អ្នកប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គឺលោក ស្រី ចំរើន បានស្នើឲ្យសមត្ថកិច្ចចាប់ខ្លួនលោក ផែ សុវណ្ណារិទ្ឋ ដែលគេដឹងថាជាមនុស្សគំាទ្រគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី ផែ សុវណ្ណារិទ្ឋ បានត្រូវលោក ស្រី ចំរើន ចោទថាជាអ្នកទម្លាយព័តមានស្តីពីការសន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាង ធី សុវណ្ណថា ប្រធានអង្គការយុវជន កិច្ចការសង្គម និងជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ ។

នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) លោកស្រី ចំរើន បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះថា «ខ្ញុំ សូមស្នើសុំប៉ូលីសសម្តកិច្ចចាប់ខ្លួន ផែ សុវណ្ណរិទ្ធ ពីបទទំលាយឯកសារឯកជនរវាងធី សុវណ្ណថា និង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន » ។

សូមបញ្ជាក់ថា នៅចុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ផែ សុវណ្ណារិទ្ឋ នៅបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បានទម្លាយកិច្ចសន្ទនាតាមបណ្ដាញសង្គម Line រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាង ធី សុវណ្ណថា ដោយនៅក្នុងការសន្ទនានោះ លោក ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៦០ម៉ឺនដុល្លារ ទៅកញ្ញា ធី សុវណ្ណថា ដែលជាផ្នែកមួយនៃការរៀបចំផែនការបំបែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។

ក្នុងសារសន្ទនាដ៏វែងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅទទួលប្រាក់ចំនួន ២០ម៉ឺន ដុល្លារ ពីលោក ហូ សុធី សម្រាប់ទិញសម្ភារៈ Facebook។

ក្នុងសារសន្ទនាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅកញ្ញា ធី សុវណ្ណថា បន្ថែមទៀតថា ប្រសិនបើ ចៅ ត្រូវ ការទុនទុកក្នុងហើយ តានឹងបញ្ជូនបន្ថែម ៦០ម៉ឺនដុល្លារទៀត។

កញ្ញ ធី សុវណ្ណថា បានឆ្លើយតបទៅវិញថា រូបគេបានទទួលប្រាក់ ៥០ម៉ឺនដុល្លាររួចរាល់ហើយ ដោយប្រាក់ ៣០ម៉ឺនដុល្លារ ដាក់ក្នុងធនាគារ៣ និង២០ម៉ឺនដុល្លារទៀតរក្សាទុកក្នុងទូដែកសម្រាប់ទុកប្រើបន្ទាន់ រៀបចំកាមេរ៉ាសុវត្ថិភាព ទ្វារសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។

ទាក់ទងទៅនឹងកិច្ចសន្ទនារវាងលោក ហ៊ុន សែន និង ធី សុវណ្ណថា នេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជារឿងពិត ឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ ។

យ៉ាងណាក៍ដោយ ពាក់ព័ន្ឋនឹងសំណើរបស់លោក ស្រី ចំរើន ដែលគេស្គាល់ថាជាមនុស្សស្និទ្ឋនឹង នាង ធី សុវណ្ណថា ដែលស្នើឲ្យមានការចាប់ខ្លួន លោក ផែ សុវណ្ណារិទ្ឋ ខាងលើនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬសុំការបញ្ជាក់បន្ថែមបានទេពីលោក ស្រី ចំរើន និង លោក ផែ សុវណ្ណារិទ្ឋផ្ទាល់ ក៍ដូចជាអ្នកនំាពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០១ ខែធ្នូនេះ ៕