កីឡាករប្រដាល់សេរីក្បាច់គុនខ្មែរ ពុទ្ឋ ផនកុសល នៃក្លឹបពុទ្ឋសេរីវង្សព្រែកតាទែន បានភ្លាត់ស្នៀតត្រូវកីឡាករ លឿង រ៉ា វាយកែងបណ្តាលឲ្យរងរបួសបែកចិញ្ចើមដេរ១១ថ្នេរ និងបាក់ក្តោងច្រមុះដល់ខាងក្នុង ត្រូវបានគ្រូពេទ្យសហព័ន្ឋកីឡាប្រដាល់កម្ពុជា បញ្ជូនទៅសង្រ្គោះនិងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការប្រកួតនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
កីឡាករប្រដាល់សេរីក្បាច់គុនខ្មែរ ពុទ្ឋ ផនកុសល មានឈ្មោះដើម យីវ កុសល អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅភូមិថ្មី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិម័ល សង្កាត់-ខណ្ឌដង្កោ មានប្រពន្ឋជាកម្មការិនីកាត់ដេរនិងមានកូនស្រីអាយុ២ឆ្នាំ ។ កន្លងមកកីឡាកររូបនេះ ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ខ្សែក្រវ៉ាត់ស្របៀរលីអូ រដូវកាលទី១ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ។

ក្រៅពីអាជីពជាអ្នកប្រដាល់សេរី ពេលទំនេរពីឡើងសង្វៀនប្រកួតដើម្បីរកប្រាក់ចិញ្ចឹម កូន កីឡាករ ពុទ្ធ ផនកុសល បានទៅធ្វើជាកម្មករ លីម្សៅមី នៅក្រុមហ៊ុនផលិត មីម៉ាម៉ា នៅចំការដូង ខណ្ឌដង្កោ ដោយលីម្សៅមី ១ តោនកន្លះ ទទួលបានប្រាក់ ៨.០០០ រៀល។

ដោយសារតែជួបគ្រោះថ្នាក់នៅពេលប្រកួតរហូតរងរបួស ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអត់ប្រាក់សម្រាប់ព្យាបាល និងហូបចុកប្រចាំថ្ងៃ កីឡាករ ពុទ្ធ ផនកុសល អំពាវនាវដល់សប្បុរសជនទាំងអស់ ជាពិសេសលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មេត្តាជួយឧបត្ថម្ភដល់រូបគាត់ផង។

សប្បុរសជន អាចទំនាក់ទំនងផ្ទាល់ តាមរយៈលេខទូរស័ព្ទផ្ទាល់ខ្លួន លេខ ០៩៧ ២០ ១២ ៤០៦ , ០១៦ ៤៦០ ៤៣០ ៕

Comments

comments