បើតាម Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមយុវជនថ្នាលកម្ពុជាអាយុ១៤ឆ្នាំទទួលបានជ័យជម្នះលើក្រុមយុវជនថ្នាលទីម័រខាងកើតអាយុក្រោម១៤ឆ្នាំដោយលទ្ធផល ១១-០ សម្រាប់ការប្រកួតទាំងពីរតង់ត្រឹមតែ៦០នាទី ក្នុងកម្មវិធី AFC U14 Regional Festival of Football 2016 នៅប្រទេសប្រ៊ុយណេ ។

គ្រាប់បាល់ទាំង១១របស់យុវជនកម្ពុជារកបានកីឡាករលេខ២៥ គី រីណា ៥គ្រាប់ម្នាក់ឯង(នាទី ២៣ ២៩ ៣៩ ៥៥ និង៦១) កីឡាករលេខ១០ ប៊ុនធឿន ប៊ុនណារ៉ុងរកបាន២គ្រាប់ (នាទី២១ និង៤៦) កីឡាករលេខ១២ រី លាភផេងរកបាន២គ្រាប់(នាទី៥ និង៣១) កីឡាករលេខ១៤ ផៃ ម៉េងឆ័យរកបាន១គ្រាប់នៅនាទី២៥ និងកីឡាករលេខ១៥ ជា សុខម៉េង រកបាន១គ្រាប់នៅនាទីទី៩។

នេះជាជ័យជម្នះលើកទីពីរសម្រាប់ក្រុមយុវជនកម្ពុជា បន្ទាប់ពីបានយកឈ្នះក្រុមយុវជនហ្វីលីពីនដោយលទ្ធផល ៣-១ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដាម្សិលមិញ។

ប្រកួតបន្ទាប់របស់ U14 កម្ពុជាក្នុងកម្មវិធី AFC U14 Regional Festival of Football 2016 នឹងប៉ះ U14 ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៧:៣០នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

សូមបញ្ជាក់ថានេះជាកម្មវិធីសម្រាប់យុវជនចូលរួមប្រកូតបង្ហាញសមត្ថភាព និងបទពិសោធន៍ ក៏ដូចជាទទួលបានសញ្ញាបត្រតែប៉ុណ្ណោះ ពោលគឺមិនមែនជាការដណ្តើមពានរង្វាន់ឡើយ៕

Comments

comments