នេះជាសំណួរដែលប្រជាពលរដ្ឋចូលចិត្តតាមដានរឿងនយោបាយនិងសង្គមបានចោទសួរគ្នាទៅវិញទៅមកនៅតាមហាងគុយទាវ កាហ្វេ ទីប្រជុំជនសាធារណៈ បន្ទប់ការិយាល័យទំាងឯកជននិងរដ្ឋឬ ក៍អ្នកខ្លះទូរស័ព្ទសួរគ្នាចំពោះការបាត់មុខ ឬសំឡេង អតីតសកម្មជនគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជានាយិកាអង្គការយុវជនកិច្ចការសង្គម នាង ធី សុវណ្ណថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ ឬ ពន្យល់បំភ្លឺបានទេពីនាង ធី សុវណ្ណថា ចំពោះប្រជាពលរដ្ឋនិងអ្នកតាមដាននយោបាយក៍ដូចជាកិច្ចសង្គមមួយចំនួនបានចោទសួរគ្នាខាងលើនេះ ។

ចំណែកនៅអាក់ខោនហ្វេសប៊ុករបស់ ធី សុវណ្ណថានោះវិញ ក៍ពុំឃើញមានការបង្ហោះពីបច្ចុប្បន្នភាពស្តីពីសកម្មភាពនានារបស់អតីតសកម្មជនបក្សប្រឆំាងរូបនេះផងដែរ ។

ការបាត់មុខនិងសកម្មភាពនានារបស់ ធី សុវណ្ណថា នាពេលនេះ បានកើតឡើងបន្ទាប់ពី ធី សុវណ្ណថា បានបង្ហោះរូបភាពហ្វឹកហាត់បាញ់កំាភ្លើងខ្លីនិងបានសរសេរសារព្រមានលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិដោយបញ្ជាក់ថា«មានតែពីរបីទេ ។ កឹម សុខា សូមប្រយ័ត្ន»នោះរួចមក ។ ជាងនេះទៀត ការបាត់មុខតាមវេទិកាសាធារណៈរៀបចំដោយអង្គការយុវជនកិច្ចសង្គមរបស់នាង ក៍កើតឡើងបន្ទាប់ពីលោក ផែ សុវណ្ណារិទ្ឋដែលគេស្គាល់ថា ជាមនុស្សស្ថិតនៅក្នុងក្រុមរបស់ ធី សុវណ្ណថាផងដែរ បានបញ្ចេញព័ត៌មានតាមបណ្ដាញសង្គម Line រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាង ធី សុវណ្ណថា ដោយនៅក្នុងការសន្ទនានោះ លោក ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៦០ម៉ឺនដុល្លារ ទៅកញ្ញា ធី សុវណ្ណថា ដែលជាផ្នែកមួយនៃការរៀបចំផែនការបំបែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។

ក្នុងសារសន្ទនាដ៏វែងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅទទួលប្រាក់ចំនួន ២០ម៉ឺន ដុល្លារ ពីលោក ហូ សុធី សម្រាប់ទិញសម្ភារៈ Facebook។

ក្នុងសារសន្ទនាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅកញ្ញា ធី សុវណ្ណថា បន្ថែមទៀតថា ប្រសិនបើ ចៅ ត្រូវ ការទុនទុកក្នុងហើយ តានឹងបញ្ជូនបន្ថែម ៦០ម៉ឺនដុល្លារទៀត។

កញ្ញ ធី សុវណ្ណថា បានឆ្លើយតបទៅវិញថា រូបគេបានទទួលប្រាក់ ៥០ម៉ឺនដុល្លាររួចរាល់ហើយ ដោយប្រាក់ ៣០ម៉ឺនដុល្លារ ដាក់ក្នុងធនាគារ៣ និង២០ម៉ឺនដុល្លារទៀតរក្សាទុកក្នុងទូដែកសម្រាប់ទុកប្រើបន្ទាន់ រៀបចំកាមេរ៉ាសុវត្ថិភាព ទ្វារសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។

ក្រោយមក អ្នកប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គឺលោក ស្រី ចំរើន បានស្នើឲ្យសមត្ថកិច្ចចាប់ខ្លួនលោក ផែ សុវណ្ណារិទ្ឋ ដែលគេដឹងថាជាមនុស្សគំាទ្រគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី ផែ សុវណ្ណារិទ្ឋ បានត្រូវលោក ស្រី ចំរើន ចោទថាជាអ្នកទម្លាយព័តមានស្តីពីការសន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាង ធី សុវណ្ណថា។

នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) លោកស្រី ចំរើន បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះថា «ខ្ញុំ សូមស្នើសុំប៉ូលីសសម្តកិច្ចចាប់ខ្លួន ផែ សុវណ្ណរិទ្ធ ពីបទទំលាយឯកសារឯកជនរវាងធី សុវណ្ណថា និង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន » ។

រង់ចំាតាមដានជាមួយ«អង្រុត»បន្តទៀត ថាតើអ្នកបម្រើឲ្យអ្នកនយោបាយរូបនេះនឹងបញ្ចេញមុខជាសាធារណៈ ឬ សំឡេងនៅពេលណានិងនៅទីណា ? ៕