សេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថា សោម ឯក មេខ្លោងនៃចលនារណសិរ្សរួបរួមជាតិសញ្ញាក្បាលខ្លានិងជាអ្នកបង្កៃគ្រឿងផ្ទុះប៉ងបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម បានត្រូវប៉ូលិសប្រឆំាងភេរវកម្មក្រសួងមហាផ្ទៃសហការជាមួយអាជ្ញាធរមូលដ្ឋានចាប់ខ្លួនបានវិញហើយនៅភ្នំគូលែន ស្រុកគូលែន។

សូមបញ្ជាក់ថា ទណ្ឌិតឈ្មោះ សោម ឯក ដែលតុលាការផ្តន្ទាទោសដាក់ពន្ឋនាគារសរុប៤៦ឆ្នាំពាក់ព័ន្ឋនឹងសំណុំរឿងជាច្រើនដូចជាបង្កើតរណសិរ្សចលនាកងទ័ពក្បាលខ្លា ការបង្កៃគ្រាប់បែកប៉ងបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាមនិងករណីបង្កៃគ្រាប់បែកនៅមុខក្រសួងការពារជាតិជាដើមនោះ បានរត់គេចខ្លួនបាត់ បន្ទាប់ពីអនុរក្សពន្ឋនាគាររាជធានីភ្នំពេញ (PJ) បាននាំទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីយប់ថ្ងៃទី០៨ តុលា ២០១៦ ។

គួររំឮកដែរថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១០ លោកចៅក្រម សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ សោម ឯក ក្នុងរឿងបង្កៃគ្រាប់បែកបំផ្ទុះនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ឲ្យជាប់ពន្ធនាគារចំនួន ១៨ ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសចំនួន ១៦ ឆ្នាំ ៦ ខែ។

បើតាមលោកចៅក្រម សួស សំអាត ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទ សោម ឯក ចំនួន១៨ ឆ្នាំ ដោយសារតែជននេះ ត្រូវបានរកឃើញថា មានកំហុស ពីបទសមគំនិតក្នុងអំពើភេរវកម្ម និងប្រើប្រាស់អាវុធជាតិផ្ទុះ ប្រព្រឹត្តនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៩ កក្កដា ២០០៧ ប៉ុន្តែបានប្រកាសបន្ធូរបន្ថយទោសដល់ជនជាប់ចោទ សោម ឯក  ដោយសារការឃុំខ្លួនបុរសរូបនេះលើសនីតិវិធី ។

នៅខែមករា ឆ្នាំ២០០៩ ក្រោយពីព្រឹត្តិការណ៍បង្កៃគ្រាប់បែកច្នៃនៅមុខក្រសួងការពារជាតិ និងជិតទីស្តីការគណៈរដ្ឋមន្ត្រី លោក សោម ឯក  ដែលមានឈ្មោះហៅជាច្រើនដូចជា ជា គឹមហ៊ួន ជាអតីតទាហានចូលបំរើការនៅក្រសួងការពារជាតិពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០០៣ ត្រូវបានចាប់ខ្លួននៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំឡុងពេលចាប់ខ្លួននោះ សមត្ថកិច្ចក៍បានរកឃើញជាតិផ្សំគ្រឿងផ្ទុះ និងឯកសារភស្ថុតាងជាច្រើនទៀត ។ ជនឈ្មោះ សោម ឯក ក៍ពាក់ព័ន្ឋនឹងការបង្កើតចលនាកងទ័ពរំដោះក្បាលខ្លា ឬ រណសិរ្សរួបរួមជាតិ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាផងដែរ៕