លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញរកទីតំាងថ្មីដើម្បីប្តូរទីលានប្រជាធិបតេយ្យដែលបច្ចុប្បន្នស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចំាកម្ពុជា ក្នុងខណ្ឌដូនពេញ ។

នៅក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និង ទិវាជនពិការអន្តរជាតិលើកទី៣៤ ដែលបា្ររព្ឋធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ លោក ហ៊ុន សែន បានលើកឡើងថា តំបន់ទីលានប្រជាធិបតេយ្យចាស់នេះ បានបង្កការរំខានទៅដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅទស្សនាកម្សាន្តនៅបូជនីយដ្ឋានវត្តភ្នំ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយ ។

បើតាមបុរសខ្លំាង ហ៊ុន សែន ទីលានប្រជាធិបតេយ្យ បើទោះបីផ្លាស់ប្តូរទៅទីតាំងផ្សេង ក៏មិនប៉ះពាល់ដល់ដំណើរការ នៃការសម្តែងមតិ ឬ តវ៉ានោះទេ ព្រោះការតវ៉ាមិនមែនសម្រាប់ឲ្យប្រជាពលរដ្ឋទៅឈរមើលនោះទេ គឺប្រជាពលរដ្ឋអាចមើលតាមបណ្តាញព័ត៌មាន ឬ បណ្តាញសង្គម Facebook ជាដើមក៍បាន ហើយថាទីលានប្រជាធិបតេយ្យចាស់ នឹងយកទៅធ្វើជាសួនច្បារ សម្រាប់ប្រជាពលរដ្ឋលំហែកាយ ហើយឲ្យយកមួយចំណែកធ្វើជាកន្លែងសម្រាប់ក្រុមជនពិការប្រគំតន្ត្រីរកថវិកាផងដែរ។

ចំណែកអ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានឲ្យដឹងដែរថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានសំឡឹងរកឃើញទីតាំងថ្មីសម្រាប់ធ្វើទីលានប្រជាធិបតេយ្យនេះហើយ គឺស្ថិតនៅលើសួនច្បារគីឡូម៉ែត្រលេខ៦ សូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

បើតាមលោក មាន ច័ន្ទយ៉ាដា សំណើយកសួនច្បារគីឡូម៉ែត្រលេខ៦សូគីម៉ិច សម្រាប់ធ្វើជាទីលានប្រជាធិបតេយ្យថ្មីនេះ សាលារាជធានីភ្នំពេញ បានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃរួចហើយ តែមិនទាន់ទទួលបានការសម្រេចនៅឡើយទេ៕