រាំង​ទន្លេ​ដែល​បាក់​នេះ ធ្វើ​ឡើងជា​បណ្តោះអាសន្ន សំខាន់​ទប់​កុំឱ្យ​បាក់​បន្ត និង​មួយវិញទៀត គឺ​អាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ បានជា​បណ្តោះអាសន្ន ព្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ប្រាស្រ័យ​តែ​ផ្លូវ​មួយ​នេះ​ទេ ។ នៅ​រដូវ​ទឹក​ស្រក​ខាង​មុខ​នេះ លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ ចុះ​មក​សិក្សា​បច្ចេកទេស​ឱ្យ​បាន​ហ្មត់ចត់ ហើយ​យើង​នឹង​អាច​បុក​ស៊ីវ​ផាយ ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​នេះ​រឹង​មាំ​ជាប់លាប់​តែ​ម្តង ។

ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បាន​និយាយ​ថា ច្រាំង​ទន្លេ និង​ផ្លូវ​នេះ តែង​បាក់​ជា​រៀង​រាល់​ឆ្នាំ គ្រាន់តែ​បាក់​តិចតួច ហើយ​អាជ្ញាធរ​មូលដ្ឋាន តែងតែ​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​ឆ្នាំ​នេះ​បាក់​ខ្លាំង អាជ្ញាធរ​មូលដ្ឋាន មិន​មាន​លទ្ធភាព​ជួសជុល ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ជួសជុល​ឱ្យ​ទាំងស្រុង​តែ​ម្តង ៕

Comments

comments