តារាសម្តែងនៅផលិតកម្មហង្សមាស នាង ពេជ្រ អាវីហ្សា បានទទួលរងនូវការប្រើអំពើហិង្សាវាយដំរបស់យ៉ាងធ្ងន់ធ្ងរលើរាងកាយនិងកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ ។

ប្រភពពីបណ្តាញទំនាក់ទំនងសង្គម (Facebook) បានឲ្យដឹងថា ជនបង្កគឺជាអតីតសង្សាររបស់នាងឈ្មោះ គៀង ហេង ត្រូវជាប្អូនថ្លៃឈ្មួញបំផ្លាញព្រៃឈើដ៍មានឥទ្ឋិពលនៅកម្ពុជាឈ្មោះឧកញ៉ា ទ្រី ភាព ។

សង្គមសិល្ប:ប្រតិកម្មរួមគ្នា ដើម្បីរកយុត្តិធម៌ជូនពេជ្រ អាវីហ្សា លើករណីប្អូនថ្លៃឧកញ៉ាម្នាក់បានវាយដំយ៉ាងព្រៃផ្សៃ ។ រយ:ពេលពីរថ្ងៃហើយដែលពេជ្រ អាវីហ្សា បានត្រូវអតីតសង្សារ ជាប្អូនថ្លៃឧកញ៉ាល្បីឈ្មោះ បានប្រើហិង្សាវាយយ៉ាងសន្ធាប់មកលើនាង បង្កឱ្យទួកសាច់ស្ទើរគ្រប់ទីកន្លែងនៃដងខ្លួន ពិសេសនៅផ្ទៃមុខដ៏ស្រស់សោភារបស់នាង ។

នាង អាវីហ្សា ដែលជាជនរងគ្រោះបានត្រូវគេស្រង់សំដីនិយាយថា នាងមិនហ៊ានតបត ឬ ប្តឹងប្អូនថ្លៃជនមានលុយនិងអំណាចនេះឡើយ ព្រោះខ្លួនក្រ សុំត្រឹមតែរស់មានសេរីភាពប៉ុណ្ណោះ ។

ឆ្លើយតបទៅនឹងCommentនៅលើ Facebook ពេជ្រ អាវីហ្សាបញ្ជាក់ថា «អូនអត់ហ៊ានប្ដឹងទេបង ប្អូនក្រ អត់ដឹងថា គិតយ៉ាងម៉េចទេ តែប្អូនចង់មានសេរីភាព» ។ ពេជ្រ អាវីហ្សា បន្តថា ប្រមាណមួយឆ្នាំមុន នាងនិងឈ្មោះ គៀង ហេង ប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព គឺជាសង្សារនឹងគ្នា ប៉ុន្តែដោយសារតែលោកប្រចណ្ឌពេក ហើយការរួមរស់ ក៏មិនចុះសម្រុងនឹងគ្នា នាងក៏សម្រេចចិត្តសុំបែក បន្ទាប់ពីមានជម្លោះចុងក្រោយ ដែលក្នុងពេលនោះ នាងថា លោកគៀង ហេង ក៏ប្រើហិង្សាលើនាងធ្ងន់ដែរ។

អាវីហ្សាបន្ថែមថា ក្រោយពេលបែកគ្នា លោកគៀង ហេង រមែងតាមអុកឡុកនាង ហើយនាងក៏ត្រូវទទួលសម្ពាធពីការអុកឡុករបស់លោកផងដែរ ដោយគ្រាន់តែហិង្សាក្នុងពេលបង្កឡើងមុនៗ មិនដល់ថ្នាក់បង្កឱ្យនាងមានរបួសស្នាមធ្ងន់ធ្ងរ ដូចកាលពីរំលងអធ្រាត្រឈានថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ទេ ។

ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ«អង្រុត»មិនអាចទាក់ទងដើម្បីសុំការបំភ្លឺតបបានទេពីលោក គៀង ហេង ៕