ប្រភពក្រៅផ្លូវការបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា បេក្ខជនដែលដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា៣២នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនិងសិស្សមេធាវី ដែលដាក់ពាក្យប្រឡងចូលមេធាវី មុននឹងក្លាយខ្លួនជាមេធាវីស្របច្បាប់ គឺត្រូវចំណាយលុយសូកប៉ាន់ ក្រុមប្រឹក្សាមេធាវីយ៉ាងតិចចាប់ពី១ម៉ឺនដុល្លារហូតដល់៥ម៉ឺនដុល្លារឯណោះ ។

ប្រភពពីបេក្ខជនជាច្រើនរូបដែលបម្រើការងារជាមន្ត្រីរាជការ អង្កការសង្គមស៊ីវិល និងជាជំនួយការអ្នកច្បាប់រួមជាមួយមន្ត្រីតុលាការជាច្រើននាក់ ដែលបានដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមលក្ខន្តិកៈរបស់ គណៈមេធាវី (មាត្រា ៣២) បាននាំគ្នារិះគន់ និងចោទប្រកាន់ទៅលើសមាជិកក្រុមប្រឹក្សាមេធាវីទាំងអាណត្តិថ្មី និងអាណត្តិចាស់ ថានាំគ្នាផ្អឹបសំណុំឯកសារលើពាក្យស្នើសំុប្រកបអាជីពជីវៈមេធាវី របស់បេក្ខជនទុកចោលដើម្បីរកប្រយោជន៍ចែកគ្នា បើទោះបីជាបេក្ខជនខ្លះ បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់រួចរាល់ហើយក៏ដោយ ។

ក្រុមអ្នករិះគន់បានលើកឡើងថា វប្បធម៌ផ្អឹបឯកសារទុកមិនចាត់ការលើសំណុំបែបបទស្នើសុំប្រកប វិជ្ជាជីវៈមេធាវីនេះ បានកើតមានយូរមកហើយនៅក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមិនទាន់ឃើញមានស្ថាប័នច្បាប់ណាមួយ ចុះធ្វើអធិការកិច្ច លើសមាជិកក្រុមប្រឹក្សាគណៈមេធាវីជាច្រើនអាណាត្តិមកហើយ ។

បេក្ខជនជាច្រើនរូបដែលគណៈមេធាវីផ្អឹបឯកសារបានស្នើសុំទៅក្រសួងយុត្តិធ៌ម និងទីស្តីការគណៈរដ្ឋមន្ត្រី ពិសេសលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅសមាជិកក្រុមប្រឹក្សាគណៈមេធាវី ដើម្បីអោយស្ថាប័នឯករាជ្យមួយនេះ ធ្វើការប្រកបដោយតម្លាភាព សមត្ថភាព និងស្មើភាពគ្នាពិតប្រាកដ មុនពេលចេញទៅប្រកបអាជីពជីវៈមេធាវី ចៀសវាងមានអំពើពុករលួយកើតឡើយ មុនពេលបេក្ខជនម្នាក់ៗក្លាយខ្លួនជាមេធាវីស្របច្បាប់ ។

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលគេដឹងថាជិតផុតអាណត្តិទៅហើយនោះ លោកប៊ុន ហ៊ុន មិនអាចទាក់ទងសុំការបំភ្លឺបានឡើយជុំវិញបាតុភាពនិងការចោទប្រកាន់ ខាងលើនេះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១១ តាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ តុលា ២០១៦ តាមលក្ខខន្តិកៈរបស់គណៈមេធាវី ដែលក្នុងនោះបេក្ខជនឈរឈ្មោះប្រកួតប្រជែងសម្រាប់ប្រធានគណៈមេធាវី អាណត្តិទី១១នោះមាន៤រូបគឺ លោកមេធាវី សួន វិសាល-លោកមេធាវី នូ ចន្ថា -លោកមេធាវី ហែម សុជាតិ និងលោកមេធាវី ឈី សម្បត្តិ ៕

Comments

comments