គិតត្រឹមវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថាប័នអយ្យការនៅមិនទាន់ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌប្រើអំពើហិង្សាវាយដំទៅលើតារាសម្តែងនាង ពេជ្រ អាវីហ្សា ពីសំណាក់ឈ្មោះ គៀន ហេង ដែលសាម៉ីខ្លួនជាជនរងគ្រោះអះអាងថាជាអតីតសង្សារនាងនិងត្រូវជាប្អូនថ្លៃមេឈ្មួញឈើដ៍ល្បីល្បាញនៅស្រុកខ្មែរឈ្មោះឧកញ៉ា ទ្រី ភាព នៅឡើយទេ ក្រៅតែពីជនដៃដល់បានប្រកាសជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមបង្ហោះនៅថ្ងៃទី១៥ វិច្ឆិកានេះថា«នៅថ្ងៃនេះដែល គ្រួសារខ្ញុំនិងក្រុមគ្រួសាររបស់ អូន ម៉ី (ឈ្មោះហៅក្រៅរបស់ ពេជ្រ អាវីហ្សា) គឺបានយល់ព្រមសម្របសម្រួល និងទទួលខុសត្រូវគ្រប់រឿង ដែលកើតឡើង ដោយគ្មានការប្ដឹងប្តល់គ្នា ចឹងហើយសូមបណ្ដាសារព័ត៌មានទាំងអស់សូមជ្រាប និងបងប្អូនសិល្បៈជ្រាបផងដែរ។ ព្រោះរឿងខ្ញុំ និង អូនម៉ី ត្រូវបានបញ្ចប់ហើយ ដូច្នេះហើយសូមបងប្អូនគួរតែឈប់បន្តការ Share ព្រោះរឿងរបស់កញ្ញា ម៉ី និងលោក ហេង ត្រូវបានបញ្ចប់ហើយ សូមអរគុណ!»។

ចំណែកនាង អាវីហ្សា ពុំទាន់មានព័ត៌មានបានបញ្ជាក់ថានឹងដាក់ពាក្យប្តឹងជាផ្លូវ ឬយ៉ាងណានៅឡើយនោះទេ ព្រោះពេលនេះនាងកំពុងស្ថិតនៅទឹកដីខេត្តព្រះសីហនុ ដើម្បីសម្រាកព្យាបាលរបួសឲ្យបានធូរស្រាលសិន ទើបត្រឡប់មកភ្នំពេញវិញ។

ហេតុការណ៍ប្រើអំពើហិង្សាវាយដំទៅលើរាងកាយតារាស្រី ពេជ្រ អាវីហ្សា ពីសំណាក់ប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាពនេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឯក្លិបកម្សាន្ត«ស្កាយ» ទឹកដីខេត្តព្រះសីហនុ ។

ក្រុមអ្នកច្បាប់បាននិយាយថា សំណុំរឿងព្រហ្មទណ្ឌមិនអាចរំលត់ត្រឹមសំណងរដ្ឋប្បវេណីបានទេ បើទោះបីជាជនរងគ្រោះមិនប្តឹង ក៍តំណាងអយ្យការធ្វើការចាត់ការតាមផ្លូវច្បាប់ មិនខុសពីសំណុំរឿងរបស់លោកឧកញ៉ា សុខ ប៊ុន ប្រើហិង្សាវាយដំលើនាងសាសានោះដែរ៕