ខេត្តក្រចេះ ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ខេត្តក្រចេះ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែសីហា នេះ​ថា ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ក៏​បាន​បំបែកសំណុំរឿង​លើ​ករណី​ឆេះ​ផ្ទះ និង​ឆេះ​ទាំង​មនុស្ស​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ កាលពី​ថ្ងៃ​ទី​១២ សីហា ស្ថិត​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ថ្វីបើ​ករណី​នេះសង្ស័យ​ជា​ករណី​ឃាតកម្ម ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សាហាវយង់ឃ្នង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយទេ​ ហើយ​ជនសង្ស័យ​ទាំង​៤​នាក់ក៏មិនទាន់សារភាពនោះ​ដែរ​ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​នេះ​យ៉ាង​ក្តៅ​គគុក បន្តទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​នេះ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​បាន​រួម​មាន​៖ ទី​១-​ឈ្មោះ​ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ទី​២-​ឈ្មោះ​ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​ប្ញ​ទ្ធិ ទី​៣-​ឈ្មោះ​ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​៤-​ឈ្មោះ​ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ប្រភព​បន្ត​ថា បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ។

គួរ​រំលឹក​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​ករណី​ឃាតកម្ម​ដ៏​សាហាវយង់ឃ្នង​មួយ បាន​កើតឡើង​ដោយ​ឃាតក បាន​សម្លាប់​គ្រួសារ​មួយ​ពូជ ហើយ​ដុត​ផ្ទះ​ចោល​កំទេច​សាកសព ដោយ​គ្រួសារ​រង​គ្រោះ មាន​គ្នា​៤​នាក់ មាន​ប្តី​ប្រពន្ធ និង​កូនប្រុស​ម្នាក់ ស្រី​ម្នាក់ ហើយ​សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ស្លាប់​យ៉ាង​អាណោច​អា​ធ​ម ស្ថិត​នៅផ្ទះ​ចម្ការ​របស់​ជន​រង​គ្រោះ មាន​ទំហំ​៤​គុណ​៦​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​ប្រឹ​ម ខាងក្រោយ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់​ទី​១ ៖ ឈ្មោះ​ឆុំ ឈាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវជា​ឪពុក​។​ទី​២ ៖ ឈ្មោះ​ជួន សុខ​នាង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ត្រូវជា​ប្រពន្ធ ។​ទី​៣ ៖ ឈ្មោះ​ឈាន ភឹ​ម​សី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​ត្រូវជា​កូន​។​ទី​៤ ៖ ឈ្មោះ​ឈាន វ​ណ្ណី ភេទ​ស្រី​អាយុ​៩​ឆ្នាំ​ត្រូវជា​កូន ។

ជនសង្ស័យ​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​រួច​ហើយ​ក៏​បាន​ដុត​ផ្ទះ​និង​សាកសព​ដើម្បី​បង្វែងដាន​ជា​គ្រោះ​អគ្គិភ័យ ។ សាកសព​សមត្ថកិច្ច​ក៏​បាន​រៀបចំ​ប្រមូល​បញ្ចុះ​ទុក​បណ្តោះអាសន្ន​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ពេល​ក្រោយ​ទៀត​ផង​ដែរ ៕

Comments

comments