យុវជនម្នាក់វ័យប្រមាណ១៥ឆ្នាំ បានចេញដំណើរពីផ្ទះរបស់ខ្លួនតាំងពីម៉ោង៧ព្រឹក ក្នុងគោលដៅឆ្ពោះទៅកាន់មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ហើយបានទៅដល់នៅម៉ោង១០ និង៣០នាទី ។

នេះបើយោងតាមសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup អ្នកចំាទី ស៊ូ យ៉ាទី ដែលបា្រប់សារព័ត៌មានអេឡិចត្រូនិចថ្មីៗនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

បើតាម ស៊ូ យ៉ាទី «យើងមិនបានសួរឈ្មោះ និងព័ត៌មានលម្អិតពីគាត់ឡើយ ប៉ុន្តែគាត់បានប្រាប់ពួកខ្ញុំថា គាត់មានបំណងមកធ្វើតេស្តិ៍សម្រាប់ក្រុម Academy។ ជាចៃដន្យ ថ្ងៃនេះ មិនមានការធ្វើតេស្តិ៍នោះឡើយ ដូច្នេះគាត់ត្រូវត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ»។ យ៉ាទី បានរៀបរាប់បន្ថែមថា ក្មេងរូបនោះ មានលំនៅដ្ឋានជាង១០គីឡូម៉ែត្របន្ថែមទៀតពីភ្នំជីសូរ ខេត្តតាកែវ។ គាត់បានខ្ចីកង់គេជិះ ហើយម្តាយបានផ្តល់ប្រាក់៥០០០រៀល ដើម្បីចំណាយក្នុងករណីខូចកង់តាមផ្លូវ។

យុវជនដែលស្រឡាញ់កីឡាបាល់ទាត់រូបនោះ បានវិលត្រឡប់ទៅផ្ទះ ហើយសន្យាវិលត្រឡប់ទៅមជ្ឈមណ្ឌលបាល់ទាត់ជាតិសារជាថ្មី។ បើតាម ស៊ូ យ៉ាទី សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បាននាំគ្នារៀបចំបាយឲ្យក្មេងប្រុសរូបនោះ ហើយបានផ្តល់សម្ភារ និងថវិកាមួយចំនួនសម្រាប់រូបគេក្នុងធ្វើដំណើរ។

«ពួកគាត់មិនចង់បានអ្វីពីយើងនោះឡើយ ប៉ុន្តែពួកខ្ញុំនៅតែនាំគ្នាផ្តល់ថវិកាបន្តិចបន្តួច និងសម្ភារខ្លះៗជូនគាត់ ហើយសង្ឃឹមថា គាត់អាចជួលម៉ូតូឌុប ឬម៉ូតូកង់បី ដើម្បីធ្វើដំណើរមកធ្វើតេស្តិ៍…»។ នេះជាការអះអាងរបស់ ស៊ូ យ៉ាទី៕

Comments

comments