ហ្សា​ការ​តា ៖ គិត​មក​ត្រឹម​យប់​ថ្ងៃ​ពុធ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​កោះ លុម​បុក នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​កើន​ដល់​៣៤៧​នាក់​ហើយ ខណៈ​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី​ប្រហែល​១៦៥,០០៣​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញពី​ទីលំនៅ​របស់​របស់​ពួក​គេ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី ថា​គ្រោះ​រញ្ជួយ​ដី​ខាងលើ ដែល​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃអាទិត្យ បាន​ផ្តាច់ជីវិត​មនុស្ស​កើន​ដល់​៣៤៧​នាក់​។ មិនតែប៉ុណ្ណោះ គ្រោះ​ធម្មជាតិ​នេះ​ក៏​បាន​បង្ក​ភាព​វឹកវរ​ជា​ខ្លាំង​ដល់​ប្រជាជន​រស់នៅ​ក្នុង​តំបន់ ព្រមទាំង​ភ្ញៀវ​ទេសចរ​ផង​ដែរ ហើយ​វា​កើតឡើង​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ។

គួរ​ជម្រាប​ថា ក្រៅពី​នេះ​មនុស្ស​ប្រមាណ ១,៤៧៧​នាក់ ក៏​បាន​រង​របួស​ផង​ដែរ ដោយសារ​គ្រោះ​រញ្ជួយ​ផែនដី​កាលពី​ថ្ងៃអាទិត្យ រួម​ជាមួយ​ផ្ទះសម្បែង​រាប់​ម៉ឺន​ខ្នង បាន​ទទួល​រង​ការ​ខូចខាត ហើយ​ហេតុការណ៍​នេះ ក៏​បាន​បង្ខំ​ឲ្យ​អ្នកទេសចរ​រាប់​ពាន់​នាក់ ដែល​ភាគច្រើន​មក​ពី​បរទេស​ធ្វើការ​ជម្លៀស​ខ្លួន ជា​បន្ទាន់​ចេញពី​ប្រជុំ​កោះ​ជី​លី (Gili) ដែល​នៅ​ក្បែរ​កោះ Lombok ផង​ដែរ ។

ការ​រញ្ជួយ​ដី​នេះ​បាន​ធ្វើ​ឲ្យ​កម្រើក​ញាប់​ញ័រ​ដល់​កោះ​បាលី ។​នេះ​ជា​ការ​រញ្ជួយ​ដី​លើក​ទី​ពីរ​ហើយ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ​។ ចំណែក​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា មានការ​រញ្ជួយ​ដី​កម្រិត​៦,៤​រិ​ក​ទ័​រ បាន​វាយប្រហារ​ទៅ​លើ​តំបន់​ខាងលើ បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​ស្លាប់ ៕

Comments

comments