រុក្ខជាតិឈ្មោះដើម «ម្ជុលពេជ្រ» វាអាចជួយព្យាបាលជម្ងឺដូចជា ៖ ដំបៅអ្នកកើតទឹកនោមផ្អែម, គ្រុនឈាម, ពងបែកក្នុងមាត់, កើតរឺម, បូស, ឈឺធ្មេញ, ពស់ចឹក, ក្អែបខាំ, ខ្ទួយទិច, និងវាអាចបង្ក្រាបពិសបានគ្រប់មុខ ទាំងជម្ងឺពិស ទាំងសត្វពិសចឹក ឬទិច ដ៏ពូកែស័ក្ដិសិទ្ធិ ។

ឈ្មោះខ្មែរ ៖ ម្ជុលពេជ្រ
ឈ្មោះថៃ ៖ เสลดพังพอน
ឈ្មោះវិទ្យាសាស្ដ្រ ៖ Barleria lupulina Lindl.
ឈ្មោះអំបូរ ៖ Acathaceae
ផ្នែកប្រើប្រាស់ ៖ ស្លឹក ដើម និង ឫស ។
គុណប្រយោជន៍ ៖ ជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ បូស ក្អក គ្រុនឈាម ឈឺធ្មេញ គ្រុនពោះវៀន ថ្លោះគ្រេច ។
កម្រិតប្រើ ៖ 9-10ក្រាម ដោយផឹកប្រចាំថ្ងៃ ។

ប្រសិនបើ សង្ស័យនៅក្នុងខ្លួនយើងប្រហែលជាកើតពិស ត្រូវបេះស្លឹកដែលចាស់ៗ ចំនួន ៧ទៅ៨សន្លឹក លាងទឹកអោយស្អាត ដាក់ចូលក្នុងមាត់ ហើយទំពាវា អោយម៉ដ្ឋបន្តិចសឹមផឹកទឹកតាមក្រោយ មួយថ្ងៃបីដង ក្រោយបាយរួច វាមានប្រសិទ្ធភាពខ្លាំងណាស់ ។

ជាឧទាហរណ៍ជាក់ស្តែង ក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ធ្លាប់ប្រើ ទើបដឹងច្បាស់ពីផលប្រយោជន៍របស់វា ជាពិសេសមួយអាទិត្យមុននេះ ពីក្បាលព្រលប់ខ្ញុំមិនបានឈឺអ្វីទាំងអស់ ដល់ពេលគេងលក់ដល់ម៉ោង២ ស្រាប់តែភ្ញាក់ដឹងខ្លួនឡើង ឈឺជើង ហើយឈឺយ៉ាងខ្លាំង មិនអាចដើរបាន ខ្ញុំសង្យ័យថា កើតពិស ហើយខ្ញុំក៏យកស្លឹកម្ជុលពេជ្រ ញ៉ាំវាមួយថ្ងៃបីដង ក្រោយមកវាក៏បានជាដូចធម្មតាវិញ ។ បើយើងកើតពិស ព្យាបាលដោយថ្នាំពេទ្យមិនងាយត្រូវទេ(សូមបញ្ជាក់ថា បើយើងញាំវា ញ៉ាំល្មម ពេលបាត់ឈឺឈប់ញ៉ាំ) ។

សម្រាប់ដំបៅអ្នកកើតទឹកនោមផ្អែម យើងអាច បុកស្លឹក ឬទ្រួយវា បិទកន្លៃងដែលរបួសបន្ថែមទៀត ដើម្បីអោយឆាប់ជា ហើយអាចហូបផង និងបុកបិទមុខរបួសផង ទើបឆាប់ទទួលបានប្រសិទ្ធភាព ។ ការទទួលបានលទ្ធផល និងប្រភពផ្ទាល់ពី ៖ Chantha Long ។

លើសពីនេះទៅទៀត រុក្ខជាតិ «ម្ជុលពេជ្រ» មានលក្ខណៈសម្បត្តិត្រូវបានប្រើដើម្បីព្យាបាលជំងឺសើស្បែក ប្រតិកម្មអាឡែហ្ស៊ី រលាក ឆ្កែខាំ សត្វមានពិសខាំ ឬទិច ដោយបុកស្លឹកវាយកទៅលាប ឬបិត ។ ឆ្កែខាំត្រូវយកស្លឹក១ក្តាប់បុកលាយបាយកក បិទលើមុខរបួស ជាការស្រេច ។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែរអ្នកមិនមានជម្រើសផ្សេង។

សូមបញ្ជាក់ថា រុក្ខជាតិ«ម្ជុលពេជ្រ»នេះ ងាយស្រួលដាំ លោក-អ្នកក៏អាចដាំវាក្នុងផើងផ្កានៅតាមគេហដ្ឋានបានផងដែរ ៕

 

អត្ថបទនិងរូបភាពទំាងស្រុងរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

Comments

comments