កីឡាករជម្រើសជាតិប៉េតង់(ប៊ូល)កម្ពុជា លោក សុខ ចាន់មាន បានឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីផ្តួលកីឡាករជើងខ្លំាងរបស់បារំាង Le Boursicaud Bruno ក្នុងពិន្ទុ ៣៦ទល់នឹង២៩ នៅព្រឹត្តិការណ៍ដណ្តើមជើងឯកប៉េតង់ពិភពលោក (Championnat du Monde de Petanque) លើកទី៤៧ រៀបចំឡើងនៅទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ។

កីឡាករ សុខ ចាន់មាន បានចូលរួមប្រកួតប្រជែងលើវិញ្ញាសាវាយយកពិន្ទុជាមួយកីឡាករ៤៧នាក់ផ្សេងទៀត មកពីប្រទេសនានាលើពិភពលោក។

នាការប្រកួតជម្រុះបឋម ចាន់មាន រកបាន៣៨ពិន្ទុ ទទួលបានចំណាត់ថ្នាក់លេខ១១។ ក្នុងការប្រកួតវគ្គ Repechage ចាន់មានរកបាន៥២ពិន្ទុ បន្ថែមទៀត ដោយសរុបទាំងវគ្គជម្រុះមាន៩០ពិន្ទុ។ កីឡាករកម្ពុជារូបនេះ បានចំណាត់ថ្នាក់លេខ៣ក្នុងចំណោមកីឡាករ១៧នាក់។

ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ សុខ ចាន់មាន បានយកឈ្នះពិន្ទុកីឡាករ Khodabaccus Parvez នៃកោះ Ile Maurice ក្នុងលទ្ធផល ៣៣-២៦ ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាន់មាន បានបន្តយកឈ្នះកីឡាករថៃ Sangkaev Thanaborn ៣៣-២៥ ។

នៅជំនួបដណ្តើមមេដាយមាស ចាន់មាន បានបំបាក់កីឡាករជើងខ្លាំងបារាំង Le Boursicaud Bruno ក្នុងលទ្ធផល ៣៦-២៩។ ចាន់មានបានមេដាយមាសលើវិញ្ញាសាវាយពិន្ទុ កីឡាករបារាំង Le Boursicaud Bruno បានមេដាយប្រាក់ ខណៈកីឡាករថៃ Sangkaew Thanoborn និងកីឡាករអ៊ីតាលី Rizzi Diego បានមេដាយសំរឹទ្ធ៕

Comments

comments