ភ្នំពេញ ៖ ផ្លូវ​មួយ​ខ្សែ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ជីក​កកាយ​ដាក់​ប្រព័ន្ធ​លូ​រួចរាល់​ជាង​១​ខែ​ទៅ​ហើយ ប៉ុន្តែ​អ្នកបច្ចេកទេស ពុំ​ព្រម​មក​ជួសជុល​ផ្លូវ​បាន​ស្អាត​ល្អ​វិញ​ដូច​ដើម​វិញ​នោះ​ទេ ដោយ​ទុក​អោយ​ផ្លូវ​មួយ​ចំហៀង​ត្រូវ​គ្រ​ហោង​និង​ផុង សល់​តែ​មួយ​ចំហៀង​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក បង្ក​អោយ​កកស្ទះ​ចរាចរណ៍​ស្ទើរ​គ្រប់​ម៉ោង ។

ផ្លូវ​មួយ​ខ្សែ​ដែល​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​មួយ ដែល​មានមុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ស្ថិត​ក្នុងភូមិ​ឬ​ស្សី និង​ភូមិ​ឬ​ស្សី​៣ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ នៃ​តំបន់​នោះ ក៏​ដូច​ជា​អ្នកដំណើរ​ទូទៅ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​រអ៊ូរទាំ​ជា​ខ្លាំង ចំពោះ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ស្ថាបនា​ផ្លូវ ពុំ​ព្រម​ជួសជុល​ផ្លូវ​ប៉េ​តុង​អោយ​បាន​ស្អាត​ល្អ សម្រាប់​ធ្វើ​ដំណើរ​វិញ​ទេ ជា​ពិសេស ពុំ​ឃើញ​មាន​ក្រុម​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាមួយ​ចុះ​ពិនិត្យ​មើល និង​ជួសជុល​ផ្លូវ​ប៉េ​តុង​មួយ​នេះ​អោយ​ដូច​ដើម​វិញ​ឡើយ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​នេះ ពុំ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ពី​ឈ្មោះ​ក្រុមហ៊ុន​ទេ ខណៈ​ដែល​កន្លង​មក ក្រុមហ៊ុន​មួយ​នេះ​ធ្លាប់​ទទួល​ការ​រិះគន់​ធ្ងន់​អំពី​ការ​រៀបចំ​ប្រព័ន្ធ​លូ​ខុស​ស្តង់ដារ​បច្ចេកទេស ហើយ​ក៏​បាន​ទារ​លុយ​ពី​ពលរដ្ឋ​មួយ​ចំនួន ដែល​មានផ្ទះ​នៅ​អម​សងខាង​ផ្លូវ ថ្លៃ​ការ​ចាក់​បំពេញ​ដីខ្សាច់​នៅ​មុខ​ផ្ទះ​នីមួយ​ៗ​ផង​ដែរ ដោយ​ក្នុង​តម្លៃ​ចាប់ពី​៣​ម៉ឺន​រៀល ដល់​៥​ម៉ឺន​រៀល​ក្នុង​១​ឡាន​ថែម​ទៀត ៕

Comments

comments