ស្រ្តីម្នាក់បានស្លាប់ ដោយសារគ្រូពេទ្យចាក់ថ្នំាសន្លប់ដើម្បីកែសុដន់ពីតូចទៅធំ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្លីនិកខាងលើស្ថិតនៅក្បែររង្វង់មូលកំាកូស៊ីធី ក្នុងខណ្ឌប្ញស្សីកែវ ។

 

ស្រ្តីរងគ្រោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូន៤នាក់ និងមានស្រុក កំណើតនៅខេត្តក្រចេះ។

បើតាមប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ «ដឹបូតេ» បានផ្សាយពីវិធីកែសម្ផស្សគឺពង្រីកដើមទ្រូង«សុដន់»ឃើញដូចនេះ ប្រពន្ធរបស់គាត់បានពិភាក្សាគ្នា ទទូចសុំគាត់ទៅកែសម្ផស្សនៅគ្លីនិកខាងលើនេះ គាត់ក៏យល់ព្រមឲ្យប្រពន្ធរបស់គាត់ទៅកែពង្រីកដើមទ្រូង ពេលនោះប្រពន្ឋ របស់គាត់បានឆាតសួរតម្លៃ និងបានពិភាក្សាគ្នាកាលពីមុនថ្ងៃបុណ្យអុំទូកកន្លងមកថ្មីនេះ ដោយខាងគ្លីនិកយកតម្លៃ៣,៥០០ ដុល្លារ តែក្រោយមកបានព្រមព្រៀងគ្នាត្រឹម៣០០០ដុល្លារ ។

ប្តីស្រ្តីរងគ្រោះបន្តថា បន្ទាប់ពីនិយាយត្រូវគ្នាហើយប្តីបានដឹកប្រពន្ធដែលជាស្ត្រីរងគ្រោះពីក្រចេះ មកភ្នំពេញដើម្បីធ្វើការកែសុដន់។

លុះមកដល់ថ្ងៃទី១៧ វិច្ឆិកា ២០១៦ ដែលជាថ្ងៃណាត់ គ្លីនិកខាងលើ បានធ្វើការវះកាត់សុដន់ក្រោយពីវះបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា គឺខាងស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរបំផុត តែខាងគ្លីនិកបានដោះដៃ មិនព្រមទទួលខុសត្រូវលើការវះកាត់កែច្នៃពង្រីកសុដន់ របស់ស្ត្រីរងគ្រោះនោះទេ គឺបានប្រាប់់គ្រួសាររបស់ជនរងគ្រោះឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

លុះដឹកស្រ្តីរងគ្រោះមកដល់គ្លីនិក ICU ក៍ត្រូវបានខាងគ្លីនិកប្រាប់់ទៅក្រុមគ្រួសារស្ត្រីរងគ្រោះថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិក ដឺបូតេ ចាក់ថ្នាំសណ្តំប៉ះពាល់ថ្លើមនិងសួតអស់ហើយ ។

សេចក្តីរាយការណ៍បានបន្តថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សមត្ថកិច្ចជំនាញពាក់ព័ន្ឋបានចុះទៅពិនិត្យ ប៉ុន្តែគ្លីនិកបានបិទទ្វារជិតឈឹង ៕

Comments

comments