ទីបំផុតទៅលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី និងកូនៗ បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី២៨ សីហា ២០១៦ ។

នេះបើយោងតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដែលមានថេរៈដីកានៅវិទ្យុបរទេសនិយាយភាសាខ្មែរមួយមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៩ សីហា ។

យ៉ាងណាក៍ដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនបានបញ្ជាក់ថាតើភរិយានិងកូនៗលោកបណ្ឌិត កែម ឡី នឹងស្នាក់នៅក្នុងប្រទេសណា និងមានរយៈពេលប៉ុន្មាននោះទេ ។

បើតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មុនពេលចាកចេញពីកម្ពុជា គេឃើញលោកស្រីភរិយានិងកូនៗលោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៍ល្បីល្បាញដែលត្រូវជនសង្ស័យរហ័សនាម«ជួប សម្លុត»បាញ់សម្លាប់នៅម៉ាតនៃស្ថានីយ៍ជិតភ្លើងស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា លេចមុខនៅក្នុងទីក្រុងសៀមរាប ។

ការបង្ហាញមុខនៅក្រុងសៀមរាបនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ទំនងជាលោកស្រី ប៊ូរចនានិងកូនៗ ចាកចេញតាមរថយន្តទៅកាន់ប្រទេសថៃ មុនពេលបន្តដំណើរទៅប្រទេសទី៣ ។

គួរបញ្ជាក់ថា អំឡុងពេលពិធីបុណ្យសពលោក កែម ឡី លោកស្រី ប៊ូ រចនា បានឲ្យដឹងថា មន្រ្តីស្ថានទូតអូស្រ្តាលីបានទំនាក់ទំនងជាមួយលោកស្រី ឲ្យទៅរស់នៅក្នុងប្រទេសអូសាស្រ្តលី ប៉ុន្តែពេលនោះភរិយាលោក កែម ឡី មិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយទេ ។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ ពិធីបុណ្យ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ តុលា ២០១៦ ហើយលោកស្រីភរិយាលោកកែម ឡី បានប្រគល់សិទ្ឋិប្រគេនព្រះតេជគុណជាអ្នករៀបចំចាត់ចែងពិធីបុណ្យ១០០ ថ្ងៃនេះ ៕