រាជធានីភ្នំពេញ​ ៖ ថ្មី​ៗនេះ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​ចេញផ្សាយ​ពី​ចំណង​ស្នេហ៍​តារា​សម្តែង​ផ្តើម​ពន្លក​ស្នេហ៍ និង​ម្ចាស់​បេះដូង​ក្នុង​ត្រកូល​អភិជន​ថ្នាក់ដឹកនាំ​កំពូល ដែល​អះអាង​ថា ជាចៅប្រុសរបស់​ម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​និ​ស្សិ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី គឺលោក ហ៊ុន បញ្ញា​បុត្រ​ ។

បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏​បង្ហាញ​ផង​ដែរ​ពី​សម្ដីលោក ហ៊ុន បញ្ញា​បុត្រ បាន​បញ្ជាក់​ថា ​៖ «​ខ្ញុំ​ស្រឡាញ់​អា​ម៉ី​ដោយ​ស្មោះ​។ ពួក​យើង​មាន​ចរិត​ត្រូវ​គ្នា ហើយ​អ្វី​ដែល​សំខាន់​នោះ អា​ម៉ី ស្រឡាញ់​ខ្ញុំ មិនមែន​ឃើញ​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ឡើយ​» ​។ លោកបន្តថា «​ប៉ា​ម៉ាក់​របស់ខ្ញុំ​ដឹង​ឮ​ពី​ចំណង​ស្នេហ៍​មួយ​នេះ ពួក​គាត់​ក៏​បាន​យល់ព្រម​ដែរ ហើយ​ប្រហែល​មួយ​អាទិត្យ​ទៀត​ក្រុម​គ្រួសារ​ទាំង​សងខាង​ជួប​គ្នា​ហើយ​»​។

បណ្តាញ​ផ្សព្វផ្សាយ​ដដែល​នោះក៏​ដកស្រង់​សម្ដី​លោក ហ៊ុន បញ្ញា​បុត្រ ទៀត​ថា ​៖ «​ខ្ញុំ និង អា​ម៉ី មាន​គម្រោង​ភ្ជាប់ពាក្យ និង​រៀប​ការ​នៅ​ពេល​ដែល​ខ្ញុំ​រៀន​ចប់ ​រយៈពេល​ពីរ​ឆ្នាំ​ទៀត ហើយ​ក្រោយ​ពី​រៀប​ការ លោក​មិន​រារាំង គឹ​ម ច័ន្ទ​បរ​មី ចំពោះ​ការងារ​សិល្បៈ​របស់​នាង​ដែរ​»​។

ម្ចាស់​ស្នេហ៍របស់​ចៅ​នាយក​រដ្ឋមន្ត្រីរីក​លើ​វិ​ថី​សិល្បៈ ក៏បាន​ប្រាប់ផងដែរ​ថា ទាំង​នាង និង​ចៅ​សម្តេច​ មាន​វ័យ២០ឆ្នាំ ​ដូច​គ្នា ។ ទាំង​ចិត្តទាំង​គំនិត​ក៏​ដូច​គ្នា ​ទើប​អាច​ស្រឡាញ់​យល់ចិត្ត​គ្នា​បាន​ល្អ ​រក្សា​និរន្តរភាព​ស្នេហ៍​ ដោយ​ភាព​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ នាង​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ៖ «​ស្នេហា​ខ្ញុំ និង​បង​បញ្ញា​បុត្រ កើតឡើង​យូរ​ក្រែល​ហើយ​ដែរ តែ​ឪពុក​ម្តាយ​ទាំង​សងខាង បាន​ត្រឹមតែ​ទទួលស្គាល់ តែ​ពួក​គាត់​ទាំង​សងខាង​មិន​ទាន់​បាន​ជួប​ជជែក​គ្នា​រឿង​ក្មេង​ៗ​នោះ​ទេ​។ ប៉ុន្តែ​ឆាប់​ៗ​ពួក​គាត់​នឹង​មក​ជួប​គ្នា​»​។

តារា​សម្ដែង​ក្ដាប់​តំណែង​តួឯក​ទាំង​ក្មេងខ្ចី​កញ្ញា គឹ​ម ច័ន្ទ​បរ​មី បាន​បញ្ជាក់​ថា ៖ «​នៅ​ស​ប្តា​ហ៍​ក្រោយ ឪពុក​ម្តាយ​បង បញ្ញា​បុត្រ គាត់​នឹង​មក​ពី​សាំង​ហ្គា​ពួ មក​ជុំ​ឪពុក​ម្តាយ​ខ្ញុំ​ជជែក​គ្នា​រឿង​កូន​ៗ​ជា​លើក​ដំបូង ដែល​អាច​និយាយ​រឿង​ភ្ជាប់ពាក្យ​ក៏​ថា​បាន ​។ តែ​ចំណែក​រឿង​រៀប​ការ​ពួក​ខ្ញុំ​បាន​និយាយ​គ្នា រៀប​ការ​ក្រោយ​គាត់​រៀន​ចប់​នៅ​ប្រទេស​អូស្ត្រាលី​» ។

ទាំងតារា​សម្តែងនាង គឹ​ម ច័ន្ទ​បរ​មី ពើប​ស្នេហ៍ នឹង​រាជសីហ៍​វ័យក្មេង​​ហ៊ុន បញ្ញា​បុត្រ បានអះអាងព្រមគ្នាថា ​ចំណង​ស្នេហ៍​នេះ​ មិនមែន​គ្រាន់តែ​ជា​ស្នេហ៍​យុវវ័យ​នោះ​ឡើយ គឺ​បង្ហាញ​ពីដំណើរ​វិវឌ្ឍន៍​ស្នេហ៍​ដ៏​ជាក់លាក់ ​ដល់​ដំណាក់កាល​ចាស់ទុំ​ជួប​ជជែក​ឆាប់​ៗ​នេះ​ហើយ ​។

ក្រោយ​ពី​តារា​សម្តែង​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ និង​មាន​ទម្រង់​មុខ​កូនកាត់ គឹ​ម ច័ន្ទ​បរ​មី ​ប្រកាស​ពី​ចំណង​ស្នេហ៍​រវាង​នាង និង​ចៅ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដោយ​បើកចំហ ក៏​ពើប​នឹង​មតិ​មាន​ទាំង​អ្នក​សាទរផង និង​ក៏​មាន​អ្នកខ្លះ​ទៀត​ថ្លែង​បែប​បញ្ចើចបញ្ចើ​ផងថា ​នេះ​គ្រាន់តែ​ជា​ស្នេហា​យុវវ័យ​ប៉ុណ្ណោះ​ ។ បុប្ផា​ស្រស់​ចាយ​សម្រស់​ស្នេហ៍​លើ​វិ​ថី​សិល្បៈ ក៏​បាន​ព្រលយ​ប្រាប់​សារព័ត៌មាន ​ទាំង​ស្ទាក់ស្ទើរ​ដែល​នាង​ពោល​ថា នាង​មិន​ប្រាកដ​ថា ​ទៅ​ថ្ងៃ​អនាគត​អាច​ក្លាយជា​ចៅ​ប្រសា​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ឬ​យ៉ាងណា​នោះ​ទេ? ប៉ុន្តែ​នាង​ជឿ​លើ​និស្ស័យ ​៕