រាជធានីភ្នំពេញ ៖ តារាស្រីបីដួង គឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយទេ ពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ពីសំណាក់អតីតគូស្នេហ៍ទាំង៣នាក់ ។ រឿងរ៉ាវទាំងនេះត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះយ៉ាងព្រោងព្រាត ដែលពិតជាគួរឱ្យខ្លោចចិត្តជាពន់ពេក ព្រោះយុត្តិធម៌ហាក់ហៅមិនឮ ។ មជ្ឍដ្ឋាននានានៅតែបន្តតាមដាន និងចង់ឃើញយុត្តិធម៌មានសម្រាប់សិល្បការិនីដែលរងការរំលោភបំពានពីសំណាក់អតីតបុរសជាសង្សារ។

តើអនិច្ចាកម្រឹតណាទៅ ដែលសូម្បីតែប៉ូលីស និងអ្នកច្បាប់ប្រៀបដូចជាមនុស្សគ្មានបេះដូងសោះ តួយ៉ាងកញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសារជាថ្មីក្រោយពីនាង ដាច់ចិត្តទម្លាយអំពីការទទួលរង អំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់ អស់រយៈពេល២ឆ្នាំមកហើយ ។ ពេលនេះនាងនៅ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ នាង ត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់វាយធ្វើបាប ហើយនាងបាន ព្យាយាមស្វែងរកផ្លូវច្បាប់ ដើម្បីជួយដោះស្រាយប៉ុន្តែមិនទទួលបានលទ្ធផល ព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ ឲ្យទៅមន្ត្រីដែលធ្វើការងារនេះ ហើយនាងកាន់តែទទួលបានការចំអក យ៉ាងខ្លាំងពីបុរសម្នាក់នោះថា មិនមានលទ្ធភាព ក្នុងការធ្វើឲ្យមន្ត្រីសមត្ថកិច្ចកម្ពុជានាំខ្លួនគេមកកាន់ទោស ។ តារាស្រីរូបនេះ នៅតែទទូចទាមទាររកយុត្តិធម៌ដដែល បើទោះបីជាមានពន្លឺដ៏ស្តួចស្តើងសម្រាប់រូបនាងក៏ដោយ ។

រីឯរឿងមួយនេះវិញ ពិតជាគួរឱ្យខ្លោចផ្សារក្នុងចិត្តណាស់ ដែលតារាសម្តែង ពេជ្រ អាវីហ្សាហៅ ម៉ី ក៏បានធ្វើឲ្យកក្រើកអស់មហាជន ក្រោយពីនាងរងនូវអំពើហិង្សាយ៉ាងព្រៃផ្សៃពីអតីតសង្សារ រហូតបែកមុខមាត់ និងបន្សល់ស្នាមរបួសស្ទើរពេញរាងកាយ។ ករណីរបស់តារាសម្តែងរូបនេះទទួលបានការឈឺឆ្អាលច្រើនគួរអោយកត់សម្គាល់ បើទោះបីជានាងមិនហ៊ានតតាំងផ្នែកផ្លូវច្បាប់ ជាមួយនឹងអតីតគូស្នេហ៍ដែលគេដឹងថា ធ្លាប់អាងលុយកាក់ និងអំណាចបងថ្លៃ មានងារជាអ្នកឧកញ៉ាល្បីឈ្មោះនោះក៏ដោយ។
តែទោះជាយ៉ាងណាលទ្ធផលចុងក្រោយអតីតសង្សារនាងឈ្មោះគៀង ហេង ហៅហ៊ាហេង(ឈ្មោះក្នុងហ្វេសប៊ុក) ត្រូវបានចៅក្រមស៊ើបសួរសាលាខេត្តព្រះសីហនុ បានសម្រេចឃាត់ និងឃុំខ្លួនបណ្តោះអាសន្ន ហើយដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌ។ ប៉ុន្តែបើតាមប្រភពមិនច្បាស់ការណ៍បានបង្ហើបអោយដឹងថា ប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព កំពុងតែរត់ការអោយនៅក្រៅឃុំហើយ ខណៈមិនទាន់ដឹងថា តុលាការកាត់ទោសទៅតាមផ្លូវច្បាប់កម្រិតណានៅឡើយទេ។

ងាកមកករណីយុត្តិធម៌ដូចជើងមេឃមួយទៀត កញ្ញា វ៉ាន់ នីឡា ដែលជាតារាចម្រៀង នាងបានជួបរឿងអាស្រូវដោយមានជនទម្លាយរូបអាក្រាតកាយកាលពីអំឡុងខែមិថុនា ឆ្នាំនេះ ។ រូបថតទាំងនោះត្រូវកញ្ញាទទួលស្គាល់ថា គឺជារូបពិតដោយសារតែមុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញាគឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាងដើម្បីបង្ហោះរូបថតអាក្រាត។ បណ្តឹងរបស់តារាស្រីរូបនេះត្រូវបានទៅដល់ដៃតុលាការជាមួយនឹងការចេញមុខជួយគាំទ្រច្រើន ពីបណ្តាសមាគមសិល្បៈនានាផងដែរ។ តារាចម្រៀង រូបនេះកំពុងរង់ចាំស្តាប់ ពីមេធាវីដែល ចៅក្រមហៅជនសង្ស័យឲ្យចូលទៅតុលា ការក្រោយពីមិនបានចូលខ្លួន៤ដងមក ខណៈដែលលោក គុយ សិទ្ធិស័ក្ត ជាកូន ប្រុសឧត្តមសេនីយ៍ផ្កាយ៣ ។

តុលាការបើកការស៊ើបអង្កេតនិងបានសម្រេចចោទ ប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ ចំនួនពីរករណីដែល ករណីទីមួយគឺការបង្ហោះរូបអាក្រាត និងករណីទី២ការប្រើហិង្សាដោយចេតនារួចមក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះត្រូវបានតុលាការចេញដីកាកោះហៅ ឲ្យចូលខ្លួនបំភ្លឺជាថ្មី ខណៈកន្លងមកជន សង្ស័យរូបនេះបានបន្តគេចខ្លួនមិនចូលប៉ភ្លឺចំនួន៤លើករួចមកហើយ ។

តាមរយៈរឿងរបស់តារាទាំង៣រូបនេះមិនមែនមានន័យថា នៅប្រទេសកម្ពុជាគ្មានយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយនោះទេ វាគ្រាន់តែ «យុត្តិធម៌» វាស្ថិតនៅឆ្ងាយដូចជើងមេឃ តែប៉ុណ្ណោះ ៕